Tuesday, September 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃា.../ត់ខ្លួនក្មេងទំ.../នើងបង្ហោះ.../ម៉ូតូ ៦នាក់

ឃា…/ត់ខ្លួនក្មេងទំ…/នើងបង្ហោះ…/ម៉ូតូ ៦នាក់

ខេត្តកណ្តាល ៖ នគរបាលស្រុកស្អាង បានឃាត់ខ្លួនក្រុមក្មេងទំនើង ៦នាក់ យកមកអធិការដ្ឋាននគរបាល បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះ បាននាំគ្នាបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យពេញផ្លូវ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។

មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ក្រុមក្មេងទំនើងដែលត្រូវបានឃាត់ខ្លួន មានគ្នា ៦នាក់ រួមមាន ទី១-ឈ្មោះសោត វុទ្ធី ហៅធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រែកស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ទី២-ឈ្មោះសែត ផា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិព្រៃនាងពួន ឃុំជម្រះពេនស្រុកសំរោង ខេត្តតាកែវ។ ទី៣-ឈ្មោះសឿង វាសនា ហៅពយ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រៃនាងពួន ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ។ ទី៤-ឈ្មោះសុខ ការីម ហៅរីម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរកាប់គោ មានលំនៅ ភូមិត្រពាំងស្រង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ទី៥-ឈ្មោះណាំ រត្ន័សាក់ ហៅសាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ និងទី៦-ឈ្មោះ ទុំ មករា ហៅមះ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងឡាន មានលំនៅ ភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ចំពោះវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំ ពេញ 1TH-9203។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW -9557។ ៣-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ក្រហមឡើង ស៊េរី២០២០ គ្មានស្លាកលេខ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា សហការជាមួយកម្លាំងប្រជាការពារ បានជិះម៉ូតូល្បាតតាមមូលដ្ឋានក្នុងភូមិសាស្ត្រឃុំកោះខ្សាច់ទន្លា បានឃើញក្រុមក្មេងទំនើងទាំង៦នាក់ខាងលើ ជិះម៉ូតូចំនួន៣គ្រឿង បានបង្ហោះម៉ូតូ នៅចំណុចភូមិចុងកោះកើត ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខ្សាច់ទន្លា និងកម្លាំងប្រជាការពារ បានជិះម៉ូតូប្រដេញ និងឃាត់ខ្លួនក្មេងទំនើងទាំង៦នាក់នោះ មកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ក្រុមក្មេងទំនើង ទាំង៦នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើ សកម្មភាពបង្ហោះម៉ូតូ ប្រាកដមែន។

ករណីខាងលើ កម្លាំងផ្នែកជំនាញ បានសុំគោលការណ៍អប់រំ រយៈពេល៣៦ម៉ោង នៅអធិការដ្ឋាននគរបាលស្រុកស្អាង និងធ្វើកិច្ចសន្យា និងហៅអាណាព្យាបាលមកទទួលទៅផ្ទះវិញ៕

RELATED ARTICLES