Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួ.../ចប្ល.../ន់ផ្ទះវេរលុយ ១៦លើក អស់.../លក្ខណ៍ ប៉េអឹមចា.../ប់វ៉ៃ.../ខ្នោះ៨នាក់

ចោរលួ…/ចប្ល…/ន់ផ្ទះវេរលុយ ១៦លើក អស់…/លក្ខណ៍ ប៉េអឹមចា…/ប់វ៉ៃ…/ខ្នោះ៨នាក់

ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម ដែលជាមុខសញ្ញាយ៉ាងសកម្ម និងជំនាញខាងធ្វើសកម្មភាពចូលបន្លំលួច ប្លន់ផ្ទះវីងវេរលុយ ឬផ្ទះប្តូរប្រាក់ នៅតាមបណ្តាខេត្ត-រាជធានី ស្ទើរទូទាំងប្រទេស និងធ្លាប់ធ្វើសកម្មភាពបានសម្រេចដល់ទៅ ១៦លើកមកហើយ គិតត្រឹមរយៈពេល៧ខែ ក្នុងឆ្នាំ២០២៤នេះ ទីបំផុតអស់លក្ខណ៍ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ សហការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានទាំងសម្បុក សរុប៨នាក់ (ស្រី៣) នាំយកមកចាត់ការតាមច្បាប់។

ករណីលួចប្លន់ផ្ទះវីង ដែលប្រព្រឹត្តដោយក្រុមជនសង្ស័ខាងលើនេះ បានកើតឡើងជាលើកចុងក្រោយ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះវីងវេរលុយ មួយកន្លែង ស្ថិតក្នុងភូមិក្រោលគោ ឃុំសបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ រហូតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ទើបកម្លាំងជំនាញអាវុធហត្ថ សហ ការបង្ក្រាបនិងឃាត់ខ្លួនសង្ស័យបាន៨នាក់ (ស្រី៣នាក់) នៅចំណុចសណ្ឋាគារចំនួន២ ស្ថិតនៅក្នុង ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកគួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាព ឱ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។

ជាក់ស្តែងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្រុមជនល្មើសបានធ្វើសកម្មភាពប្លន់ផ្ទះវីង នៅចំណុចភូមិក្រោលគោ ឃុំសបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានប្រាក់ប្រហែល១០លានរៀល។ ក្រោយពីបានទទួលពាក្យរបស់ជនរងគ្រោះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូល ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធ ហត្ថខេត្តកណ្តាល និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូល ដឹកនាំចុះផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អ៊ីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់គ្រប់ជ្រុងជ្រោយ រហូតកំណត់បានមុខសញ្ញាជន ល្មើសដែលបានទៅជួបជុំគ្នានៅខេត្តប៉ៃលិន កាលពីថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំផែនការធ្វើសកម្មភាពលួចប្លន់នៅទីនោះទៀត។

លុះមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយមានការដឹកនាំរួមសហការពីស្នងការដ្ឋានស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តប៉ៃលិន ជំនាញអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនល្មើសចំនួន៨នាក់ (ស្រី៣នាក់) នៅចំណុចសណ្ឋាគារ ចំនួន២ ស្ថិតនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនសង្ស័យទាំង៨នាក់ដែលត្រូវបានចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវណ្ណៈ ហៅចេះ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានដីកាបង្គាប់ឱ្យចាប់ខ្លួន ករណីចូលរួមលួចប្រាក់ផ្ទះផ្តល់សេវាផ្ទេរប្រាក់វីង នៅស្រុកកៀនស្វាយ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤)។ ទី២-ឈ្មោះសំណាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន ករណីចូលរួមលួចប្រាក់ផ្ទះផ្តល់សេវាផ្ទេរប្រាក់វីង នៅស្រុកកៀនស្វាយ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤)។ ទី៣-ឈ្មោះសំអឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិវែង សង្កាត់ពន់សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ ទី៤-ឈ្មោះវុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី៥-ឈ្មោះភ័ក្ទ ហៅរុំ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី៦-ឈ្មោះស្រីរ័ត្ន ហៅអូន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី៧-ឈ្មោះស្រីល័ក្ខ ហៅអូន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៨-ឈ្មោះ ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (មានសារធាតុញៀន)។

ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន រថយន្តម៉ាកតូយ៉ូតា ព្រូស ចំនួន២គ្រឿង ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន៣គ្រឿង មួកសុវត្ថិភាព ចំនួន៣ ទូរស័ព្ទដៃ ចំនួន១០គ្រឿង កាបូបស្បែកតូចធំ ចំនួន៩ ថង់ក្រណាត់សម្រាប់ដាក់ប្រាក់ដែលលួចបាន ចំនួន២ សម្លៀកបំពាក់បុរសស្ត្រី សម្រាប់ផ្លាស់ប្តូរមុនពេល និងក្រោយពេលធ្វើសកម្មភាពរួច មួយចំនួន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន៥ ប័ណ្ណសម្គាល់ទោចក្រយាន្ត ចំនួន២ ប័ណ្ណបើកបរ ចំនួន២ លោហធាតុពណ៌លឿង (ក្រវិល ១គូ ចិញ្ចៀនពណ៌លឿងលាយស ចំនួន២វង់) និងប្រាក់រៀលមួយចំនួន។

នៅចំពោះមុខជំនាញកងរាជអាវុធហត្ថ ក្រុមជនសង្ស័យទាំង៨នាក់ខាងលើ បានឆ្លើយសារភាពថា នៅក្នុងឆ្នាំ២០២៤ នេះ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាព ចំនួន១៦លើក ដោយក្នុងនោះ នៅរាជធានីភ្នំពេញ ចំនួន៥លើក ខេត្តកណ្តាល ចំនួន៣លើក ខេត្តតាកែវ ចំនួន២លើក ខេត្តកំពង់ឆ្នាំង ចំនួន២លើក ខេត្តបាត់ដំបង ចំនួន៣លើក ខេត្តកំពង់ស្ពឺ ចំនួន១លើក និងខេត្តប៉ៃលិន (កំពុងរៀបចំផែនការ)។ ដោយឡែកមុនឆ្នាំ២០២៤ ពួកគេធ្វើសកម្ម ភាពស្ទើរគ្រប់រាជធានី-ខេត្ត បានសម្រេច ជាច្រើនលើកទៀតផងដែរ។

ក្រុមជនសង្ស័យ បានឆ្លើយសារភាពទៀតថា ចុងក្រោយនេះ ពួកគេបានជួបជុំគ្នានៅខេត្តប៉ៃលិន តាំងពីថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំផែនការ និងជិះមើលភូមិសាស្ត្រ ដើម្បីធ្វើសកម្មភាពបន្លំចូលលួចលុយនៅផ្ទះវេរប្រាក់ វីង ចំនួន២ទីតាំង ស្ថិតក្នុងទីរួមខេត្តប៉ៃលិន តែមិនទាន់បានធ្វើសកម្មភាពផង ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្តង។

តាមការស៊ើបអង្កេតស្រាវជ្រាវរបស់មន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ក្រុមនេះមុននឹងធ្វើសកម្មភាពម្តងៗ គឺមានអ្នកដើរមើលទីតាំង ផ្ទះណាមានអំណោយផលល្អសម្រាប់ពួកគេធ្វើសកម្មភាព ហើយពួកគេប្រើរូបភាពបំភ័ន្តភ្នែកជនរងគ្រោះ និងសមត្ថកិច្ច ដោយមានអ្នកចាំមើលផ្លូវ មានម្នាក់ចូលទៅធ្វើជាទិញអីវ៉ាន់ឬដូរលុយ នាំនិយាយឱ្យជនរងគ្រោះភ្លេចខ្លួន ធ្វើយ៉ាងណាឃ្លាតឆ្ងាយពីកន្លែងទុកប្រាក់ បើឃើញមានឱកាសល្អ ទើបឱ្យម្នាក់ ទៀតចូលយកកាបូបប្រាក់តែម្តង រួចមានម្នាក់អង្គុយលើម៉ូតូ រង់ចាំដឹករត់គេចខ្លួន លុះដល់កន្លែងស្ងាត់ ទើបឱ្យជនល្មើស (អ្នកចូលយកប្រាក់) និងជនល្មើស (អ្នកចូលទៅធ្វើជាទិញអីវ៉ាន់) ឡើងរថយន្ត ហើយអ្នកនៅក្នុងរថយន្ត ប្តូរមកជិះម៉ូតូម្តង រួចបំបែកផ្លូវគ្នារៀងៗខ្លួន។

ជនសង្ស័យប្រុសស្រីទាំង៨នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត និងត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចរាល់អស់ហើយ៕

RELATED ARTICLES