ភ្នំពេញ ៖ យុវជន ២នាក់ ជិះម៉ូតូដឹកគ្នាក្នុងល្បឿនយ៉ាងលឿន ដើម្បីជួយសម្រួលចរាចរណ៍ដល់រថយន្តសង្គ្រោះបន្ទាន់ ស្រាប់តែជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ ១គ្រឿង កំពុងបត់ង បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ រូបដំរីស SCG តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុនោះ គេឃើញយុវជន ៤នាក់ ជិះម៉ូតូ ២ គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើត ទៅលិច ក្នុងល្បឿនយ៉ាងលឿន ដោយមានអ្នកលើកដៃនិងស៊ីផ្លេជាសញ្ញាឱ្យម៉ូតូទៅមុន ដើម្បីបើកផ្លូវឱ្យ រថយន្តសង្គ្រោះបន្ទាន់ ខណៈមកដល់ចំណុចកើតហេតុ យុវជន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AJ-5868 បានជ្រុលទៅបុករថយន្ត ១គ្រឿង ម៉ាកហ៊ីណូ ប្រភេទក្រឡុកស៊ីម៉ងត៍ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ តាកែវ 3A-2481 កំពុងបើកចេញពីក្រុមហ៊ុន ចំពីចំហៀង ពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់-ស្រាល២នាក់ រីឯម៉ូតូ កៀបជាប់កាងរថយន្តតែម្តង។
ក្រោយកើតហេតុ យុវជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ បង្អែកច្បារអំពៅ ចុះមកដឹកយកទៅសង្គ្រោះ ។ ដោយឡែកអ្នកបើករថយន្ត បានគេចខ្លួនបាត់ ទើបសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញ ធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយនៅពេលក្រោយ៕