ភ្នំពេញ ៖ បុរសម្នាក់ នៅសុខៗ ទៅឈរនោមដាក់ផើងផ្កា ខាងមុខហាងគេរកស៊ី លុះត្រូវបានបុគ្គលិកហាងឃើញ ចេញមកឃាត់និងស្តីបន្ទោស ស្រាប់តែច្រឡោតខឹង ជេរស្តីឱ្យបុគ្គលិកហាងថែមទៀត ជាហេតុធ្វើឱ្យគេទ្រាំលែងបាន ព្រួតវាយប៉ោងមុខ។
ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចហាងផឹកស៊ីមួយកន្លែង ត្រូទ្រីផាប់ ក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ និងមិត្តស្រី បានធ្វើដំណើរមកខាងមុខ បរិវេណហាងផឹកស៊ី ត្រូទ្រីផាប់ ខណៈមកដល់ខាងមុខហាង បុរសរូបនោះ បានឈរ នោ មដាក់ផើងផ្កានៅខាងមុខហាងរបស់គេ។ ភ្លាមៗនោះបុគ្គលិកដែលនៅខាងក្នុងហាងឃើញទង្វើមិនសមរម្យបែបនេះ ក៏ចេញមកឃាត់ និងស្តីឱ្យបុរសរូបនោះ ព្រោះហាងរបស់ខ្លួនមិនទាន់មានភ្ញៀវចូលផង បែរជាបុរសរូបនោះ ទៅឈរនោមបែបនេះ គឺអាក្រក់មើលណាស់។ និយាយរួច ស្រាប់តែត្រូវបុរសដែលឈរនោមមុខហាងគេនោះ បែរជាខឹងច្រឡោត ជេរស្តីបុគ្គលិកហាងនោះវិញ ទើបក្រុមបុគ្គលិកហាងទ្រាំលែងបាន ក៏នាំគ្នាព្រួតវាយបុរស រូបនោះ បណ្តាលឱ្យរងរបួសតែម្តង។
បន្ទាប់ពីត្រូវរបួស បុរសរូបនោះនិងមិត្តស្រី បានលើកទូរស័ព្ទដៃរបស់ខ្លួន ថតឡាយហ្វេសប៊ុក រៀបរាប់ពីហេតុ ការណ៍ដែលគេវាយខ្លួន រួចនាំគ្នាទៅមន្ទីរពេទ្យ ដើម្បីលាងរបួស។ បន្ទាប់ពីលាងរបួសរួច បុរសរូបនោះបានទាក់ទងទៅកាន់អ្នកសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយឱ្យខ្លួន ដោយបានវិលត្រឡប់មកហាងកើតហេតុវិញ។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការសាកសួរបឋមទើបដឹងថា មូលហេតុដែលនាំឱ្យកើតមានករណីហិង្សាខាងលើ គឺដោយសារបុរសរងគ្រោះ ទៅឈរនោមដាក់មុខហាងគេ លុះគេស្តីឱ្យ បែរជាជេរបុគ្គលិកហាង ទើបគេព្រួតវាយបែបនេះតែម្តង។
បន្ទាប់មក សមត្ថកិច្ចបានឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕