ភ្នំពេញ ៖ លោកសាពូន មីដាដា អតីតតារាចម្រៀងល្បី និងជាអតីតស្វាមីតារាសម្តែង សឿ សុធារ៉ា ដែលបានលែងលះគ្នា ក្រោយទទួលបានកូនពីរនាក់នោះ បានប្រកាសថា ខ្លួនក្រីក្រណាស់ និងបានស្នើសុំសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្តល់ដី១ដុំ ទំហំ១៥ម៉ែត្រ គុណនឹង ២៥ម៉ែត្រ នៅតាមព្រំដែន កម្ពុជា-ឡាវ ឬកម្ពុជា-វៀតណាម ដើម្បីខ្លួនបានទៅរស់នៅទីនោះ និងចូលរួមការពារទឹកដីរបស់កម្ពុជា ផងដែរ ។
អតីតតារាចម្រៀង លោកសាពូន មីដាដា ដែលមុននេះបានទម្លាយរឿងខ្លួនកញ្ជើធ្លុះ សម្តេចហ៊ុន សែន ផ្តល់អំណោយរាប់សិបម៉ឺនដុល្លារ ខ្លួនបានធ្វើឲ្យរលាយអស់នោះ ថ្មីៗនេះ អតីតតារឆាចម្រៀងល្បីរូបនេះ បានលើកដៃសំពះសម្ដេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត សុំដីដែលស្ថិតនៅតាមក្រវាត់ព្រំដែន ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីទៅរស់នៅទីនោះ និងប្រកបរបរកសិកម្មខ្នាតតូច ទៅតាមលទ្ធភាព ដោយសារសព្វថ្ងៃ រូបលោកក្រីក្រណាស់។
សាពូន មីដាដា បានបញ្ជាក់ថា លោកសុំដីតូចល្មម ត្រឹមទទឹង ១៥ម៉ែត្រ បណ្តោយ ២៥ ម៉ែត្រ ស្ថិតនៅតាមបណ្តោយព្រំដែន នៅក្នុងតំបន់ CLV ដើម្បីលោកទៅរស់នៅទីនោះ ប្រកបរបរកសិកម្ម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមបណ្តោយព្រំដែនផងដែរ ។
លោកសាពូន មីដាដា បានបង្ហោះវីដេអូ និងសំណេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ថា “ខ្ញុំបាទ សាពូន មីដាដា ក្រីក្រណាស់មាសប្រាក់ តែមានចិត្តដ៏ស្មោះត្រង់មួយនេះ ស្ម័គ្របម្រើប្រទេសនេះដោយជីវិតទានប្រោស” ។
ថ្លែងក្នុងវីដេអូដែលបង្ហោះក្នុងទំព័រហ្វេសបុក របស់ខ្លួន តារាចម្រៀងសាពូន មីដាដា បាននិយាយថា “ខ្ញុំបាទ សាពូន មីដាដា សូមលំឱនកាយគោរពដ៏ខ្ពង់ខ្ពស់បំផុត ដល់អង្គព្រះមហាក្សត្រ ហ្លួងយាយ សម្ដេចពុក សម្ដេចម៉ែ សម្ដេចធិបតី មហាបវរ ដ៏ខ្ពង់ខ្ពស់ជាទីបំផុត! ក្នុងនាមខ្ញុំបាទជាសិល្បករជើងចាស់មួយរូប ជាប្រជាពលរដ្ឋសាមញ្ញមួយរូប ខ្ញុំបាទសូមគោរពគាំទ្រនូវយុទ្ធសាស្រ្តនយោបាយដ៏វែងឆ្ងាយ ដ៏ស៊ីជម្រៅរបស់សម្ដេចពុក ដ៏ខ្ពង់ខ្ពស់ ដែលបន្តវេនដោយសម្ដេចមហាបវរធិបតី សម្ដេចហ៊ុន ម៉ាណែត ដ៏ខ្ពង់ខ្ពស់! ដែលថានឹងផ្ដល់ដីសម្បទានដល់ប្រជាពលរដ្ឋដែលមិនមានដីស្រែ ដីលំនៅឋាន ដីបង្កបង្កើនផល ។ ចំពោះខ្ញុំបាទៗសូមគោរពគាំទ្រ ហើយស្មោះត្រង់ជាទីបំផុត ខ្ញុំបាទសូមទៅរស់នៅទីនោះតែម្ដង តាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ តាមតំបន់ដី ខ្ញុំបាទសុំតែដីតូចទេ មិនច្រើនទេ សុំតែទទឹង១៥ម៉ែត្រ និងបណ្ដោយ ២៥ម៉ែត្រ បានហើយ»។
សាពូន មីដាដា បន្តថា «ខ្ញុំបាទសូមចូលរួមចំណែករួមរស់នៅទីនោះ បង្កបង្កើនផល និងអភិវឌ្ឍសេដ្ឋកិច្ចធុនតូច តាមលទ្ធភាពដែលខ្ញុំបាទអាចធ្វើទៅបាន ដើម្បីរួមចំណែកក្នុងការចូលរួមកសាង អភិវឌ្ឍន៍ និងការពារព្រំប្រទល់ ការពារជាតិរបស់ប្រទេសជាតិយើង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចពុក ដ៏ខ្ពង់ខ្ពស់ជាទីបំផុត និងសម្ដេចមហាបវរធិបតី សម្ដេចបងប្រុស ខ្ពង់ខ្ពស់ជាទីបំផុត ។ ខ្ញុំបាទសូមបម្រើដោយក្ដីស្មោះត្រង់ គោរពស្មោះត្រង់ បម្រើខ្ពង់ខ្ពស់បំផុត ។ ខ្ញុំបាទនឹងទៅនៅទីនោះតែម្ដង តាមបណ្ដាព្រំដែន ព្រំដែនវៀតណាម ក៏បាន ព្រំដែនឡាវ ក៏បាន ឲ្យតែសម្ដេចពុក ដ៏ខ្ពង់ខ្ពស់ សម្ដេចបង ដ៏ខ្ពង់ខ្ពស់ អនុគ្រោះនិងផ្ដល់ឲ្យដីលំនៅឋាន» ។
សាពូន មីដាដា បន្តទៀតថា «លំនៅឋានហ្នឹង នៅក្នុងហ្នឹង មានបង្កបង្កើនផលហើយ តែខ្ញុំបាទមិនចង់បានធំ បានច្រើនអីទេ សុំតែ ១៥ម៉ែត្រ និង២៥ បានហើយ ហើយនិងកូនខ្ទមតូចមួយនៅទីនោះ។ ខ្ញុំបាទនឹងស្ម័គ្រចិត្តដោយក្ដីស្មោះត្រង់បំផុត នឹងទៅរស់នៅទីនោះតែម្ដង ។ ដោយក្ដីគោរពស្មោះត្រង់ដ៏ខ្ពង់ខ្ពស់បំផុតដល់សម្ដេច ពុក សម្ដេចម៉ែ និងសម្ដេចមហាបវរធិបតីដ៏ខ្ពង់ខ្ពស់បំផុត។ ជាចុងបញ្ចប់ មិនមានអីទេ មានតែសំឡេងហ្គីតារ បន្តិចបន្តួច និងច្រៀងបទ “ពុកអើយ ម៉ែអើយ” គោរពផ្ញើជូនដល់សម្ដេចពុក សម្ដេចម៉ែ សម្ដេចបង ដ៏ខ្ពង់ខ្ពស់ តែបន្តិចទេ ខ្លាចវែងពេក បង្ហោះទៅ គេមិនអនុញ្ញាត…” ៕ កុលបុត្រ