Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនស្រី ម៉ែបំ.../បែកពីសង្សារ

 កូនស្រី ម៉ែបំ…/បែកពីសង្សារ

ភ្នំពេញ ៖ គូស្នេហ៍ ១គូ បានស្រឡាញ់ និងរួមរស់នឹងគ្នាដូចប្តីប្រពន្ធ រហូតដល់មានផ្ទៃពោះ ២ខែ ស្រាប់តែត្រូវម្តាយខាងស្រីខឹងខាងប្រុសមិនព្រមនាំសាច់ញាតិមកចូលស្តីដណ្តឹង រៀបការត្រឹមត្រូវ ក៏ឃាត់ឃាំងមិនឱ្យកូន ស្រីចេញទៅជួបមុខប្រុសស្នេហ៍នោះតទៅទៀត ធ្វើឲ្យខាងប្រុសកើតទុក្ខមិនសុខចិត្ត ក៏ប្តឹងមន្ត្រីជំនាញអាវុធហត្ថ ចុះជួយអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ ចំណុចផ្ទះខាងស្រី ស្ថិតក្នុងភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមសម្តីភាគីប្រុស បានរៀបរាប់ប្រាប់ថា ពួកគេទាំង២នាក់ បានស្រឡាញ់គ្នា និងរួមរស់ដូចប្តីប្រពន្ធ រយៈពេលជាង ១ឆ្នាំមកហើយ គ្រាន់តែមិនទាន់បានរៀបការនឹងគ្នានៅឡើយ។ ស្រាប់តែរយៈពេលជិត១០ថ្ងៃកន្លងមកនេះ ម្តាយក្មេក (ម្តាយខាងស្រី) បានរារាំងបំបែកស្នេហ៍ ដោយហាមកូនស្រី មិនឱ្យចេញមកជួបគេនោះទេ ទើបគេកើតទុក្ខមិនសុខចិត្ត ប្តឹងសមត្ថកិច្ចអាវុធហត្ថ ឱ្យជួយអន្តរាគមន៍តែម្តង។

ចំណែកសាមីខ្លួនខាងស្រី បានអះអាងថា ពួកនាងទាំង២នាក់ ពិតជាបានស្រឡាញ់គ្នាដូចប្តីប្រពន្ធមែន និងថែមទាំងកំពុងមានផ្ទៃពោះ ២ខែទៀតផង ស្រាប់តែរយៈពេលជាង ១អាទិត្យមកនេះ នាងត្រូវបានម្តាយនិងបងប្អូន ហាមឃាត់ រារាំងមិនឱ្យចេញពីផ្ទះ ទៅជួបបុរសជាសង្សារនោះទេ ទើបបុរសជាសង្សារនាង សម្រេចប្តឹងកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ជុំវិញរឿងរ៉ាវខាងលើនេះ ស្ត្រីជាម្តាយ និងបងប្អូនខាងស្រី បានអះអាងថា ខាងប្រុស គឺមិនបានទាន់មកចូលស្តីដណ្តឹងកូនរបស់គាត់ឱ្យត្រឹមត្រូវនោះទេ  ហើយកន្លងមក ធ្លាប់នាំក្រុមគ្រួសារគេមកជួបគ្នាម្តងដែរ តែសាច់ញាតិខាងប្រុសនិយាយថា គ្រាន់តែមកលេងតែប៉ុណ្ណោះ មិនទាន់បានមកចូលស្តីដណ្តឹងតាមប្រពៃណីនៅឡើយទេ   ទើបពួកគាត់មិនចង់ឱ្យពួកគេទាំង២ជួបគ្នា។

ក្រោយកើតមានវិវាទខាងលើ កម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះអន្តរាគមន៍ និងនាំភាគីទាំងអស់ ទៅសាកសួរ និងសម្របសម្រួលនៅមូលដ្ឋានខណ្ឌច្បារអំពៅ ទាំងយប់។

បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់កម្លាំងអាវុធហត្ថហត្ថ ភាគីប្រុស យល់ព្រមឱ្យឪពុកម្តាយចាស់ទុំរបស់ខ្លួន ទៅជួបម្តាយខាងស្រីម្តងទៀត ដើម្បីពិភាក្សារឿងស្តីដណ្តឹង រៀបការ  ហើយភាគីទាំងសងខាង មានសិទ្ធិអាចជួបគ្នាបានដូចធម្មតាវិញ ទៅតាមការស្នើសុំរបស់ខាងប្រុស៕

RELATED ARTICLES