ភ្នំពេញ ៖ បុគ្គលម្នាក់ បានប្រកាសតាមបណ្តាញសង្គម អះអាងខ្លួនជាអនុជ (ប្អូន) របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រសួងព្រះបរមរាជវាំង ច្រានចោល និងបានស្នើស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គលនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបដិ សេធចំពោះបុគ្គលជាម្ចាស់គណនី Tik Tok ឈ្មោះ «នរោត្តម សូរិយាវង្ស និងស៊ីសុវត្ថិ សីណាក់វង្ស» ដែលបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ហើយប្រកាសអះអាងខ្លួនជាអនុជរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្រសួងព្រះបរមរាជវាំង បញ្ជាក់ថា បុគ្គលខាងលើ មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សដែលទទួលស្គាល់ដោយព្រះបរមរាជវាំងឡើយ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជបង្កើត តែមួយព្រះអង្គគត់ គឺសម្តេចនរោត្តម នរិន្ទ្រពង្ស ដែលបានយាងចូលទិវង្គត តាំងពីឆ្នាំ២០០៣ មកម៉្លេះ ។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា ក្រសួងព្រះបរមរាជវាំង សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែវេបសាយ (website) ចំនួន ២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ គឺ ៖
១- www.norodomsihamoni.org/ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
២-www.norodomsihanouk.info/ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ក្រៅពីវេបសាយ (website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំងឡើយ ។
ជាមួយនេះ ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានបុគ្គលម្នាក់ ប្រើគណនីទិកតុក ឈ្មោះ «នរោត្តម សូរិយាវង្ស និងស៊ីសុវត្ថិ សីណាក់វង្ស» បានអះអាងខ្លួនជាអនុជរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបុគ្គលនេះ បានប្រកាសគាំទ្រពួកប្រឆាំងដែលធ្វើបាតុកម្មប្រឆាំងនឹងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ទៀតផង ៕