ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា បន្ទាប់ពីមានផេកហ្វេសប៊ុក ចុះផ្សាយព័ត៌មាន ដែលមានខ្លឹមសារថា “នោះម៉េចចេះ ប្រភពប្រជាពលរដ្ឋបានរាយការណ៍មកខ្ញុំថា លោកទូច សាមហុង មន្ត្រីប៉ុស្តិ៍អរិយក្សត្រ លេងល្បែងមាន់ជល់ ចាញ់គេហើយ មិនឱ្យលុយគេ ទំនេរ ចាំជួបខ្ញុំក្នុងវីដេអូឃ្លីប ខ្ញុំនឹងលម្អិតព័ត៌មាននេះបន្ថែម”។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត លោកអធិការនគរបាលក្រុងអរិយក្សត្រ បានបញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវ និងហៅមន្ត្រីខាងលើ មកអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីធ្វើការបំភ្លឺពាក់ព័ន្ធការចុះផ្សាយខាងលើ។
ជាលទ្ធផល ចំពោះរូបភាពទីតាំងបញ្ជល់មាន់ដែលបានបង្ហោះផ្សព្វផ្សាយខាងលើ មិនមែនលេងនៅក្នុងភូមិសា ស្ត្រខេត្តកណ្តាល នោះទេ។ ចំណែកមន្ត្រីដែលពាក់ព័ន្ធក្នុងរូបភាពនោះ គឺឈ្មោះទូច សាមហុង ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ។
តាមការបំភ្លឺរបស់មន្ត្រីខាងលើ បានឱ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយ ពេលយកកូនទៅចាក់ថ្នាំនៅភ្នំពេញ រួចហើយ ខ្លួនបានជូនប្រពន្ធនិងកូន ទុកនៅផ្ទះ នៅរាជធានីភ្នំពេញ ហើយជិះម៉ូតូម្នាក់ឯង មកលេងស្រុកកំណើត បានឃើញគេណាត់គ្នាលេងបញ្ជល់មាន់ ក៏ឆៀងចូលទៅមើល ហើយក៏មានការចាក់ភ្នាល់ជាមួយអ្នកទៅលេងទីនោះ ក្នុងពេលនោះក៏មានបញ្ហាទំនាស់ក្នុងការភ្នាល់ចាញ់ឈ្នះលុយ រវាងអ្នកលេងជាមួយគ្នាបន្តិចបន្តួច។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ករណីមន្ត្រីមានកំហុសឆ្គងខាងលើ អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ នឹងមានចំណាត់ការស្នើសុំគោលការណ៍តាមឋានានុក្រម ដើម្បីអនុវត្តវិន័យរបស់កងកម្លាំង ទៅលើមន្ត្រីរូបនោះ៕