ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានសុំម្តាយចេញទៅដើរលេងជាមួយមិត្តភក្តិ រួចស្រាប់តែបាត់ដំណឹងសូន្យឈឹងអស់ រយៈពេល ១០ថ្ងៃមកហើយ លុះឪពុកម្តាយតាមស្វែងរកយ៉ាងណាក៏មិនឃើញ មានការព្រួយបារម្ភ បានប្រកាសរកកូនស្រីត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ខ្លួន មានឈ្មោះហេង ម៉េង ហួយ អាយុ១៤ឆ្នាំ មានលំនៅក្នុងសង្កាត់ទួលសង្កែ ទី១ ខណ្ឌឫស្សីកែវ។ យុវតីរូបនេះ បានបាត់ពីផ្ទះ តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញ និងមិនមានដំណឹងអ្វីបន្តិចនៅឡើយ។
ស្ត្រីម្តាយរបស់យុវតីខាងលើ បានប្រកាសរកកូនស្រី តាមបណ្តាញសង្គមថា “ដំណឹងរកកូនស្រី កូនស្រីរបស់នាងខ្ញុំ មានឈ្មោះហេង ម៉េងហួយ ភេទស្រី អាយុ១៤ឆ្នាំ ដោយបានសុំនាងខ្ញុំទៅលេងផ្ទះប៉ារបស់គាត់ នៅសង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បន្ទាបមកក៏សុំចេញទៅដើរលេងជាមួយពួកម៉ាកស្រីម្នាក់ទៀត តាំងពីថ្ងៃអាទិត្យទី១៨ ខែសីហា ឆ្នាំ២០២៤ មកទល់ពេលនេះ មិនឃើញត្រឡប់មកផ្ទះវិញទេ។ រយៈពេល១០ថ្ងៃហើយ…”។
ស្ត្រីជាម្តាយ បន្តថា “នាងខ្ញុំមានការព្រួយបារម្ភចំពោះកូនស្រីរបស់ខ្ញុំខ្លាំងណាស់ សូមពុកម៉ែបងប្អូន បើបានឃើញក្មេងស្រី ដូចនៅរូបខាងលើនេះ មេត្តាជួយឃាត់ទុកឱ្យនាងខ្ញុំផង សូមអរគុណទុកជាមុន! ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៧១ ៨១ ៥៤ ៦០៣…”៕