ខេត្តឧត្តរមានជ័យ ៖ ជារៀងរាល់ថ្ងៃ មានឡានកែច្នៃខុសបច្ចេកទេស ជាច្រើនគ្រឿង បានធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ស្ថិតនៅលើផ្លូវជាតិលេខ៦៨ ដោយពុំឃើញមានសមត្ថកិច្ចជំនាញផ្នែកពាក់ព័ន្ធ មកធ្វើការផាកពិន័យចំពោះឡានដឹកទំនិញកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងនោះសោះ ខណៈពេលក្នុងថ្ងៃៗ ដឹកយ៉ាង គគ្រឹកគគ្រេង ភ្លូកទឹកភ្លូកដី។
តាមប្រភពប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិផ្ទាល់ បានឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ថា រាល់ថ្ងៃ គាត់តែងឃើញឡានដឹកទំនិញប្រភេទកែច្នៃ ដឹកអីវ៉ាន់ឆ្លងកាត់មុខផ្ទះគាត់រហូត មិនដែលដាច់ឡើយ ដោយដឹកអីវ៉ាន់សំពីងសំពោង ហួសកំណត់ ហើយមួយទៀត តៃកុងឡាន សុទ្ធតែជាក្មេងៗ បើកលឿនៗណាស់។ ឡានដឹកទំនិញទាំងនោះ ភាគច្រើនគឺធ្វើចរាចរណ៍នៅពេលល្ងាចនិងយប់ ដោយដឹកចេញពីចំណុចកំពង់ផែច្រកអូស្មាច់ បើកឆ្លងកាត់ ចូលក្រុងសំរោង និងបន្តទៅកាន់ខេត្តផ្សេងៗទៀត។
ទាក់ទិនទៅនឹងការលើកឡើងពីបងប្អូនប្រជាពលរដ្ឋ បញ្ហាឡានកែច្នៃខុសបច្ចេកទេស បើកដឹកទំនិញឆ្លងចូលមកក្រុងសំរោង ខេត្តឧត្តរមានជ័យ នេះ ក្រុមអ្នកយកព័ត៌មាន បានទំនាក់ទៅលោកស្នងការខេត្ត ដើម្បីសុំការបកស្រាយបំភ្លឺថា តើមានវិធានការចាប់ឡានទាំងនោះ មកអប់រំណែនាំ ឬផាកពិន័យតាមច្បាប់ដែរឬយ៉ាងណា តែមិនអាចទាក់ទងបានទេ គិតត្រឹមរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៕