ភ្នំពេញ ៖ ដើមឈើមួយដើម ខណៈដែលមានភ្លៀងលាយខ្យល់កន្ត្រាក់ បានបាក់រលំរសង្កត់លើរថយន្តទំនើប ចំនួន៣គ្រឿង កំពុងឈប់ចត បណ្តាលឱ្យរងខូចខាតយ៉ាងដំណំ។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ ptt តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ស្ថិតក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តទាំង៣គ្រឿង ដែលរងការខូចខាត រួមមាន ទី១-ម៉ាក Toyota ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-7232។ ទី២-ម៉ាក Toyota ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-3100 និងទី៣- ម៉ាក Toyota ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BZ-5175។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទាំង ៣គ្រឿង បានបើកមកឈប់ចតនៅក្នុងស្ថានីយប្រេង ptt ត្រង់ចំណុចកើតហេតុខាងលើ លុះមកដល់វេលាម៉ោងកើតហេតុ មានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ផង ស្រាប់តែរំពេចនាះ ក៏ធ្វើឱ្យដើមឈើ ១ដើម បានបាក់រលំសង្កត់លើរថយន្តទំនើបទាំង៣គ្រឿង ទាំងកំរោល បណ្តាលឱ្យរងខូចខាតទាំង ៣គ្រឿង តែម្តង៕