ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធ ២នាក់ បានជួលដីមួយកន្លែង ដាំដំឡូងមី លុះពេលទៅពិនិត្យមើលដំណាំក្នុងចម្ការ ប្រ ទះឃើញគ្រឿងចក្រខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន កំពុងឈូសឆាយលើដំណាំដំឡូងមីរបស់ខ្លួន បណ្តា លឱ្យរងការខូចខាតអស់ចំនួន ៤ទៅ៥ជួរ ខណៈដែលលោកអនុប្រធានមន្ទីរ បានអះអាងថា លោកបានសុំការអនុញ្ញាតពីម្ចាស់ដីចម្ការ រួចរាល់ហើយ មុននឹងធ្វើការបើកបររថយន្តឆ្លងកាត់។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចចម្ការដំឡូងមី មួយកន្លែង ស្ថិតក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
លោកគឹម ឈៅ ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ប្រាប់ថា គាត់បានជួលដីគេ ដាំដំ ឡូងមី ចំនួន៣ហិកតារ នៅចំណុចទីតាំងកើតហេតុខាងលើ ដោយក្នុង ១ហិកតារ គាត់ជួលគេតម្លៃ ៨០ម៉ឺនរៀល។ បន្ទាប់ពីសង្កេតឃើញភ្លៀងធ្លាក់ជោកជាំស្ទើររាល់ថ្ងៃ ធ្វើឱ្យដំឡូងមីរបស់ខ្លួន ដែលជួលដីគេដាំ ដុះលូតលា ស់យ៉ាងល្អ គាត់ក៏បានប្រាប់ប្រពន្ធ ឱ្យជិះម៉ូតូទៅមើលចម្ការ។ លុះប្រពន្ធគាត់ជិះម៉ូតូទៅដល់ដីដំណាំភ្លាម ស្រាប់ តែស្លុតចិត្តយ៉ាងខ្លាំង ដោយឃើញរថយន្តនិងគ្រឿងចក្ររបស់មន្ទីរអភិវឌ្ឍន៍ជនបទ បានឈូសឆាយលើដើមដំឡូងមី របស់គាត់ អស់ប្រមាណ ៤ទៅ៥ជួរទៅហើយ ទើបប្រញាប់ទូរស័ព្ទមកប្រាប់រូបគាត់ជាប្តី ឱ្យចុះទៅមើលភ្លាមៗ។
លោកគឹម ឈៅ បានបញ្ជាក់ថា ពេលជួបជាមួយម្ចាស់ដី និងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ក៏មានការជជែកគ្នារកខុសត្រូវរៀងៗខ្លួន ដោយរូបលោក ជាម្ចាស់ដំឡូងមី បានជួលដីឱ្យថ្លៃឈ្នួលគ្រប់ចំនួនអស់ហើយ លុះពេលចង់ឈូសឆាយ ប៉ះពាល់ដំណាំ បែរជាម្ចាស់ដី មិនប្រាប់ដល់រូបលោកសូម្បីតែបន្តិចសោះ។
ចំណែកលោកសុខ ភក្តី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានបញ្ជាក់ថា ខាងលោកបានជម្រាបជូនម្ចាស់ដី ជាច្រើនលើកច្រើនសា អស់រយៈពេលជាយូរថ្ងៃមកហើយ ស្នើសុំផ្លូវចូលទៅឈូសឆាយដី ដើម្បីយកទៅធ្វើផ្លូវជូនប្រជាពលរដ្ឋ នៅក្នុងភូមិខាងលើ ហើយម្ចាស់ដំឡូងមី យល់ព្រម ទើបខាងលោក ធ្វើការឈូសឆាយផ្លូវចូលទៅទីនោះ។ លុះក្រោយពេលឈូសឆាយបានបន្តិច ស្រាប់តែមានរឿងបែបនេះតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ ខាងលោកមិនចង់ប៉ះពាល់ផលដំណាំរបស់ប្រជាពលរដ្ឋនោះទេ។
ចំណែកស្ត្រីម្នាក់ ជាម្ចាស់ចម្ការ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា គាត់ជួលដីឱ្យទៅស្ត្រីម្នាក់ ឈ្មោះម៉ៅ អាយុប្រហែល៥០ឆ្នាំ ឱ្យដាំដុះដំឡូងមី នៅលើដីនោះ តែគាត់មិនបានធ្វើខ្លួនឯងនោះទេ បែរជាជួលដីខាងលើនោះ ទៅឱ្យអ្នកផ្សេងវិញ ដោយពេលខាងមន្ទីរស្នើសុំឈូស ឆាយ ខាងម្ចាស់ដី បានប្រាប់យាយម៉ៅ ម្នាក់នោះដែរ ឱ្យជម្រាបម្ចាស់ដំណាំដំឡូងមីផង តែគាត់បានប្រាប់ថា បានប្រាប់រួចរាល់អស់ហើយ ដោយម្ចាស់គេយល់ព្រម។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកក៏មានការសម្របសម្រួលគ្នារវាងម្ចាស់ដី ជាមួយម្ចាស់ដំឡូងមី និងខាងមន្ទីរអភិវឌ្ឍន៍បទខេត្តប៉ៃលិន ក៏ត្រូវរ៉ូវគ្នា ដោយម្ចាស់ដីសុំសងថ្លៃការខូចខាតមួយចំនួន ដើម្បីបញ្ចប់រឿង៕