Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆ្កឹះ.../សោបន្ទ.../ប់ជួល លួ.../ចម៉ូតូ២គ្រឿង ជាប់.../ខ្នោះ៣

ឆ្កឹះ…/សោបន្ទ…/ប់ជួល លួ…/ចម៉ូតូ២គ្រឿង ជាប់…/ខ្នោះ៣

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួល ចូលទៅលួចម៉ូតូ ចំនួន២គ្រឿង បានសម្រេច រួចព្យាយាមរត់គេចខ្លួន បាន១ថ្ងៃ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវក្របួចជាប់ ចំនួន៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆ្កឹះសោទ្វារផ្ទះ លួចម៉ូតូចំនួន២គ្រឿងនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចបន្ទប់ផ្ទះជួល១កន្លែង តាមបណ្តោយផ្លូវ១០០៣ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លុះមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញស្រា វជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះចាន់ សុភ័ក្ត្រ ហៅវិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងអេតចាយក្នុងដីឡូត៍ទុកចោលមួយកន្លែងតាមផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី២-ឈ្មោះហេង សុខា ហៅពុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងទី៣-ឈ្មោះឈូ វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤  មានករណីលួចមានស្ថានទម្ងន់ទោស (ឆ្កឹះសោទ្វារផ្ទះ) បានកើតឡើងនៅត្រង់ចំណុចបន្ទប់ផ្ទះជួល ១កន្លែង តាមបណ្តោយផ្លូវ១០០៣ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ដោយមានជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆ្កឹះសោទ្វារផ្ទះ) លួចម៉ូតូ ចំនួន២គ្រឿង ដោយ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1U-6906 ជាកម្មសិទ្ធិរបស់ឈ្មោះគង់ បញ្ញា ភេទស្រី ជានិស្សិត និង១គ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1CD-3792 ជាកម្មសិទ្ធិរបស់ឈ្មោះថៃ ស្ថេរ៉ា ភេទស្រី អាយុ២៩ឆ្នាំ ជានិស្សិត។

ប្រភពដដែល បន្តថា បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់និស្សិតស្រីទាំង២នាក់ខាងលើបានសម្រេច ជន សង្ស័យបានគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ ក៏បានសហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ (១-ឈ្មោះចាន់ សុភ័ក្ត្រ ហៅវិត ២-ឈ្មោះហេង សុខា ហៅពុង ៣-ឈ្មោះឈូ វុទ្ធី) កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ ព្រមទាំងដកហូតម៉ូតូដែលជិះធ្វើសកម្មភាព ១គ្រឿង។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES