Friday, November 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្វើឲ្យជំរំទេវតា.../ឆេះ ក្រសួងមហាផ្ទៃ ថ្កោ.../លទោ/...សអ្នកញុះ.../ញង់បំបែ/...កបំបា.../ក់សាមគ្គីផ្ទៃក្នុង

ធ្វើឲ្យជំរំទេវតា…/ឆេះ ក្រសួងមហាផ្ទៃ ថ្កោ…/លទោ/…សអ្នកញុះ…/ញង់បំបែ/…កបំបា…/ក់សាមគ្គីផ្ទៃក្នុង

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការនិងធ្ងន់ធ្ងរបំផុត ចំពោះទំព័រហ្វេសប៊ុកជននិរទេសខ្លួននៅក្រៅប្រទេស ចំនួនពីរ ដែលជាពួកប្រឆាំង ក្រុមលោកសម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ដែលបន្តញុះញង់ឱ្យកងកម្លាំង ងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល និងអុចអាលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងគណបក្សកាន់អំណាច។

ជាមួយគ្នានេះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ញើសារជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយបញ្ជាក់ថា ការប្រតិដ្ឋព័ត៌ មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងរូបលោក និងថ្នាក់ដឹកនាំកំពូល ឬរវាងថ្នាក់ដឹកនាំផ្សេង ទៀត និងថ្នាក់ដឹកនាំកំពូល គឺជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈនិងគោលជំហររបស់លោកឡើយ។

លោកបណ្ឌិត ស សុខា ក៏បានចេញសេចក្តីប្រកាសបដិសេធនូវព័ត៌មានក្លែងក្លាយ ដែលថារូបលោក ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋាន:ជា សម្តេចក្រុមព្រះ អភិសន្តិបណ្ឌិត ស សុខា និងសូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវដើម្បីនាំខ្លួនជនល្មើស យកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។

សេចក្តីប្រកាសថ្កោលទោសរបស់ក្រសួងមហាផ្ទៃ លេខ ០១៥ សប្រក ចុះថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «ក្រសួងមហាផ្ទៃ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុតចំពោះទំព័រហ្វេសប៊ុកនិរទេសខ្លួននៅក្រៅប្រទេស ចំនួនពីរ ឈ្មោះ Samdach Seng Ratana ដែលម្តងហើយម្តងទៀត ធ្វើសកម្មភាពញុះញង់អុចអាលឱ្យកង កម្លាំងនគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ សហការនឹងកងកម្លាំងផ្សេងទៀត ប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ និងគណនី Tik Tok ឈ្មោះ Serey Sophea37 ដែលបានក្លែងព័ត៌មានដោយបំភ្លៃថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ ដែលផ្ទុយពីការបញ្ជាក់ជារឿយៗរបស់សម្តេច ថាលោកគ្មានមហិច្ឆតាបន្តិចបន្តួចទាល់តែសោះចង់ធ្វើជានាយករដ្ឋមន្ត្រីនោះ។

ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា តាមផ្លូវច្បាប់ បន្ទាប់ពីរបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសំណាក់រដ្ឋសភាជាតិ លើរាជរដ្ឋាភិបាល ទាំងមូល ក្រសួងមហាផ្ទៃ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតួនាទី ភារកិច្ចគ្រប់គ្រងរដ្ឋបាលដែនដី កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រោមការបញ្ជាដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីបម្រើសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព សុវត្ថិភាពសង្គម និងសុខសន្តិភាពជូនប្រជាពល រដ្ឋ ពុំមែនដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ។ ដូច្នេះសាររបស់សកម្មជនប្រឆាំងជ្រុលនិយមខាងលើ គឺជាឧបាយកលទុច្ចរិត ញុះញង់អុចអាលបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ដូចដែលបុគ្គលដែលហៅខ្លួនឯងថា Samdach Seng Ratana បានអះអាងថា «គេនៅមានក្លេជាច្រើនទៀត ប្រឌិតឡើង ដើម្បីធ្វើឱ្យជំរំទេវតាឆេះ» ដែលគេចង់សំដៅដល់រាជរដ្ឋាភិបាលស្របច្បាប់ បច្ចុប្បន្ននិងអនាគត។

គំនិតដ៏ស្មោកគ្រោកទាំងនេះ គឺជាឧក្រិដ្ឋកម្មនយោបាយ និងជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរដែលអាចបង្កអន្តរាយដល់ប្រជាជននិងជាតិ តាមរូបភាពចិញ្ចឹមចិត្តញុះញង់ឱ្យកងកម្លាំងសាធារណៈ ងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ ផ្ទុយទៅវិញ កងកម្លាំងសាធារណៈ ជាពិសេសកងកម្លាំងនគរបាលជាតិទាំងអស់ ពុំដែលមានការភ័ន្តច្រឡំលង់តាមមនោគមន៍វិជ្ជាអគតិនោះទេ គឺមានតែសាមគ្គីយ៉ាងរឹងមាំ គាំទ្រ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមអគ្គមគ្គុទេសក៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឥតងាករេ។ ជាពិសេស ក្នុងតម្លៃណាក៏ដោយ កងកម្លាំងនគរបាលជាតិ និងមន្ត្រីចំណុះក្រសួងមហាផ្ទៃ ទាំងអស់ ប្តេជ្ញាការពារឱ្យខាងតែបាននូវស្ថិរភាព និងសន្តិភាព»។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយបញ្ជាក់ថា ការប្រតិដ្ឋព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងរូបលោក និងថ្នាក់ដឹកនាំកំពូល ឬរវាងថ្នាក់ដឹកនាំផ្សេងទៀត និងថ្នាក់ដឹកនាំកំពូល គឺជាឧបាយចូលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈនិងគោលជំហររបស់លោកឡើយ។

ក្នុងសារផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខ័ណ្ឌក្រសួងមហាផ្ទៃនោះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «កន្លងទៅ និងជាបន្តបន្ទាប់ ការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងខ្ញុំនិងថ្នាក់ដឹកនាំកំពូល ឬរវាងថ្នាក់ដឹកនាំផ្សេងទៀត និងថ្នាក់ដឹកនាំកំពូល គឺជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច នៅក្រៅប្រទេសតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈនិងគោលជំហររបស់ខ្ញុំឡើយ។ ខ្ញុំសូមបញ្ជាក់ម្តងហើយម្តងទៀតថា ក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល ខ្ញុំគោរពនិងអនុវត្តតាមអគ្គមគ្គុទេសក៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឥតងាករេ។ ក្នុងក្របខ័ណ្ឌគណបក្ស ខ្ញុំគោរពអនុវត្តតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍បក្ស និងតាមអគ្គមគ្គុទេសក៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ»។

សាររបស់លោក សុខា បន្តថា «ក្នុងន័យនេះ រាល់ប្រធានបទនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមពីក្រៅប្រទេស ខ្ញុំសូមមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយទាញទម្លាក់កម្ពុជា ចូលទៅក្នុងអន្លង់នៃសង្គ្រាមស៊ីវិលជាថ្មី។ សូមរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ បន្តរក្សាស្មារតីសាមគ្គីភាព និងជឿជាក់ខ្ពស់លើជំហររបស់ខ្ញុំដែលបានបញ្ជាក់ជូនខាងលើ។ ជាពិសេស សូមរួមគ្នាគាំទ្រនិងជឿជាក់ខ្ពស់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ដើម្បីអភិវឌ្ឍជាតិ ឱ្យសម្រេចបានជោគជ័យដូចដែលក្នុងរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន ជូនជាតិនិងប្រជាជន។ មនុញ្ញផលដែលបាននិងកំពុងកើតមាននេះ គឺជាបច្ច័យនៃកម្លាំងសាមគ្គីភាពដ៏រឹងមាំរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ឋានានុក្រមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ក៏មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ផងដែរ»។

សារលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថា «ខ្ញុំមានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទាំងអស់ បន្តរួមគិត រួមធ្វើ រួមទទួលខុសត្រូវ តាមទស្សនៈថា «រួបរួមគ្នាដើម្បីកម្ពុជា រុងរឿង»។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះកម្លាំងសាមគ្គីភាពប្រកបដោយស្មារតីទទួលខុសត្រូវ បង្ការ ទប់ស្កាត់បានយ៉ាងជោគជ័យ រាល់ចលនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។

ខ្ញុំសូមជូនពរមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!»។

បន្ថែមពីលើនេះ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក៏បានចេញសេចក្តីប្រកាសច្រានចោលនូវព័ត៌មានក្លែងក្លាយ ដែលថារូបលោក ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋាន:ជា សម្តេចក្រុមព្រះ អភិសន្តិបណ្ឌិត ស សុខា និងសូមអាជ្ញាធរមានសមត្ថកិច្ចស្រាវ ជ្រាវ ដើម្បីនាំខ្លួនជនល្មើស យកមកផ្តន្ទាទោសទៅតាមច្បាប់។

សេចក្តីប្រកាសបដិសេធរបស់លោកបណ្ឌិត ស សុខា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានក្លែងក្លាយ និងការបង្ហោះព្រះរាជក្រឹត្យក្លែងក្លាយមួយ ដែលពួកប្រឆាំងជ្រុលនិយម យកមកកាត់តថា ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋាន:លោក ជាសម្តេចក្រុមព្រះ អភិសន្តិបណ្ឌិត ស សុខា។

លោកបណ្ឌិត ស សុខា បានបង្ហោះរូបព្រះរាជក្រឹត្យក្លែងក្លាយនោះ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយសំណេរបដិសេធថា «ខ្ញុំសូមបដិសេធចំពោះព័ត៌មានក្លែងក្លាយនេះ និងសូមអាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវដើម្បីនាំខ្លួនជនល្មើស យកមកផ្តន្ទាទោសទៅតាមច្បាប់»៕ ខៀវទុំ

RELATED ARTICLES