ភ្នំពេញ ៖ ផ្លូវបេតុងមាត់ប្រឡាយលូ ក្បែរគល់ស្ពានស្ទឹងមានជ័យ ត្រូវបានបាក់ស្រុតចុះទៅក្រោម ផ្អើលពលរដ្ឋក្បែរខាង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចមាត់ប្រឡាយលូស្ទឹងមាន ជ័យ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា គិតចាប់ពីមានការស្តារប្រឡាយលូស្ទឹងមានជ័យមានរយៈ ពេល១០ថ្ងៃជាងមកហើយ ដែលផ្លូវបេតុងមួយខ្សែនេះចាប់ផ្តើមស្រុតបន្តិចម្តងៗ ហើយក៏ធ្លាប់បានរាយការណ៍ជូនអាជ្ញាធររួចមកហើយ ប៉ុន្តែមិនមានចំណាត់ការអ្វីសោះ។ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ គាត់បានឃើញផ្លូវបេតុងនេះចាប់ផ្តើមមានសភាព ឃ្លាតពីគ្នាជាង១តឹក កាន់តែខ្លាំងឡើងៗ ស្រាប់តែម៉ោងប្រមាណ២រសៀលថ្ងៃដដែល ពេលគាត់កំពុងសម្រាន្តនៅក្នុងផ្ទះ ក៏ស្រាប់តែឮសំឡេងលាន់ដូចបែក ខណៈនោះ គាត់រត់មកមើល ក៏បានប្រទះឃើញផ្លូវបេតុងមួយខ្សែនៅខាងមុខផ្ទះរបស់គាត់ បានបាក់ស្រុតអស់បាត់ទៅហើយ តែសំណាងល្អមិនបង្ក ឱ្យនរណារងរបួសឡើយ។
លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ បានអោយដឹងថា ចំណុចផ្លូវនេះ គឺធ្លាប់ស្រុតម្តងរួចមកហើយ កាលពី៨ឆ្នាំមុន ហើយ ក៏ត្រូវបានជួសជុលឡើងវិញ មកចាក់បេតុងវិញម្តង។ លោកបន្តទៀតថា ចំពោះផ្លូវដែលរងការបាក់ស្រុតនេះដែរ គឺមានប្រវែង១៤៦ម៉ែត្រ។
បច្ចុប្បន្ន មន្ត្រីជំនាញផ្នែកជួសជុលផ្លូវកំពុងធ្វើការត្រួតពិនិត្យ និងសិក្សាពីផ្លូវរងការខូចខាតនេះ ដើម្បីវាយតម្លៃក្នុងការជួសជុលឡើងវិញ៕