Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួ.../ចម៉ូតូស្រីបាន៣ថ្ងៃ ជា.../ប់ខ្នោះ

លួ…/ចម៉ូតូស្រីបាន៣ថ្ងៃ ជា…/ប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូនារីម្នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់ លុះ៣ថ្ងៃ ក្រោយមក ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះជួល លេខ 36Eoz ផ្លូវលេខ១១០ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។ រហូតមកដល់វេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលាង ជីវ័ន្ត ហៅវ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ចំពោះវត្ថុតាងដកហូតបាន រួមមាន សាក់កាដូ ម៉ាក THE NORTH FACE ពណ៌ខ្មៅ មានឆ្នូតពណ៌ប្រផេះ ចំនួន១ និងមួកកាតិបម៉ាក CHANEL ពណ៌សចំនួន១ (ជារបស់ជនសង្ស័យពាក់ នៅពេលធ្វើសកម្មភាពលួច)។ ចំណែកជន រងគ្រោះ មានឈ្មោះពីន ស្រីនីត ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលលេខ 36Eoz ផ្លូវលេខ១១០ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។ រីឯសម្ភារៈបាត់បង់ រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ កំពង់ធំ 1K-1110 មានលេខតួ និងលេខម៉ាស៊ីន 5334471។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះលាង ជីវ័ន្ត ហៅវ័ន្ត នៅចំណុចផ្ទះជួលផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ពីបទលួចម៉ូតូ ១គ្រឿង នៅចំណុចមុខផ្ទះជួល លេខ 36Eoz ផ្លូវលេខ១១០ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង ៣និង១០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES