ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការការពារសុខភាព ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារសុខភាពក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ប្រព្រឹត្តទៅប្រកបដោយសុខុមាលភាព ក្រសួងសុខាភិបាល សូមអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្ន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការ អនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាព បណ្តាលមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាពពេលធ្វើដំណើរ ការបង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ដូចខាងក្រោម ៖
១- បង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលស្រា ៖
– ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យ និងចំណីអាហារដែលមានសុវត្ថិភាព ដោយត្រូវលាងសម្អាតដៃ មុនចាប់កាន់ចំណីអាហារ និងលាងឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោសសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ
– សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ
– ទុកដាក់អាហារឆៅ និងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា
– ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត និងអាហារសមុទ្រ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាព
– ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម
– កុំប្រើប្រាស់ចំណីអាហារហួសការកំណត់ប្រើប្រាស់
– មេតាណុល មិនមែនជាមេស្រាទេ កុំប្រើប្រាស់មេតាណុល ផលិតស្រា-ស និងស្រាថ្នាំ
– បញ្ឈប់ជាដាច់ខាតនូវការលក់ដូរស្រា-ស ឬស្រាថ្នាំ ដែលផលិតឬបិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
– ដាច់ខាតមិនត្រូវទិញឬពិសាស្រា-ស ឬស្រាថ្នាំ ដែលមានសារធាតុមេតាណុល បង្កគ្រោះថ្នាក់ខ្លាំងណាស់ និងបណ្តាលឱ្យបាត់បង់អាយុជីវិត។
២- រក្សាសុវត្ថិភាពពេលធ្វើដំណើរ ៖
– ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព ចៀសវាងមធ្យោបាយធ្វើដំណើរដែលមានផ្ទុកមនុស្សច្រើនហួសហេតុ
– ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ រាល់ពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ដោយសារតែការបើកបរលើសល្បឿនកំណត់ ឬមិនគោរពច្បាប់ ព្រមទាំងចៀសវាងការសេពគ្រឿងស្រវឹង នៅពេលបើកបរ និងដាច់ខាត មិនត្រូវសេពគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចឈានទៅរកសេចក្តីស្លាប់។
៣-បង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ៖
– ត្រូវចៀសវាងការក្អក ឬកណ្តាស់ ដោយមិនមានការការពារដល់អ្នកដទៃ ដោយត្រូវខ្ទប់មាត់ ពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោបង់ពាសវាលពាសកាល
– កុំប៉ះពាល់ ឬទទួលទានមាន់ ទា ឈឺឬងាប់
– ពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិទច្រមុះ មុនពេលចាប់កាន់មាន់ ទា ធ្វើម្ហូបអាហារ រួចហើយ ស្រុះវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម
– ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សម្លៀកបំពាក់ ទាំងនៅក្នុងនិងក្រៅផ្ទះ ឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស
– ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺ ឱ្យបានត្រឹមត្រូវ
– ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យនិងព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់ (មិនឱ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន) ហើយ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជនដែលមិនមានសមត្ថភាពព្យាបាលផ្នែកជំងឺគ្រុនឈាមឱ្យសោះ
– សូមអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ-សង្កាត់ មេត្តាជួយធ្វើការណែនាំការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចំណីអាហារ នៅតាមទីតាំងនានា និងរៀបចំទុកដាក់ម្ហូបអាហារ ឱ្យបានល្អ នៅតាមទីវត្តអារាម (កុំទុកដាក់ច្របូកច្របល់គ្នា) ដើម្បីចៀជៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីអាហារមិនមានសុវត្ថិភាព និងទប់ស្កាត់ការលក់ស្រាបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចៀសវាងយកសារធាតុមេតាណុល លាយធ្វើស្រា-ស ឬស្រាថ្នាំ ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់អាយុជីវិត។
ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឱ្យប្រជាជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ និងសូមជូនពរឱ្យបុគ្គលគ្រប់រូប ជួបនូវសុខភាពល្អ សុវត្ថិភាព និងចៀសផុតនូវជំងឺផ្សេងៗ។ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពធារ ណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេស្កូប៊ុកផ្លូវការ របស់នាយកដ្ឋានយុទ្ធ នឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ…៕