ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ប្រុសស្រីចំនួន២០នាក់ ដែលលួចលាក់ចូលមកប្រទេសកម្ពុជា ធ្វើការដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនប្រគល់ជូនអាជ្ញាធរថៃ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកវ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ជនជាតិថៃចំនួន២០នាក់ (ប្រុស៩នាក់ ស្រី១១នាក់) ដែលពាក់ព័ន្ធបទល្មើសលួចឆ្លងដែនចូលកម្ពុជា ដោយខុសច្បាប់ (គ្មានលិ ខិតឆ្លងដែន) ត្រូវបានកម្លាំងស្នាក់ការត្រៀមបណ្តេញចេញពីខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុ វត្តនីតិវិធី ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចថៃ មកទទួលយកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កម្ពុជា ដែលឈមច្រកទ្វារខ្លងលឹក ប្រទេសថៃ។
លោកវ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា ជនជាតិថៃ ចំនួន២០នាក់នេះ បានលួចឆ្លងដែនមកស្នាក់ធ្វើការនៅប្រទេសកម្ពុជា ជាជនអន្តោប្រវេសន៍ដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ហើយត្រូវបានប្រគល់ដោយភាគីកម្ពុជា មានលោកវរសេនីយ៍ទោ សេម មករា នាយផ្នែកនគរបាលអន្តោប្រវេសន៍ និងលោកអនុសេនីយ៍ឯក ស៊ាន រតនា នាយរងផ្នែកនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំណែកភាគីថៃ ដែលត្រូវទទួល មានលោកអនុសេនីយ៍ឯក SURAPOS KRUATANKUL នាយរងផ្នែកនគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិខ្លង លឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា រយៈពេលកន្លងមក ភាគីកម្ពុជា បានប្រគល់ជូនជនអន្តោប្រវេសន៍ថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយកម្ពុជា បានទទួលជនអន្តោប្រវេសន៍កម្ពុជា ដែលភាគីថៃ ចាប់បញ្ជូនឱ្យកម្ពុជា ដូចគ្នា នេះជាសហប្រតិបត្តិការល្អ រវាងអាជ្ញាធរមាន សមត្ថកិច្ចច្រកទ្វារព្រំដែនកម្ពុជា-ថៃ៕