Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រឿងក្នុ.../ងជ្រូកបង្កក បន្តហាមឃាត់ការនាំចូល ៦ខែទៀត

គ្រឿងក្នុ…/ងជ្រូកបង្កក បន្តហាមឃាត់ការនាំចូល ៦ខែទៀត

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសរួមគ្នាមួយ ជូនដំណឹងអំពីការសម្រេចបន្តហាមឃាត់ការនាំចូលថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កក ចំនួន ៦ខែថែមទៀត គឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ ប៉ុន្តែយ៉ាងណា វិធានការបន្តហាមឃាត់នេះ មិនអនុវត្តចំពោះគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញសម្រា ប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់នាំចេញឡើយ។

យោងតាមសេចក្តីប្រកាសជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងចំណែកសាច់បង្កក មានខ្លឹមសារទាំងស្រុងថា «ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពី វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជា ត្រូវបានសង្គ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចេញ។ ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីផ្តើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជា បន្តរងការគំរាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន រយៈពេល០៦ខែបន្ថែមទៀត ដែលមានសុពលភាព ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណ សម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល ដែលកំពុងប្រកបអាជីវកម្មលើមុខទំនិញខាងលើ ព្រមទាំងភាគីពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន»៕

RELATED ARTICLES