ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ ចំនួន២នាក់ បានធ្វើសកម្មភាពចូលទៅវាយយុវតីម្នាក់ ដល់បន្ទប់ជួល ប្លន់ទូរស័ព្ទរបស់យុវតីរងគ្រោះ ១គ្រឿង រួចព្យាយាមរត់គេចខ្លួនបាន៧ថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ ខ្លួនបាន ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។
ករណីវាយប្លន់ទូរស័ព្ទនេះ បានកើតឡើង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល លេខ១៧ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ រហូតមកដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនក្មេងស្រីសង្ស័យ បានចំនួន២នាក់។
ក្មេងស្រីសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោគឹម គន្ឋី ហៅហ្វា ភេទស្រី មុខរបរមិន ពិតប្រាកដ ស្នាក់នៅបន្ទប់ជួល តាមផ្លូវរថភ្លើង ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោទិន ចាន់ណា ហៅលីម៉ី ភេទស្រី មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលដំរី សង្កាត់កា កាប២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនយុវតីចំនួន២នាក់ (ឈ្មោះគឹម គន្នី ហៅហ្វា និងឈ្មោះទិន ចាន់ណា ហៅលីម៉ី) ពាក់ព័ន្ធករណីវាយប្លន់ទូរស័ព្ទ ប្រព្រឹត្តនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល លេខ១៧ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕