ភ្នំពេញ៖លោកម៉ម រស្មី ដែលជាមនុស្សជំនិតបំផុតជាមួយមហាសេដ្ឋីអ្នកឧកញ៉ាគិត ម៉េង ស្វាមីអ្នកឧកញ៉ាម៉ៅ ចំណាន នោះកាលពីថ្ងៃទី២៩ សីហា លោកបានចេញសារទម្លាយពីដួងចិត្តរបស់លោកធ្វើឲ្យមានការភ្ញាក់ផ្អើលពេញចង្កោមអ្នកសិល្បៈ និងពិភពឧកញ៉ាដោយលោកលើកឡើងថា”អោយខ្ញុំសូមទោសផង ដែលខ្ញុំអត់ទ្រាំ ២០ឆ្នាំ “ ។មិត្តភក្ដិរបស់លោករស្មី ជាច្រើនបានខមិនសួរថាលោកមានបញ្ហាអី? ស្រាប់តែលោករស្មី តបវិញថា”ទ្រាំ២០ឆ្នាំហើយ ឥឡូវគឺឈប់ទ្រាំ បានន័យថាចប់ហើយ “។លោករស្មី ក៍បានបន្ថែមសារខមិនតបទៅអ្នកចង់ដឹងពីសុខទុក្ខរបស់លោកនោះដោយបន្ថែមថា”យើងទទួលស្គាល់ហើយថា យើងចាញ់នូវពាក្យអាណិត និងចាំជួយ ក្លែងក្លាយ ដល់យើងអស់កំលាំងថាមពល គេទាត់យើងចោល គឺចប់ភាពអត់ទ្រាំ ស្មោះត្រង់ ២០ឆ្នាំបានមកវិញ គឺ០ខ្លួន យើងទេជាអ្នកចាញ់ “ ។
តាមរយៈសំណេរខាងលើនេះអ្នកលេងបណ្ដាញសង្គមបានលើកឡើងថាលោកម៉ម រស្មី ដែលបម្រើអ្នកឧកញ៉ាគិត ម៉េង ២០ឆ្នាំមកនេះអាចមានការអាកអន់ស្រពោនចិត្តដោយសារតែអ្នកឧកញ៉ាមើលរំលងពីគុណសម្បត្តិរបស់លោកដែលជាមនុស្សភក្ដីភាពបំផុតចំពោះមេ ។ជាមួយគ្នានេះដែរអ្នកសិល្បៈខ្លះបានលើកឡើងថាប្រសិនបើអ្នកឧកញ៉ាចង់ជួយលោករស្មី ឲ្យរស់នៅក្នុងកម្រិតជីវភាពធូធានោះគឺមិនពិបាកឡើយ ព្រោះលោកបានលះបង់ការងារសិល្បៈ២០ឆ្នាំនេះដើម្បីបានបម្រើអ្នកឧកញ៉ា ហេតុនេះហើយរឿងអីដែលមហាសេដ្ឋីម្នាក់ចង់ជួយកូនចៅម្នាក់ឲ្យមានលំនឹងក្នុងជីវិត រស់ក្នុងកម្រិតជីវភាពល្អប្រសើមួយនាជីវិតចុងក្រោយមិនបាន?
អ្នកយកព័តមាន”នគរធំ”បានទាក់ទងទៅលោកម៉ម រស្មី តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣០ សីហា ហើយត្រូវលោករស្មី និយាយថាសាររបស់លោកខាងលើនោះគ្រាន់តែជារឿងជីវិតឯកជនប៉ុណ្ណោះ ។ប៉ុន្ដែលោករស្មី រៀបរាប់ថាមនុស្សណាក៍ចង់មានលំនឹងក្នុងគ្រួសារដែរ ចង់ឃើញប្រពន្ធកូន មានការរស់នៅដោយមិនលំបាក តែបើយើងធ្វើការនៅកន្លែងមួយអត់ច្បាស់លាស់សួរថាតើខ្ញុំនេះអាយុ៦០ឆ្នាំ ទៅហើយទៅរកការងារណាផ្សេងទៀតធ្វើទៅ ?លោកថាសម្រាប់ក្មេងៗអាយុខ្ទង់៣០ឆ្នាំ អីអត់បញ្ហាចោទទេគេឈប់ពីកន្លែងមួយទៅធ្វើនៅកន្លែងផ្សេងទៀតបាន ហើយជូនការការឈឺចាប់អ្វីមួយអាចធ្វើឲ្យគេកាន់តែមានការតស៊ូថែមទៀតក៍ថាបានដែរ ។
លោកម៉ម រស្មី ធ្លាប់ទៅបន្ដការសិក្សារផ្នែកសៀកនៅសូវៀត(ស.ស.ស.ស)រយៈពេល៤ឆ្នាំ នាទីក្រុងមូស្គូ ទទួលបានសញ្ញាបត្រ នៅឆ្នាំ១៩៨៥ ទើបធ្វើឲ្យលោកក្លាយទៅជាសិល្បករផ្នែកសៀកម្នាក់ហើយលោកមានទេពកោសល្យជាច្រើនដូចជាសិល្បៈត្រាប់កំប្លុកកំប្លែង,រហស្សកម្ម និងសិល្បៈសៀក ។នៅឆ្នាំ១៩៩៩-២០០០ លោករស្មី បានចូលបម្រើការនៅទូរទស្សន៍ជាតិកម្ពុជា(ទ.ទ.ក )ផលិតកម្មវិធី«Smart Game » ហើយនៅឆ្នាំ២០០៣ -២០០៨ លោករស្មី បានចូលធ្វើការនៅទូរទស្សន៍CTN តែក៍បានឈប់ពីការផលិតកម្មវិធីសិល្បៈ និងថតភាពយន្ដមកធ្វើជាតៃកុងឡានរបស់អ្នកឧកញ៉ាគិត ម៉េង រហូតមកមកដល់បច្ចុប្បន្ន។
នៅពេលត្រូវសួរថាតើលោកម៉ម រស្មី ចេញសារនោះដើម្បីឲ្យអ្នកឧកញ៉ាឈប់មើលរំលងលោក ឬលោករំពឹងថាមេរបស់លោកជាមហាសេដ្ឋីអាចនឹងជួយលោកឲ្យមានជីវភាពធូធាជាងនេះដែរ ឬអត់នៅពេលដែលលោកទម្លាយសារនោះលោករស្មី អះអាងថាការដែលលោកចេញសារនោះគឺចង់ពញាក់ស្មារតីដល់ក្មេងៗទាំងឡាយថា”អ្វីៗកុំពឹងខ្ពស់ពេក “។លោកថាមេរបស់លោកធ្លាប់លំបាកមុនហ្នឹងគាត់មានថ្ងៃនេះ ហេតុនេះលោកមិនសូវសង្ឃឹមថាគាត់នឹងជួយលោកដោយងាយៗទេ ។ប៉ុន្ដែលោកថាសារនោះមេរបស់លោកបានឃើញហើយ តែគាត់គ្មានប្រតិកម្មនោះទេ ហើយរាល់ថ្ងៃលោកនៅតែធ្វើជាតៃកុងឡានឲ្យអ្នកឧកញ៉ាដដែល ដោយបើកឡានជូនគាត់ទៅធ្វើការជារៀងរាល់ថ្ងៃធ្វើការចាប់ពីម៉ោង៦,៣០នាទីព្រឹក រហូតដល់គាត់សម្រាក ។លោកថាមានមិត្ភភក្ដិជាច្រើនរបស់លោកពួកគេលើកទឹកចិត្តលោកឲ្យបន្ដទៅមុខទៀត ហេតុនេះលោកមិនបាក់ទឹកចិត្តទេ។
ថ្វីត្បិតតែលោកម៉ម រស្មី អះអាងថាលោកមិនខឹង ឬតូចចិត្តចំពោះអ្នកឧកញ៉ាមហាសេដ្ឋីដែលមើលមិនឃើញលោកក្ដី ប៉ុន្ដែលោកហាក់ទទួលស្គាល់ថាកូនចៅមន្រ្ដីធំខ្លះពួកគេគ្រាន់តែមានចិត្តស្មោះត្រង់និងបម្រើមេដោយស្មោះនោះពួកគេមានទ្រព្យស្ដុកស្ដុមនិងមិនប្រឈមហានិភ័យទាំងការងារនិងកម្រិតជីវភាពដូចរូបលោកឡើយ ។ចំណែកលោកម៉ម រស្មី បន្ទាប់ពីបម្រើមេ២០ឆ្នាំ ពេលនេះលោកស្ថិតក្នុងតំណាក់កាលទៅមុខក៍មិនកើត ថយក្រោយក៍មិនរួច។
លោកម៉ម រស្មី បន្ថែមថាលោកចង់តែធ្វើមាតិការមួយបង្ហាញពីប្រធានបទ«ជីវិតបរាជ័យ » ព្រោះ ជីវិត«ជោគជ័យ » មានគេនិយាយច្រើនគ្នាទៅហើយ ។លោកសួរច្រាសមកអ្នកយកព័តមានយើងវិញថាបើជីវិតខាងក្រៅមើលទៅដូចជោគជ័យ តែពេលមកដល់ផ្ទះ ប្រពន្ធកូន មិនដឹងបាយទឹកឯណា តើជោគជ័យម៉េចទៅ ?លោកបន្ថែមទៀតថាអាយុលោកប៉ុណ្ណេះទៅហើយ បើមេថាឲ្យឈប់ធ្វើការ៥ឆ្នាំទៅ ហើយនៅតែបើកលុយឲ្យ មិនដឹងជាលោកអរយ៉ាងណាទេ ?តែលោកថាពាក្យនេះគ្មានទេ ព្រោះបើការងាររដ្ឋទើបអាចមានប្រាក់ខែចូលនីវត្តន៍បែបនេះបាន ។លោកម៉ម រស្មី សង្កត់ថា«ជីវិត១នេះ កុំរំពឹងឲ្យសោះ ថាយើងរស់បានដោយសារគេចិញ្ចឹម» ។
លោកម៉ម រស្មី ថាបើលោកទម្លាយអ្វីដែលខ្លួនមិនសមប្រកបក្នុងជីវិតគឺប្រៀបបានដូចជា«បើកទ្រូង ឲ្យក្អែកចិក» តែលោកហាក់ស្ដាយពេលវេលាដែរថារយៈពេល២០ឆ្នាំមកនេះ ប្រសិនបើលោកប្រឡូកសិល្បៈពេញទំហ៊ឹងមិនដឹងជាដល់កម្រិតណានោះទេព្រោះសិល្បៈលោកមានមូលដ្ឋាន មានសញ្ញាប័ត្រនិងធ្លាប់ធ្វើការនៅផ្នែកវិស័យសិល្បៈនេះដោយផ្ទាល់ជាច្រើនឆ្នាំទៀតផង។
គួររំលឹកថាលោកម៉ម រស្មី កំព្រាឪពុកម្ដាយតាំងពីអាយុ៩ឆ្នាំម្លេះ លោកមានស្រុកកំណើតនៅសង្កាត់លេខ២ ក្រុងភ្នំពេញ មានកូនស្រី២នាក់ បញ្ចប់ការសិក្សារថ្នាក់មហាវិទ្យាល័យដូចគ្នា ។ដោយសារតែធ្លាប់ទៅរៀននៅស.ស.ស.ស រយៈពេល៤ឆ្នាំ លោករស្មី ចេះនិយាយភាសារសូវៀត យ៉ាងស្ទាត់ជំនាញតែម្ដង ៕