ភ្នំពេញ៖លោកនូ ស៊ឹប មិននិយាយថាលោកនី រតនា អាចជំនួសលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលចាកចេញពីហង្សមាសអស់នោះបានទេ ប៉ុន្ដែអតីតតារាចម្រៀងហង្សមាសរូបនេះសង្កត់ថាក្នុងចំណោមតារាប្រុសទាំងអស់របស់ផលិតកម្មនេះនៅឆ្នាំ២០២៤គឺរតនា គ្រាន់បើជាងគេ។
អ្នកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែផលិតកម្មហង្សមាស និងនី រតនា រួមទាំងភរិយា
លោកនូ ស៊ឹប បានប្រាប់«នគរធំ» កាលពីពេលថ្មីនេះថា”និយាយទៅតាំងពីហង្សមាសអត់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ឥឡូវខ្ញុំមើលឃើញមានតែនី រតនា ទេគ្រាន់បើជាងគេ។រតនា មានបច្ចេកទេសច្រៀងល្អ ហើយរូបសម្បត្តិប៉ុណ្ណឹងក៍សាកសមជាអ្នកសិល្បៈម្នាក់ដែរ “។
នី រតនា បានជ្រកនៅហង្សមាសជិត៩ឆ្នាំ ហើយបន្ទាប់ពីលើកពានCambodian Idol រដូវកាលទី១កាលពីថ្ងៃទី១ ខែ១១ ឆ្នាំ២០១៥ ហើយរូបគេក៍ធ្លាប់ឈានទៅថតភាពយន្ដដើម្បីឲ្យមានសកម្មភាពសិល្បៈកាន់តែច្រើនដែរ ។តារាចម្រៀងមកពីខេត្តកំពង់ធំមានឈ្មោះដើមថានី ម៉ាប់ រូបនេះមិនធ្លាប់ច្រៀងបទប្រភេទខ្ពស់ៗបំផុតទេ តែរូបគេមានសម្លេងផ្អែម និងច្រៀងថ្នម ហើយបានរៀបការប្រពន្ធជាកូនអ្នកមានទ្រព្យស្ដុកនាងហេង សុវណ្ណភក្ដិណា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ និងពេលនេះមានកូន៣នាក់(ស្រី២) ។ប្រភភពបានឲ្យដឹងថាស្របពេលដែលតារាប្រុស ស្រីរបស់ហង្សមាសបានដើរចេញពីផលិតកម្មនេះបន្ដកន្ទុយគ្នាព្រោះតារាច្រើនពេកអត់បទចម្រៀងច្រៀងនោះរតនា នៅតែស្ថិតក្នុងបញ្ជីដែលហង្សមាសបន្ដប្រើប្រាស់តទៅទៀត ។ប៉ុន្ដែការដែលថៅកែហង្សមាសមិនទិញតារាប្រុសជើងខ្លាំងរូបណាដើម្បីមកជំនួសព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះមិនមែនម្ចាស់ផលិតកម្មរូបនេះទុកចិត្តសម្ថភាពរតនា ១០០% ថាអាចជំនួសអតីតតារាជើងខ្លាំងទាំងពីរដែលធ្លាក់ក្នុងកណ្ដាប់ដៃGalaxy នោះទេ ប៉ុន្ដែអាចមកពីអ្នកឧកញ៉ាចង់បើកផ្លូវឲ្យតារាជើងថ្មីៗដែលជ្រើសរើសបានពីការប្រលងចម្រៀងនោះមានឱកាសឡើងកូដវិញម្ដង បើទោះជាពេលនេះគេនៅតែមិនទាន់ឃើញហង្សមាសជ្រើសបានតារារូបណាមានសម្ថភាពប្រហាក់ប្រហែលព្រាប សុវត្ថិ ក្រោយប្រឹងជ្រើសរើសតារាចម្រៀងអស់រយៈពេល១០ឆ្នាំមកហើយក្ដី ។
ថ្វីត្បិតតែលោកនូ ស៊ឹប ថានី រតនា មានប្រៀបជាងគេនៅហង្សមាសពេលគ្មានព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក្ដី ប៉ុន្ដែមហាជនបានលើកឡើងថាលោកថែល ថៃ ,លីម តិចម៉េង និងថុល សុភិទិ ជាដើមក៍មានFan ច្រើនដែរ តែបញ្ហាសំខាន់គឺហង្សមាសពេលនេះមានតារាច្រើនជាងអ្នកនិពន្ធ ហេតុទោះជាពួកគេមានសម្ថភាពខ្លាំងប៉ុណ្ណា តែបើគ្មានបទច្រៀង តើឲ្យល្បីយ៉ាងម៉េចទៅ ?