Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងថៅកែដេ.../ញចេញ លួ.../ចឡានលក់

ខឹងថៅកែដេ…/ញចេញ លួ…/ចឡានលក់

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែលជាបុគ្គលិកនៃមន្ទីរពហុព្យាបាលចិន គ្មានស្លាកយីហោមួយកន្លែង នៅឯខេត្តព្រះសីហនុ ខឹងថៅកែបញ្ឈប់ពីការងារ បែកគំនិតធ្វើសកម្មភាពលួចរថយន្តរបស់មន្ទីរពហុព្យាបាលខាងលើ ១គ្រឿង យកទៅលក់នៅក្រុងបាវិត ខេត្តស្វាយរៀង តែដោយសាររថយន្តមានឡូហ្គោពេទ្យ និងគ្មានឯកសារផង ទើបគ្មានអ្នកហ៊ានទិញ ក៏បើកត្រឡប់មកលក់នៅភ្នំពេញ ទីបំផុតត្រូវម្ចាស់ប្រទះឃើញ ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗតែម្តង។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវជិតយានដ្ឋានជួសជុលរថយន្តចិន មួយកន្លែង ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ មានឈ្មោះ LIN GUOTAI ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E89624285 ជាអតីតបុគ្គលិកនៅក្នុងមន្ទីពហុព្យាបាលចិន គ្មានយីហោ មួយកន្លែង ស្ថិតនៅឯខេត្តព្រះសីហនុ។ ចំណែករថយន្តដែលជនសង្ស័យលួចមក ម៉ាក Toyota ALPHARD ពណ៌ស ឆ្នាំផលិត២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2BE-8966 ដែលជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះគឹប សុផល អាយុ៤១ឆ្នាំ មុខរបរអ្នកគ្រប់គ្រង មានលំនៅ ភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពស្ត្រីជាម្ចាស់រថយន្ត បានបញ្ជាក់ប្រាប់ថា គាត់បានជួលរថយន្តខាងលើ ទៅឱ្យមន្ទីរពហុព្យាបាលចិន ជិត២ឆ្នាំមកហើយ ដោយក្នុង១ខែ ថ្លៃ៧០០ដុល្លារ ហើយខាងគាត់មានតំណាងម្នាក់ឈ្មោះឡុង ស៊ីថា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតភូមិពោធិ៍ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែកខាងមន្ទីរពហុព្យាបាលចិន ខាងលើនោះ តំណាងដោយឈ្មោះ HUANG YUANFANG ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EL1440693 ស្នាក់នៅក្រុមទី៧ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។

ប្រភពដដែល បន្តថា ដោយឡែកជនសង្ស័យ គឺជាបុគ្គលិកមន្ទីរពហុព្យាលខាងលើនោះ ប៉ុន្តែថ្មីៗនេះត្រូវបានថៅកែដកចេញ ហើយជននេះក៏នៅតែស្នាក់នៅក្នុងមន្ទីរពហុព្យាបាលនោះដដែល អត់បានចេញទៅស្នាក់នៅកន្លែងផ្សេងឡើយ។ លុះដល់វេលាយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ជនខាងលើ បានខ្ចីរថយន្តនោះពីខាងមន្ទីរពហុព្យាបាល ដោយប្រាប់ថា ជិះទៅហូបបាយ រួចក៏ជិះយកទៅបាត់រហូត មិនបានយកត្រឡប់ទៅប្រគល់ឱ្យខាងពេទ្យវិញឡើយ ទើបមានការភ្ញាក់ផ្អើល។

ម្ចាស់រថយន្តខាងលើ បញ្ជាក់ថា ពេលនោះគាត់ និងក្រុមគ្រួសារបានតាមរក ដោយខ្លះទៅខាងក្រុងបាវិត និងខ្លះទៀតទៅខេត្តផ្សេង ហើយរថយន្តនោះមានបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាព GPS ដែរ ប៉ុន្តែប្រព័ន្ធនេះបានខូចបាត់ទៅហើយ ចំណែកបងប្រុសគាត់ ក៏បានទម្លាក់រូបរថយន្ត និងប្រកូកប្រកាសតាមតេឡេក្រាម ក្នុងគ្រុបអ្នករត់តាក់ស៊ី គ្រប់បណ្តាខេត្ត ក្រុង ឱ្យជួយឃ្លាំមើលផងដែរ។

ដោយឡែកជនសង្ស័យ បានបើករថយន្តនោះគេចតាមផ្លូវល្បឿនលឿនចូលមករាជធានីភ្នំពេញ និងបានហួសទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីលក់ ឬបញ្ចាំនៅទីនោះ ប៉ន្តែអត់មានអ្នកហ៊ានទិញឡើយ ព្រោះរថយន្តជាប់ឡូហ្គោពេទ្យ និងគ្មានឯកសារអ្វីទាំងអស់។ បន្ទាប់មក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យបានចូលទៅកាន់យានដ្ឋានមួយកន្លែងនៅខេត្តស្វាយរៀង បកឡូហ្គោពេទ្យចេញ ហើយម្ចាស់យានដ្ឋាននោះ បានស្គាល់គ្នាជាមួយឪពុកគាត់ផងដែរ (ឪពុកម្ចាស់រថយន្ត) ប៉ុន្តែអត់បានដឹងថា រថយន្តនោះគឺជារបស់គាត់នោះឡើយ។

បន្ទាប់មកទៀត នៅវេលាយប់ថ្ងៃដដែល ជនសង្ស័យបានបើករថយន្តត្រលប់ចូលរាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា បានបើកយកទៅលក់នៅឯយានដ្ឋានជួសជុលរថយន្តជនជាតិចិន ១កន្លែង នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែម្ចាស់យានដ្ឋាននោះអត់ហ៊ានទិញទេ ព្រោះរថយន្តអត់មានឯកសារ ក្រោយមក បងប្រុសរបស់គាត់ បើករថយន្តធ្វើដំណើរឆ្លងកាត់ចំណុចខាងលើ ចៃដន្យបានប្រទេះឃើញរថយន្តនោះ កំពុងឈប់នៅតាមផ្លូវចំណុចខាងលើ និងឃើញជនសង្ស័យកំពុងស្ថិតនៅក្នុងរថយន្តនោះថែមទៀតផង ទើបបងប្រុសគាត់ ទូរស័ព្ទប្រាប់គាត់ និ់ងក្រុមគ្រួសារ នាំគ្នាទៅកាន់ចំណុចនោះ ព្រមទាំងប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទៅ៣ ឱ្យជួយឃាត់ទាំងមនុស្ស និងរថយន្ត នាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES