Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមការជី.../ករ៉ែត្បូងអនាធិ.../បតេយ្យ កក្រើកជាថ្មី

ការជី…/ករ៉ែត្បូងអនាធិ…/បតេយ្យ កក្រើកជាថ្មី

ខេត្តរតនគិរី ៖ សកម្មភាពលួចធ្វើអាជីវកម្មជីករ៉ែត្បូង ដោយខុសច្បាប់ បានចាប់ផ្តើមកក្រើកឡើងជាថ្មី យ៉ាងអនាធិបតេយ្យ ជាច្រើនទីតាំង នៅក្នុងភូមិសាស្ត្រស្រុកបរកែវ ខេត្តរតនគិរី ដោយមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាបនៅឡើយ។

 តាមប្រភពមន្ត្រីថ្នាក់មូលដ្ឋានម្នាក់ បានឱ្យដឹងថា មានក្រុមកុងសែត្បូង ជាច្រើននាក់ បានប្រកបរបរជីករ៉ែត្បូង ធ្វើអាជីវកម្មបែបអនាធិបតេយ្យ ដោយប្រើប្រាស់កម្លាំងប្រជាពលរដ្ឋជាអ្នកចុះជីកកកាយដីយករ៉ែត្បូង ពីក្នុងរណ្តៅជ្រៅៗ រាប់សិបម៉ែត្រ ទាំងប្រថុយប្រថាននឹងគ្រោះថ្នាក់ដល់អាយុជីវិតបំផុត ដើម្បីតែរកត្បូងលក់ឱ្យខ្លួន។

ប្រភពបង្ហើបថា ថ្មីៗនេះ គេសង្កេតឃើញមានមនុស្សជាច្រើននាក់ កំពុងធ្វើសកម្មភាពនោះនៅក្នុងបរិវេណដីចម្ការកៅស៊ូ មួយកន្លែង ស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ហើយមានកម្មករជាច្រើននាក់បានបោះតង់ រួចធ្វើសកម្មភាពជីករណ្តៅដីយ៉ាងជ្រៅ ដោយសម្អាងថា ម្ចាស់ចម្ការនោះ ឱ្យជីករករ៉ែត្បូង ហើយបើបានត្បូង ត្រូវលក់ឱ្យគាត់ជាម្ចាស់ចម្ការ តែបើអត់បានទេគាត់ជាអ្នកចេញថ្លៃបាយទឹកឱ្យ។

ដោយឡែក នៅទីតាំងមួយកន្លែងទៀត ស្ថិតនៅភូមិ១ ទីតាំងស្រុកបរកែវចាស់ ឃុំឡាម៉ិញ ស្រុកបរកែវ ក្នុងចម្ការកៅស៊ូដូចគ្នា ក៏មានកម្មកររាប់សិបនាក់ ដែលកំពុងធ្វើសកម្មភាពជីករ៉ែត្បូងដែរ មើលទៅហាក់បីដូចមិនខ្វល់រឿងខុសច្បាប់សោះឡើយដោយពួកគេសម្អាងថា មាន ថៅកែឈ្មោះផល និងឈ្មោះសី ដែលជាកុងសែដ៏មានឥទ្ធិពលចាំទិញត្បូង និងជាអ្នកជួយសម្រួលជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរួចរាល់អស់ហើយ។ ចំណែកទីតាំងមួយកន្លែងទៀតស្ថិតនៅភូមិកបត្រុំ ឃុំទីងចាក់ ស្រុកបរកែវ ក៏កំពុងធ្វើសកម្មភាពជីករ៉ែត្បូងយ៉ាង គគ្រឹកគគ្រេងដែរ គឺគេប្រើម៉ាស៊ីន ៥ ទៅ៦គ្រឿង ជាមធ្យោបាយបូមទឹក បាញ់ដីលាងត្បូង ម៉ាស៊ីនប្រើប្រាស់នៅទីនោះ អ្នកភូមិថា ជារបស់ប្អូនកុងសែធំម្នាក់ នៅទីរួមខេត្តរតនគិរី ។

ជុំវិញករណីនេះ លោកកង សារឿន អភិបាលស្រុកបរកែវ បានប្រាប់ក្រុមអ្នកយកព័ត៌មាន ថា សកម្មភាពជីករ៉ែត្បូង នៅទីតាំងខាងលើ គឺជាការលួចធ្វើដោយខុសច្បាប់ ហើយលោកបានបញ្ជាក់ថា កន្លងមកនៅក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពស្រុក លោកតែងតែលើកពីករណីនោះដែរ និងដាក់វិធានការយ៉ាងតឹងរ៉ឹងផងដែរ ឱ្យសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យនិងអប់រំណែនាំកុំឱ្យប្រជាពលរដ្ឋ ប្រកបរបរជីកត្បូងបន្តទៀត ព្រោះគ្រោះថ្នាក់ណាស់។ ប៉ុន្តែការឆ្លៀតឱកាសលួចលាក់នៅតែបន្តមានដដែល៕

RELATED ARTICLES