ខេត្តព្រះសីហនុ ៖ លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋចំនួន៥១គ្រួសារ ស្ថិតក្នុងភូមិ១ និងភូមិ២ ក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង វាយប្រហារ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បណ្តាលជន់លិចលំនៅឋានរបស់ពួកគាត់អស់ និងជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់មកកាន់ទីទួល ឬភូមិដ្ឋានដែលមានសុវត្ថិភាពជាបណ្តោះអាសន្ន។
នៅក្នុងកិច្ចការជួយសង្គ្រោះកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដែលដឹកនាំដោយលោកម៉ាង ស៊ីណេត អភិ បាលខេត្តព្រះព្រះសីហនុ បានប្រើប្រាស់ដូចជា អាវពោង ចែកជូនប្រជាពលរដ្ឋ ទូក អូប័រ ខ្នាតមធ្យមសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ និងសម្ភារៈប្រើប្រាស់ផ្សេង មក កាន់ទីតាំដែលមានសុវត្ថិភាពជាបណ្តោះអាសន្ន រង់ចាំទឹកជំនន់ស្រកចុះទៅវិញ ទើបជូនដំណើរពួកគាត់ឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ ។
តាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារគណៈបញ្ជាការឯកភាពស្រុក ខេត្ត បានជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ មកទីតាំងមានសុវត្ថិភាពអស់ហើយ និងមិនមានប្រជាពលរដ្ឋណារងគ្រោះដល់អាយុជីវិតនោះទេ៕