ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ប្រមាណជាង២០០គ្រួសារ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានលើកគ្នាស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយអន្តរាគមន៍ ករណីមានសាឡង់បូមខ្សាច់ជាច្រើនគ្រឿង កំពុងបូមខ្សាច់ កៀកច្រាំងទន្លេ ខាងក្រោយផ្ទះរបស់ពួកគាត់ បណ្តាលឱ្យបាក់ច្រាំងប៉ះពាល់ចម្ការដំណាំនិងផ្ទះសម្បែងរបស់ពួកគាត់។
ប្រជាពលរដ្ឋទាំងជាង២០០គ្រួសារ បានលើកឡើងថា ដីច្រាំងទន្លេខាងក្រោយផ្ទះរបស់ពួកគាត់ បានចាប់បាក់ច្រើនខែមកហើយ ចាប់តាំងពីមានវត្តមានក្រុមសាឡង់បូមខ្សាច់ ចូលមកបូមនៅក្រោយផ្ទះគាត់ ដោយចាប់ផ្តើមបាក់បន្តិចម្តងៗជារឿយៗ រហូតមកដល់ពេលនេះ គឺបាក់ស្រុតខ្លាំង ដំណាំពួកគាត់មាន ចេក ស្វាយ ខ្នុរ ដូង រាប់សិបដើមបាក់រលំចូលទឹកអស់ហើយ អ្នកខ្លះដីបាក់ជិតដល់ផ្ទះតែម្តង ទើបពួកគាត់ទ្រាំលែងបាន លើកគ្នាស្នើសុំឱ្យមមុនន្ត្រីជំនាញ និងអាជ្ញាធរជួយអន្តរាគមន៍ទប់ស្កាត់។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា ការបាក់ដីច្រាំងទន្លេនេះ មូលហេតុគឺដោយសារតែមានសាឡង់ធំៗចូលមកបូមខ្សាច់ នៅកៀកច្រាំងពេក ហើយសាឡង់ខ្លះ លួចបូមទាំងយប់ថែមទៀត លុះពេលប្រជាពលរដ្ឋនាំគ្នាដេញ ក្រុមសាឡង់ទាំងនោះក៏បើកចេញទៅកណ្តាលទន្លេវិញ ពេលអ្នកស្រុកចូលដេកអស់ គេនាំគ្នាចូលមកបូមកៀកច្រាំងដដែល។ ចំណែកអាជ្ញាធរឃុំ ស្រុក ពលរដ្ឋធ្លាប់បានរាយការណ៍ប្តឹងទៅច្រើនដងហើយ តែគ្មានចំណាត់ការដោះស្រាយសោះ។ ពួកគាត់មិនហាមឃាត់គេមិនឱ្យបូមខ្សាច់ទេ តែសូមបូមឱ្យឆ្ងាយពីច្រាំង កុំបូមកៀកច្រាំង ទៀត នាំឲ្យបាក់ដី ប៉ះពាល់តែដំណាំ និងផ្ទះពួកគាត់ ។
ពាក់ព័ន្ធទៅនឹងករណីនេះ លោកជូ ស៊ីផាត មេឃុំពាមមានជ័យ បានឱ្យដឹងថា ករណីបាក់ច្រាំងទន្លេ ប៉ះពាល់ដល់ដំណាំនិងផ្ទះសម្បែងប្រជាពលរដ្ឋនេះ លោកបានចុះទៅពិនិត្យមើល និងរាយការណ៍ជូនទៅអាជ្ញាធរស្រុករួចហើយ ហើយរូបលោកក៏ទទួលស្គាល់ថា ពិតជាមានក្រុមសាឡង់លួចបូមខ្សាច់ កៀកច្រាំង និងលួចបូមពេលយប់មែន ប៉ុន្តែករណីនេះ ខាងអាជ្ញាធរឃុំ ពុំមានលទ្ធភាពទប់ស្កាត់ទេ។
ចំណែកលោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានឱ្យដឹងថា លោកមិនទាន់បានដឹងព័ត៌មាននេះទេ ដោយសារ អាជ្ញាធរឃុំ មិនទាន់បានរាយការណ៍ ប៉ុន្តែលោកនឹងចាត់ឱ្យមន្ត្រីជំនាញរ៉ែ ចុះទៅពិនិត្យ។
ដោយឡែក មន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង បានឱ្យដឹងថា ករណីបាក់ច្រាំងនេះខាងមន្ទីរ៉ែ មិន ទាន់បានទទួលព័ត៌មានទេ ប៉ុន្តែនឹងចុះទៅពិនិត្យមើល សិក្សាឱ្យដឹងច្បាស់ពីមូលហេតុ តើបាក់ច្រាំងដោយសារមូលហេតុអ្វី? បើសិនជារកឃើញថា បណ្តាលមកពីការបូមខ្សាច់ នោះមន្ទីរជំនាញរ៉ែ នឹងរាយការណ៍ជូនទៅក្រសួង ដើម្បីសុំវិធានការ ពីព្រោះក្រុមហ៊ុនបូមខ្សាច់នៅទីតាំងនោះ គឺមានអាជ្ញាប័ណ្ណពីក្រសួង។ ចំពោះករណីមានក្រុមសាឡង់ លួចបូមខ្សាច់កៀកច្រាំង ពេលយប់ មន្ត្រីជំនាញរ៉ែ នឹងចុះតាមដាន បើរកឃើញ នឹងចាត់វិ ធានការទៅតាមផ្លូវច្បាប់៕