Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គុ.../កខេត្តកណ្តាលចង្អៀត ផ្ទេរអ្នកទោស២០០នាក់ ទៅពោធិ៍សាត់

 គុ…/កខេត្តកណ្តាលចង្អៀត ផ្ទេរអ្នកទោស២០០នាក់ ទៅពោធិ៍សាត់

ខេត្តកណ្តាល ៖ ទណ្ឌិត ចំនួន១៩៧នាក់ ដែលបានបញ្ចប់នីតិវិធីរួចរាល់នៅតុលាការ និងកំពុងឃុំខ្លួននៅពន្ធ នាគារខេត្តកណ្តាល ត្រូវបានដឹកជញ្ជូនផ្ទេរយកទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារនៃអគ្គនាយកដ្ឋានពន្ធនា គារក្រសួងមហាផ្ទៃ  បានបញ្ជាក់ប្រាប់ថា នេះជាសកម្មភានៃអនុវត្តតួនាទីរបស់អគ្គនាយកដ្ឋានពន្ធនាគារក្នុងការរៀបចំឱ្យបានរៀបរយនូវការគ្រប់គ្រងជនជាប់ឃុំ។ ពោលគឺអ្នកជាប់ឃុំ ដែលមានការកាត់ទោសរួចរាល់ ត្រូវរៀបចំឱ្យពួកគាត់ទៅកាន់មណ្ឌលអប់រំកែប្រែ ហើយទីតាំងដែលជាកន្លែងស្តារនីតិសម្បទា ពិតប្រាកដ គឺនៅតាមមណ្ឌលអប់រំកែប្រែ។ ម៉្យាងទៀត ក្រៅពីការផ្ទេរទណ្ឌិតទៅកាន់មណ្ឌលអប់រំកែប្រែហើយនោះ ការផ្ទេរដែលមានចំនួន ច្រើននៅថ្ងៃនេះ ក៏ដោយសារតែស្ថានភាពចង្អៀតណែននៅតាមពន្ធនាគារផងដែរ ដែលទាមទារឱ្យមានការផ្ទេរចេញ។

លោកមាន ថាវរិន្ទ បានឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះ មានចរន្តនៃការផ្ទេរអ្នកទោស ត្រូវបានធ្វើឡើងជាញឹកញាប់នៅគ្រប់ អង្គភាពទូទាំងប្រទេស ពោលគឺពីពន្ធនាគារ ដែលមានភាពចង្អៀតណែន ទៅកាន់កន្លែងដែលមានភាពធូរស្រាល ជាពិសេស នៅតាមមណ្ឌលអប់រំកែប្រែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយក ដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។

ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ  បានបញ្ជាក់ថា ដើម្បីអាចផ្ទេរអ្នកជាប់ឃុំពីពន្ធនាគារមួយទៅពន្ធនាគារមួយ ជាដំបូងឡើយ ត្រូវមានគោលការណ៍ពីក្រសួងមហាផ្ទៃ ក្នុងការអនុញ្ញាតផ្ទេរទៅតាមបញ្ជីឈ្មោះដែលបានស្នើទៅ បន្ទាប់មកទើបមានការរៀបចំកម្លាំង និងរថយន្តសម្រាប់ដឹកនាំជញ្ជូន។

ជាក់ស្តែង សម្រាប់ការដឹកជញ្ជូនផ្ទេរអ្នកទោសទាំង១៩៧នាក់ មានការចូលរួមសហការពីកម្លាំងនៃនាយកដ្ឋានសន្តិសុខ្ប កម្លាំងប្រតិបត្តិ នៃអគ្គនាយកដានពន្ធនាគារ កម្លាំងពីអង្គភាពពន្ធនាគារ ជាពិសេស ក៏មានចូលរួមពីកងកម្លាំងនៃអគ្គស្នងការនគរបាលជាតិ ដែលបានចូលរួម តាមការស្នើសុំនៅពេលមានការដឹកជញ្ជូនផ្ទេរអ្នក ទោសមានចំនួនច្រើនដូច្នេះ។ ក្រៅពីនេះ ក៏មានកងកម្លាំងនៅតាមមូលដ្ឋានបានចេញមកជួយ សម្របសម្រួលរហូតទាល់តែការដឹកជ្ជូនបានទៅដល់គោលដៅដោយជោគជ័យ។

តាមប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានឱ្យដឹងទៀតថា រាល់ការដឹកនាំជញ្ជូននាពេលកម្លងមក ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការរៀបចំរបៀបរៀបរយធ្វើយ៉ាងណាការពារសុខសុវត្ថិភាពដល់អ្នកជាប់ឃុំ និងកម្លាំងដែលចូលរួមទាំងអស់ តាមរយៈការត្រៀមទុកជាមុន គ្រប់ជ្រុងជ្រោយ បញ្ចៀសបាននូវហានិភ័យជាអតិ បរមា ធ្វើឱ្យបេសកកម្មដឹកជញ្ជូនអ្នកជាប់ឃុំរាល់លើកទទួលបានជោគជ័យ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ មកដល់ពេលនេះ មានចំនួនអ្នកជាប់ឃុំទូទាំងប្រទេស ប្រមាណ ជាង៥ម៉ឺននាក់ ដែលមាន ៤៩សញ្ជាតិ។ តាមការព្យាការណ៍តួលេខអាចមានការកើន ឡើងដល់ ៦ម៉ឺននាក់ នាពេលខាងមុខ ខណៈពន្ធនាគារមួយ ចំនួន កំពុងប្រឈមនឹងភាពចង្អៀតណែនក្នុងពេលបច្ចុប្បន្ននេះ៕

RELATED ARTICLES