ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពល រដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចឆបោកប្រាក់ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring) ដែលជាល្បិចឆបោកថ្មីមួយ។
យោងតាមការជូនព័ត៌មានរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ថ្មីៗនេះ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ បានទទួលពាក្យបណ្តឹងនិងសេចក្តី រាយការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មី ដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម (Social Engineering) លើបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Pairing) ហើយលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញនូវវិធីសាស្ត្រជ្រៀតចូល និងឆបោកដូចខាងក្រោម ៈ
១-ឧក្រិដ្ឋជនប្រមែប្រមូលព័ត៌មាននិងសាវតារជនរងគ្រោះ (អាសយដ្ឋាន និងលេខទូរស័ព្ទ)។
២-ឧក្រិដ្ឋជន លួចភ្ជាប់បណ្តាញ (WiFi) របស់ជនរងគ្រោះ។
៣-ទូរស័ព្ទទៅកាន់លេខជនរងគ្រោះ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ (តួយ៉ាងសេវាផ្គត់ផ្គង់ទឹក ឬភ្លើងអគ្គិសនី) ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធី និងរបៀបភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធឺរណិត។
៤-អំឡុងពេលណែនាំ ឧក្រិដ្ឋជនបានឱ្យជនរងគ្រោះបើកដំណើរការ «Developer Mode» បើកជម្រើស «Wireless Debugging» និងភ្ជាប់ទូរស័ព្ទជនរងគ្រោះ ទៅកាន់ម៉ាស៊ីនកុំព្យូទ័រឧក្រិដ្ឋជន «Paring Device»។
៥- ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីជំនួយធ្វើការបញ្ជាកម្មវិធីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ និងលួចផ្ទេរប្រាក់ចេញទៅគណនីធនាគារផ្សេងទៀត។
ដើម្បីចៀសវាងការរងគ្រោះ ដូចបានរៀបរាប់ខាងលើនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបុគ្គលដែលបានទាក់ទងពីការផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬឯកជននានា។ ទន្ទឹមនឹងនោះ ត្រូវអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដូចខាងក្រោម ៖
១- ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវា ឱ្យបានច្បាស់លាស់ មុនសម្រចធ្វើតាមការណែនាំផ្សេងៗ។
២- ដាក់ប្រព័ន្ធការពារគណនី (រួមមាន ៖ 2FA លេខកូដរាល់ប្រតិបត្តិការ កំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការ៘)។
៣-ពិនិត្យសមតុល្យ និងកំណត់ត្រាប្រើប្រាស់គណនីធនាគារជាប្រចាំ ករណីមានការសង្ស័យណាមួយ ត្រូវទាក់ទងទៅកាន់ធនាគារ ជាបន្ទាន់។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ បានណែនាំឱ្យរាយការណ៍ ឬដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចជំនាញ ក្នុងករណីមានជួបប្រទះការចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា ដូចបានរៀបរាប់ខាងលើ៕