ភ្នំពេញ៖នៅឆ្នាំរោងនេះ មានតារាជាច្រើនបានដាក់ផែនការណ៍យកកូនក្នុងនោះមានដូចជាហ៊ិន ច័ន្ទនីរ័ត្ន ,លី ម៉ារីណា ,សុគន្ធ និសា និងនៅ សុនិតា ជាដើម ប៉ុន្ដែលទ្ធផលនៅសូន្យ ។យ៉ាងណាមានតារា២ដួងបានពពោះព្រមគ្នានៅចុងឆ្នាំ២០២៤ នេះនោះគឺសួស វីសា និងសារ៉ាយ សក្ខណា ដែលធ្វើឲ្យពួកគេប្រឈមបាត់មុខពីអាជីពសិល្បៈយ៉ាងតិចក៍១ឆ្នាំ ដែរ ។
១៖សួស វីសាៈតារាហង្សមាសរូបនេះមានកូនស្រី១ អាយុជិត៤ឆ្នាំហើយ ទើបថ្មីៗនេះនាងប្រកាសថាកំពុងពពោះកូនទី២ តែអត់ទាន់ប្រាប់ថាជាកូនស្រី ឬប្រុសឡើយ ។វីសា នៅបន្ដការងារសិល្បៈ និងលក់អ៊ឺវ៉ាន់តាមOnline ធម្មតា ព្រោះផ្ទៃពោះមិនទាន់រីកធំ ប៉ុន្ដែពេលកូនគម្រប់៦ខែ នាងនឹងផ្អាកការងារសិល្បៈទាំងឡាយដូចកាលពពោះកូនទី១ជាមិនខានដែលលែងឡើងឆាកដល់ទៅ១ឆ្នាំឯណ្ណោះ ។វីសា គ្រាន់តែពិនិត្យដឹងថាខ្លួនមានផ្ទៃពោះនាងថាកូនស្រីក៍បាន ប្រុសក៍បានគឺនាងចាត់ទុកថាជាកូនពេជ្រ ដូចគ្នា ខណៈដែលលោកថមមី ដែលចូលចិត្តតែតែងខ្លួនជាស្រី្ដភេទ និងភេទទី៣ ដើម្បីទាក់ទាញការលក់អ៊ឺវ៉ាន់តាមOnline នោះញញឹមបិទមាត់មិនជិតឡើយ នៅពេលដែលដឹងថាលោកក្លាយទៅជាឪពុកគេពីរនាក់ ហើយភរិយានឹងសម្រាលកូនទី២នៅអំឡុងដើមឆ្នាំ២០២៥ ខាងមុខ។
គួររំលឹកថាសួស វីសា បានរៀបការជាមួយលោកថមមី កាលពីថ្ងៃទី៧ខែមិថុនា ឆ្នាំ២០១៩ និងសម្រាលកូនស្រីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថាថង សាម៉ូលីណា ហៅJeny ។វីសា លែងសូវលេចធ្លោដូចមុនហើយ បន្ទាប់ពីមានស្វាមីនិងកូន១ ពោលគឺនៅទ្រឹងតែម្ដង ប៉ុន្ដែពេលនេះនាងមានជីវភាពធូធារស់នៅផ្ទះវីឡារប្រណិត និងជិះរថយន្ដ ទំនើបៗដូចជាLexus Lx570 ,Bmw ,Alphard ,Lexus Nx200t និងMazda ។ប្រភពបានឲ្យដឹងថាវីសា ផ្ដោតលើការរកស៊ីច្រើនជាងចម្រៀង ហើយទោះជាថៅកែហង្សមាសប្រគល់តំណែងថ្មីឲ្យនាងធ្វើជាគណៈកម្មការBeat The Best 2024 មែន តែបើអាជីពចម្រៀងនាងនៅតែបន្ដនៅទ្រឹងបែបនេះគេជឿរថានាងក៍ជាមុខសញ្ញាដើរចេញពីហង្សមាសបន្ទាប់ពីរ៉េត ស៊ូហ្សាណា ដែរ ។
២៖សារ៉ាយ សក្ខណាៈតារាកូនស្រអែមស្រស់រូបនេះមានផ្ទៃពោះកូនទី៣ជាង៦ខែ ទៅហើយ នឹងត្រៀមសម្រាលនៅខែ១១ ខាងមុខនេះ។សក្ខណា បានផ្អាកការងារសិល្បៈទាំងស្រុងព្រោះផ្ទៃពោះកាន់តែរីកធំ តែនាងថានឹងសម្រាលកូនប្រុសនៅស្រុកខ្មែរពោលគឺមិនទៅសម្រាលនៅអាមេរិកដូចកូនទី១ និងទី២ឡើយ ។តែសក្ខណា ថានាងគ្មានគម្រោងយកកូនទី៤នោះទេ គឺកូន៣នាក់(ស្រី១)គ្រប់គ្រាន់ បើទោះជានាងធ្លាប់និយាយថាចង់បានកូនភ្លោះព្រោះកុំឲ្យពិបាកសម្រាលច្រើនដង ហើយពេលនេះបានតែ១ក្ដី តែនាងរីករាយនឹងទទួលយក។
សារ៉ាយ សក្ខណា បានរៀបការកាលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០១៣ ជាមួយលោកប៊ុន កែវមេត្រី ដែលជាអាណិកជនខ្មែរមកពីអាមេរិក មុខរបរជាមេធាវី ហើយសក្ខណ បានចេញទៅរស់នៅអាមេរិកតាមប្ដីតាំងពីក្រោយរៀបការភ្លាមៗម្លេះ ។ ប៉ុន្ដែជាង១ឆ្នាំចុងក្រោយនេះនាងនាំប្ដីនិងកូនទាំងពីរមករស់នៅខ្មែរដើម្បីឲ្យកូនៗបានរៀនភាសារខ្មែរ ខណៈដែលស្វាមីនាងចុះឡើងៗពីខ្មែរទៅអាមេរិក ព្រោះមានហាងគ្លីនិក១នៅម្ដុំទួលគោក ដំណើរការជាច្រើនឆ្នាំ ។សក្ខណា ដើរផ្លូវដូចគ្នាទៅនិងសុគន្ធ និសា ដែរពោលគឺជ្រើសគូស្នេហ៍ជាអាណិកជនខ្មែរនៅអាមេរិក ហើយពួកគេនៅតែបន្ដអាជីពសិល្បៈ ដោយឲ្យស្វាមីមករស់នៅខ្មែរតាមពួកគេវិញ។
គួរបញ្ជាក់ថាទាំងសួស វីសា និងសារ៉ាយ សក្ខណា នៅតែចាប់អាជីពសិល្បៈដូចគ្នា បន្ទាប់ពីមានស្វាមីនិងកូនរៀងៗខ្លួននេះ តែមិនខុសពីតារាផ្សេងៗទៀតឡើយ ពោលគឺពួកគេលែងសូវល្បីល្បាញដូចកាលនៅលីវទៀតហើយ ព្រោះ”រលកក្រោយ ច្រានរលកមុន “។ប៉ុន្ដែអ្វីដែលគួរឲ្យសរសើរស្វាមីតារាទាំង២ពូកែថ្នមប្រពន្ធដូចគ្នា និងមិនធ្លាប់ប្រចណ្ឌភរិយាពេលថតស្និតស្នាលជាមួយតារាប្រុសផ្សេងឡើយ ។ទស្សនិករងចាំមើលថាក្រោយវីសា សម្រាលកូនទី២នាងនៅច្រៀងឲ្យហង្សមាសទៀត ឬបាយបាយ ខណៈដែលសារ៉ាយ សក្ខណា អាចនឹងត្រូវអ្នកដឹកនាំរឿងតម្រូវជាតួម្ដាយច្រើនជាងមុន ៕