Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃា.../ត់ខ្លួនប្រធានក្រុមហ៊ុន លក់ចម្ពា.../មបា.../ញ់គ្រា.../ប់ដែក

ឃា…/ត់ខ្លួនប្រធានក្រុមហ៊ុន លក់ចម្ពា…/មបា…/ញ់គ្រា…/ប់ដែក

ភ្នំពេញ ៖ បុរសជាជនជាតិវៀតណាម ម្នាក់ ដែលជាប្រធានក្រុមហ៊ុនមួយ ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ ខ្លួន ពាក់ព័ន្ធទៅនឹងករណីបង្ហោះលក់អាវុធច្នៃខុសច្បាប់ តាមបណ្តាញសង្គមយ៉ាងអនាធិបតេយ្យ និងឈានដល់ការដកហូតចម្ពាមច្នៃបាញ់គ្រាប់ដែក ជាច្រើនដើម។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ដូ ហ៊ងវៀត (Do Hoang Viet) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ជាម្ចាស់ក្រុមហ៊ុន CamShip Express។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស្រាវជ្រាវលើទំព័រហ្វេសប៊ុក ឈ្មោះ D-Store ដែលបានបង្ហោះផ្សព្វផ្សាយលក់អាវុធចម្ពាមច្នៃបាញ់គ្រាប់ដែក តាមបណ្តាញសង្គម និងឈានទៅដល់ការចុះបង្ក្រាបទីតាំងរក្សាទុក និងចែកចាយអាវុធច្នៃប្រភេទនេះ នៅទីតាំងមួយកន្លែងស្ថិតនៅ ផ្ទះលេខ១១ ផ្លូវ៣១ពទ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុន CamShip Express ឈ្មោះ Do Hoang Viet ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ដើម្បីយកមកសាកសួរនៅ អគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ដោយសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីដោយលោកស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះក៏មានចូលរួមពីសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ ដូចជា លោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកសេង គន្ធ អភិបាលខណ្ឌ មានជ័យ។

ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានរកឃើញ និងដកហូតសម្ភារៈពាក់ព័ន្ធ ជាគ្រឿងបង្គុំអាវុធច្នៃមួយចំនួន រួមមាន  កាំភ្លើង (ចម្ពាមច្នៃបាញ់គ្រាប់ដែក) ខ្សែកៅស៊ូ ឧបករណ៍គ្រឿងបង្គុំ និងគ្រាប់លោហៈដែក មួយចំនួនធំ។

ក្រោយពីការសាកសួរជនសង្ស័យខាងលើ បានសារភាពពិតជាបានប្រព្រឹត្តប្រាកដមែន។ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដល់ប្រជាពលរដ្ឋបញ្ឈប់នូវការផ្សព្វផ្សាយ និងធ្វើអាជីវកម្មទិញ-លក់អាវុធច្នៃផ្សេងៗ តាមបណ្តាញសង្គមគ្រប់ប្រភេទ ដែលបង្កអសន្តិសុខដល់សង្គម និងអាយុជីវិតមនុស្ស។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការក្រើនរំលឹក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានទិញអាវុធកែច្នៃគ្រប់ប្រភេទ សូមយកមកប្រគល់ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចៀសវាងសមត្ថកិច្ចចុះធ្វើការរឹបអូប និងឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES