ភ្នំពេញ៖ខេមរៈ សិរីមន្ដ បានបង្ហាញការចងចាំ ឬលាយឡំការហាក់អាណិតខ្លួននៅពេលដែលលោកបានទទួលស្គាល់ថារឿងគេថាលោកច្រៀង១យប់បានតែ៣ដុល្លារនោះគឺជាការពិត។ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមហាក់ចង់ចំអកឲ្យទៅលោកសិរីមន្ដ វិញថា២០ឆ្នាំមុនចម្រៀងរបស់លោកពិរោះតែ២០ឆ្នាំក្រោយស្ដាប់អត់ចូល។ហ្វេសបុកឈ្មោះគឹមផេង ផាត់ ខមិនថា«ចម្រៀងរបស់លោកជាង២០ឆ្នាំមុន ពិរោះជាង២០ឆ្នាំក្រោយ» ។ហ្វេសបុកឈ្មោះOung Senglim ខមិនថា«២០ឆ្នាំ ពុកខ្ញុំបម្រើរាជការ បានប្រាក់ខែ១០ម៉ឺនរៀលក្នុងមួយខែផង »។ហ្វេសបុកឈ្មោះRem Reab ខមិនថា«អាន៣ដង ពិបាកយល់ កាត់ន័យយក»…។
ខេមរៈ សិរីមន្ដ ពេលនេះគឺពិតជាមិនដូចមុនមែនព្រោះលោកមានការតុបតែងខ្លួន លេងម៉ូដសក់ សម្លៀកបំពាក់ប្លែកៗ ទៅតាមទឹកលុយ ប៉ុន្ដែនៅក្នុងកម្មវិធីGumball 300 ថ្ងៃទី១៦ កញ្ញា គេឃើញលោកថៃ បែជាគ្រងឈុតបុរាណទៅវិញ ទើបផ្អើលអស់អ្នកធ្វើតំណើរតាមផ្លូវសួនមុខវត្តបទុមវត្តី ។សម្រាប់ជីវភាពលោកថៃ វិញ៨ឆ្នាំចុងក្រោយនេះគេឃើញលោកមានយីអ៊ុនឡើងស្រឺតៗតែម្ដងហើយពេលនេះទោះជាមិនបាច់ចាំចេញច្រៀង ក៍លោកមានលុយចាយមិនចេះអស់ឡើយ ។
គួររំលឹកថាលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ធ្លាប់ច្រៀងនៅក្លឹបU2 កាលពីឆ្នាំ២០០៤ បានតម្លៃខ្លួន១យប់ត្រឹមតែ៣ដុល្លារ ឬ១ខែ៩០ដុល្លារប៉ុណ្ណោះ ហើយរូបរាងលោកស្គមស្គាំងស្បែកដណ្ដប់ឆ្អឹងនិងថាបណ្ដាលមកពីអត់អាហារ។ប៉ុន្ដែពេលនេះលោកថៃ មានលុយដុល្លារទាំងបាច់ៗ និងពេលចេញដំណើរទៅណាមកណាមានក្បួនរថយន្ដហែហមទៅដោយកងអង្គរក្សដោយលោកជិះរថយន្ដម៉ាកLamborghini ឆ្លាស់គ្នាជាមួយRolls Royce អមទៅដោយរថយន្ដRange Rover Defender ,Jeep Rubicon និងVolkswagen ជាដើម ប៉ុន្ដែបទចម្រៀងរបស់លោកមិនសូវផ្ទុះដូចមុនទេ បើទោះជាតាំងពីចេញហង្សមាសចូលGalaxy លោកថៃ អុកឡុកទីផ្សារចម្រៀងនៅផលិតកម្មមួយនេះជាងតារារួមទ្រនុំ ដែលធ្វើឲ្យទាំងលោកព្រាប សុវត្ថិ និងខេម ពេលខ្លះពិបាកទប់ទល់ខ្លះៗក្ដី ។ប្រភពបានឲ្យដឹងថាលោកថៃ នៅតែចង់ល្បីថែមទៀត ហើយមិនព្រមដកខ្លួនចេញពីអាជីពចម្រៀងតាមសំណូមពរអ្នកដឹកនាំការប្រគុំតន្រ្ដីខ្លះចង់ឲ្យលោកឈប់ច្រៀង ដើម្បីកុំឲ្យច្រៀងផង ធ្វើឧកញ៉ាផង នាំតែច្របូកច្របល់ក្រោយលោកឡើងជាឧកញ៉ាជាង២ឆ្នាំ ។
មជ្ឈដ្ឋានមហាជនចាំមើលថាលោកខេមរៈ សិរីមន្ដ ដែលលេងខ្លួនកាន់តែចម្លែកៗនៅឆ្នាំ២០២៤ នេះអាចនឹងមានការគាំទ្រច្រើនដូចមុន ឬយ៉ាងណា ក្រោយមានការអ្នកលេងហ្វេសបុកខ្លះមិនពេញចិត្តលោករឿងចេញមុខការពារថៅកែ និងគាំទ្រមន្រ្ដីធំមួយចំនួនកាន់តែសកម្មបែបនេះ ៕