ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានឡើងទៅពួនសម្ងំនៅក្នុងបន្ទប់ទឹក ជាន់ទី២ ផ្ទះរបស់លោកភុំ សារ៉ាយ ដែលជាកីឡាករគុនខ្មែរជើងចាស់ លុះលោកភុំ សារ៉ាយ ប្រទះឃើញ ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងព័ទ្ធចាប់ឃាត់ ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១២៤ ក្នុងភូមិ៤ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យជាមនុស្សបែកថ្នាំខាងលើ មានឈ្មោះសួស សារ៉ាត់ អាយុ៣៤ឆ្នាំ មានលំនៅផ្លូវលេខ៧ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម្ចាស់ផ្ទះកើតហេតុខាងលើឈ្មោះភុំ សារ៉ាយ អាយុ៤៩ឆ្នាំ មុខរបរជាកីឡាករប្រដាល់ផង និងជាគ្រូបង្វឹកកីឡាគុនខ្មែផង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល កើតហេតុ គេមិនដឹងថា ជនសង្ស័យខាងលើ បានឡើងទៅសម្ងំនៅក្នុងបន្ទប់ទឹក ជាន់ទី២ ផ្ទះរបស់កីឡាករភុំ សារ៉ាយ តាំងពីពេលណានោះទេ តែក្រោយមកត្រូវបានលោកភុំ សារ៉ាយ ប្រទះឃើញ ក៏ស្រែកឆោឡោ និងហៅឱ្យជនសង្ស័យនោះចេញក្រៅ។ បន្ទាប់មកពួកគាត់ដែលជាអ្នកភូមិបាននាំគ្នាឡោមព័ទ្ធចាប់ជនសង្ស័យបាន រួចប្រគល់ឱ្យនគរបាលប៉ុស្តិ៍ ចោមចៅទី២ យកទៅសាកសួរតែម្តង។
ប្រភពដដែល បន្តថា មុនដំបូងកីឡាករភុំ សារ៉ាយ បានដាក់ការសង្ស័យថា ជននោះប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះរបស់គាត់ និងបានស្នើសុំឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ លុះក្រោយពេលសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ទើបដឹងថា ជននេះគឺជាមនុស្សបែកថ្នាំ ធ្លាប់ជាប់នៅ មណ្ឌលកែប្រែបន្សាបគ្រឿង ញៀនចំនួន៣ដងមកហើយ ទើបលោកភុំ សារ៉ាយ អត់ដាក់ពាក្យប្តឹង ហើយឯកភាពឱ្យសមត្ថកិច្ចបញ្ជូនជនសង្ស័យ រូបនេះ ទៅកាន់មណ្ឌលកែប្រែគ្រឿងញៀនជាលើកទី៤៕