Thursday, November 28, 2024
Homeតារាខ្មែរឌីចេ ហេរ៉ូ ខឹ.../ងប៉ូលិសផាក

ឌីចេ ហេរ៉ូ ខឹ…/ងប៉ូលិសផាក

ភ្នំពេញ ៖ លោកមុំ សាម៉េត ដែលគេស្គាល់ថា ឌីចេ ហេរ៉ូ (DJ Hero) ជាពិធីការកីឡាប្រដាល់គុនខ្មែរ មាត់ដាចមួយរូប ខឹងត្រូវសមត្ថកិច្ចចរាចរណ៍ឃាត់ផាកពិន័យ (បើកបរក្នុងស្ថានភាពស្រវឹង) បានបង្ហោះសារផ្តាំជេរសម ត្ថកិច្ចខណ្ឌសែនសុខថា “ប្រយ័ត្នរន្ទះបាញ់ងាប់!”។

គួរបញ្ជាក់ថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឌីចេ ហេរ៉ូ  បានបង្ហោះសារជាបន្តបន្ទាប់ ចំនួន២ ដែលមានខ្លឹមសារផ្ញើទៅកាន់សមត្ថកិច្ចខណ្ឌសែនសុខ ដោយក្នុងនោះសារទី១ បានសរសេរថា “លោកប៉ូលិសសែនសុខ ធ្វើការយប់ជ្រៅ គិតប្រពន្ធកូនផង ស៊ីប្រាក់ខែពួកខ្ញុំ កុំថោកពេក ប្រយ័ត្នរន្ទះបាញ់ងាប់…”។ លុះរំលងមិនបានប៉ុន្មានផង  ឌីចេ ហេរ៉ូ បានបន្ថែមសារមួយទៀតថា “បងប្អូនត្រូវចាំថា មន្ត្រីប៉ូលិសល្អជាងគេបំផុតក្នុងទីក្រុងភ្នំពេញ គឺប៉ូលិសខណ្ឌសែនសុខ យើងនេះហើយ..! ធ្វើការបម្រើរាស្ត្រងាប់ចោល”។

ជុំវិញករណីខាងលើនេះ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការផុសរបស់គណនីហ្វេសប៊ុក DJ Hero ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ថា កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចខាងមុខកន្លែងឈៀករថយន្ត បឹងបៃតង លើផ្លូវសម្តេច ជា ស៊ីម ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានរថយន្ត ១គ្រឿង ម៉ាក FORD Raptor ពាក់ស្លាកលេខ ភ្នំពេញ 2BW-5679 បើកបរដោយឈ្មោះមុំ សាម៉េត ហៅ DJ HERO ភេទប្រុស អាយុ៤៣ឆ្នាំ បើកបរទិសដៅពីកើត ទៅលិច ឆ្លងកាត់គោល ដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ទើបសមត្ថកិច្ចនៅគោលដៅនោះឃាត់ហៅត្រួតពិនិត្យ ជាលទ្ធផល អ្នកបើកបរមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩មិល្លីក្រាម ក្នុង១លីត្រខ្យល់ ទើបសមត្ថកិច្ចធ្វើការផាកពិន័យតាមច្បាប់។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ជាក់ថា ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង គឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ឆ្លើយតបទៅនឹងសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខាងលើនេះ នៅរសៀលថ្ងៃដដែលនោះដែរ លោកមុំ សាម៉េត ហៅឌីចេ ហេរ៉ូ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោកថា “អរគុណសម្រាប់ការបំភ្លឺ រសៀលនេះខ្ញុំនឹងឡាយបកស្រាយជូនអំពីដំណើររឿងនេះ ជូនសាធារណជនជ្រាប អរគុណបងប្អូនសមត្ថកិច្ចដែលមានកាយវាចាចិត្តល្អ ហើយមិនគាំទ្រទេ មន្ត្រីគ្រាប់ល្ពៅ…!”។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ “នគរធំ”មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួន ឌីចេ ហេរ៉ូ បានទេ កាលពីម្សិលមិញ៕

RELATED ARTICLES