ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់បុរសម្នាក់ បានសម្រេច រួចដោះយកស៊ីមដាក់ចូលទូរស័ព្ទខ្លួន បង្កើតគណនីតេឡេក្រាម ដាក់ឈ្មោះរបស់ជនរងគ្រោះ និងបានឆាតទៅខ្ចីលុយគេ សរុបចំនួន៩នាក់ តែក្នុងនោះ មានម្នាក់ស្គាល់ជនរងគ្រោះច្បាស់ និងដឹងរឿងជនរងគ្រោះបាត់ទូរស័ព្ទ ក៏រៀបគម្រោងចាប់ក្របួចជនសង្ស័យបាន ប្រគល់ឱ្យសមត្ថកិច្ច។
ករណីលួចទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។
ជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះពុំ ពេជ្យ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះជួល ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ (បាត់ទូរស័ព្ទ ១គ្រឿង ម៉ាក OPPO A3 ពណ៌ខ្មៅ លេខស៊ីម ០៦៨ ៤៦៣ ១៣១) និងទី២-ឈ្មោះស៊ីង សំណាង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះជួល ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ (បាត់ប្រាក់រៀលចំនួន១០ម៉ឺនរៀល)។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួន មានឈ្មោះហែម បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ (មានសារធាតុញៀន)។ ចំពោះសម្ភារៈដកហូត រួមមាន ទូរស័ព្ទ ១គ្រឿង ម៉ាក OPPO ពណ៌ក្រហម (ជារបស់ជនសង្ស័យ) និងលេខស៊ីម ០៦៨ ៤៦៣ ១៣១ (ជារបស់ជនរងគ្រោះ)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ខណៈដែលជនរងគ្រោះកំពុងដេកលក់ ស្រាប់តែមានជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលូកដៃតាមប្រឡោះបង្អូច លួចយកទូរស័ព្ទ ១គ្រឿង ម៉ាក OPPO A3 ពណ៌ខ្មៅ លេខស៊ីម ០៦៨ ៤៦៣ ១៣១ របស់ជនរងគ្រោះឈ្មោះពុំ ពេជ្រ បានសម្រេច រួចយកគេចខ្លួនបាត់។
លុះមកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ មានជនសង្ស័យម្នាក់ ឈ្មោះហែម បញ្ញា បានយកស៊ីមលេខ ០៦៨ ៤៦៣ ១៣១ បង្កើតតេឡេក្រាម ដាក់ឈ្មោះជនរងគ្រោះឈ្មោះពុំ ពេជ្រ ដើរឆាតឆបោកខ្ចីប្រាក់ជនរងគ្រោះ ចំនួន៩នាក់ ដោយឆាតខ្ចី ចាប់ពី៨ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ហើយចុងក្រោយបានឆាតទៅខ្ចីប្រាក់ជនរងគ្រោះឈ្មោះស៊ីន សំណាង ចំនួន១០ម៉ឺនរៀល ទើបជនរងគ្រោះទាំង២នាក់ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសិត្បូ ចាំឃ្លាំមើលនៅកន្លែងទទួលប្រាក់វីង ឃើញជនសង្ស័យមកដកប្រាក់ ក៏ចាប់ឃាត់ខ្លួន យកមកសាកសួរ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានយកលេខស៊ីម ០៦៨ ៤៦៣ ១៣១ បង្កើតតេឡេក្រាម ដាក់ឈ្មោះជនរងគ្រោះ ឈ្មោះពុំ ពេជ្រ ដើរឆាតឆបោកប្រាក់គេ ចំនួន៩នាក់ ប្រាកដ មែន តែជនសង្ស័យ បានឆ្លើយបដិសេដថា ខ្លួនមិនបានលួចទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះពុំ ពេជ្រ ឡើយ។ ចំណែកស៊ីមលេខ០៦៨ ៤៦៣ ១៣១ គឺគេរើសបាន។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕