Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនចេញពីហាង ចោរឆក់កាបូប

ចិនចេញពីហាង ចោរឆក់កាបូប

ភ្នំពេញ ៖ បុរសជាជនជាតិចិន ម្នាក់ ទើបនឹងចេញពីហូបចុកនៅក្នុងហាងមួយកន្លែង ស្រាប់តែត្រូវជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចក៏គេចខ្លួនបាត់ ហើយភ្លាមនោះ មានបុរស២នាក់ ធ្វើជាជួយដេញតាម តែតាមពិតគឺជាបក្ខពួកចាំបិទគូទសោះ។

ករណីឆក់កាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្សាររតនាផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនម្នាក់ ទើបនឹងចេញពីហូបអីនៅជិតកន្លែងកើតហេតុ បន្ទាប់មកស្រាប់តែឃើញជនសង្ស័យ ម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបជនជាតិចិននោះ បានសម្រេច ហើយជិះម៉ូតូគេច ខ្លួនបាត់។ ចំណែកជនសង្ស័យ ២នាក់ទៀត ជាអ្នកបិទគូទពីក្រោយ ធ្វើជាដេញជនសង្ស័យ រួចក៏នាំគ្នាគេចបាត់អស់ដោយសវុត្ថិភាព។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានចុះមកដល់ចំណុចកើតហេតុភ្លាមៗ និងបានសាកសួរជនរងគ្រោះ ត្រូវបានអ្នកបកប្រែភាសាចិន បញ្ជាក់ប្រាប់ថា នៅក្នុងកាបូបដែលជនសង្ស័យឆក់យកទៅនោះ មានលុយចំនួន១០០ដុល្លារ រួមនិងឯកសារមួយចំនួន ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានឱ្យជនជាតិចិន ខាងលើ ជិះម៉ូតូកង់បីជាមួយអ្នកបកប្រែភាសាចិន ទៅដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខសញ្ញា និងតាមចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES