ខេត្តព្រៃវែង ៖ ព្រះសង្ឃមួយអង្គ ដែលមានតួនាទីជាព្រះចៅអធិការស្តីទី វត្តព្រៃចារ ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានគណៈកម្មការអាចារ្យវត្ត ធ្វើការចោទប្រកាន់ថា បានលួចលាក់មានស្រី ខុសវិន័យសង្ឃ រហូតទាមទារឱ្យនិមន្តចាកចេញពីវត្ត លុះក្រោយពីនិមន្ត ចេញមកគង់នៅវត្តផ្សេង បាន២ថ្ងៃ ក៏ឈានដល់ការចាប់ផ្សឹកព្រះសង្ឃអង្គនេះទាំងយប់ទៀតផង។
ករណីចាប់ផ្សឹកព្រះចៅអធិការវត្តស្តីទីនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចវត្តស្វាយបទុម ស្ថិតក្នុងភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។
ព្រះចៅអធិការវត្ត ដែលត្រូវបានចាប់ផ្សឹក មានព្រះនាម ជាន លីហ័រ អតីតចៅអធិការស្តីទី វត្តស្វាយអង្គ ហៅវត្តព្រៃចារ ស្ថិតនៅភូមិព្រៃចារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ព្រះសង្ឃព្រះនាម ជា លីហ័រ អតីតចៅអធិការស្តីទី វត្តស្វាយអង្គ ហៅវត្តព្រៃ ចារ បានកើតមានវិវាទរ៉ាំរ៉ៃជាមួយអាចារ្យ គណៈកម្មការវត្តព្រៃចារ មួយរយៈមកហើយ ដោយមានការចោទ ប្រកាន់ថា ព្រះសង្ឃ ជា លីហ័រ លួចលាក់មានស្រីញី ដោយគេមានស្រីម្នាក់ ចូលបន្ទប់ព្រះអង្គ ដល់ទៅ៣ម៉ោង១៥នាទីឯណោះ ទើបឈានដល់ការ ទាមទារឱ្យព្រះអង្គ និមន្តចេញពីវត្ត ដើម្បីបញ្ចប់បញ្ហា។ រហូតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការស្នើសុំពីអាជ្ញាធរ ទើបព្រះសង្ឃ ជា លីហ័រ សម្រេចនិមន្តចេញពីវត្តព្រៃចារ មកគង់នៅវត្តស្វាយបទុម ស្ថិតក្នុងភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ជាបណ្តោះអាសន្ន។
ប្រភពដដែល បន្តថា បន្ទាប់ពីនិមន្តចេញមកគង់បណ្តោះអាសន្ន ក្នុងវត្តស្វាយបទុម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ព្រះសង្ឃ ជា លីហ័រ បានបញ្ជាក់ថា ព្រះអង្គពុំបានប្រព្រឹត្តខុសវិន័យសង្ឃ ទៅលួចមានស្រី ដូចការ ចោទប្រកាន់របស់អាចារ្យ គណៈកម្មការវត្តនោះទេ ដែលនេះគឺជារឿងមួលបង្កាច់ បរិហារកេរ្តិ៍ ប៉ងទម្លាក់ព្រះអង្គ ពីតួនាទីជាព្រះចៅអធិការវត្តស្តីទី និងចង់ចាប់ផ្សឹកព្រះអង្គតែម្តង។
ជុំវិញករណីនេះ លោកប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានបញ្ជាក់ប្រាប់ កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ថា ការនិមន្តព្រះសង្ឃ ជាន លីហ័រ ចេញពីវត្តព្រៃចារ គឺខ្លាចមានអំពើហិង្សាកើតឡើង និងខ្លាចអ្នកមិនចូលចិត្តព្រះអង្គ លបលួចធ្វើបាបព្រះអង្គ ពេលយប់ស្ងាត់ ហើយករណីនេះ គ្មាននរណាបង្ខំព្រះអង្គសឹកនោះទេ។
យ៉ាងណា តាមប្រភពព័ត៌មានចុងក្រោយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ព្រះសង្ឃ ជា លីហ័រ ត្រូវបានចាប់ផ្សឹករួចរាល់ទៅហើយ៕