ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់សង្ស័យមកពីដើរលេងជាមួយសង្សារថ្ងៃទិវានៃក្តីស្រឡាញ់ធ្លាក់ ពីលើម៉ូតូត្រូវរថយន្តសាំយ៉ុងកិនធ្លាយខួរខ្ទេចមុខស្លាប់ហើយរថយន្តបង្កនិងម៉ូតូសង្សារជិះគេចទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥៣នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខគ្រិះស្ថានមីក្រូហរិញ្ញវត្ថុប្រាសាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលស្លាប់នៅមិនទាន់គេស្គាល់អត្តសញ្ញាណនៅឡើយទេមានអាយុប្រមាណ ១៨ឆ្នាំ ភេទស្រី ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមានគ្នា៣នាក់ប្រុសម្នាក់ជាអ្នកបើកម៉ូតូដឹកស្រី២នាក់ ដោយនារីរងគ្រោះនៅអង្គុយក្រោយគេ សង្ស័យថាមកពីដើរលេងជាមួយមិត្តភក្កិឬសង្សារ នៅថ្ងៃទិវានៃក្តីស្រឡាញ់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ស្របគ្នាជាមួយរថយន្តសាំយ៉ុងមួយគ្រឿងពណ៌សមិនចាំស្លាកលេខ បើកលឿនស្របគ្នាមួយម៉ូតូនារីរងគ្រោះ ខណៈមកដល់ចំនុចកើតហេតុ នារីរងគ្រោះបានធ្លាក់ពីលើម៉ូតូក៏ត្រូវរថយន្តសាំយ៉ុងដែលបើកមកពីក្រោយកិនចំក្បាលធ្លាយខួរខ្ទេចមុខស្លាប់យ៉ាងអណោចអធមន៍ហើយរថយន្តបង្កបើកគេចទៅបាត់ ចំណែកម៉ូតូដែលឌុបនារីរងគ្រោះបានបត់ត្រឡប់ក្រោយមកមើលនារីរងគ្រោះមួយភ្លែតដែរឃើញស្លាប់ក៏បានជិះម៉ូតូ ចេញទៅបាត់ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនរងគ្រោះអាចមកពីដើរលេងជាមួយមិត្តភក្កិស្រីដែល មានសង្សារជាអ្នកឌុបហើយសង្ស័យផឹកស៊ីស្រវឹងផង ពេលដែលម៉ូតូជិះលឿនបន្តិចធ្វើឲ្យ ជនរងគ្រោះតោងអត់ជាប់បណ្តាលឲ្យធ្លាក់ពីលើម៉ូតូត្រូវរថយន្តកិនស្លាប់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌឆែករកមើលមិនឃើញមានអត្តសញ្ញាណនៅជាប់និងខ្លួនមិនដឹងទាក់ទៅបងប្អូនតាមវិធីណា បានរៀបចំដឹកសពទៅរក្សាទុកនៅវត្តតាំងកសាងខាងត្បូងដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ថោង ធីម