Friday, October 18, 2024
Homeតារាខ្មែរខេម៖សរសើរប្រពន្ធ និងថាត្រៀមរៀបការ

ខេម៖សរសើរប្រពន្ធ និងថាត្រៀមរៀបការ

ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហោខេម បានចេញមុខសរសើរភរិយា​លោកអ្នក​នាង​​ស្រីកា ថាជានារីម្នាក់ដែលធ្វើឲ្យលោកកក់ក្ដៅខ្លាំងណាស់ តាំងពីចាប់ដៃគ្នាជាង១០ឆ្នាំមក តែលោកមិនអាចកំណត់ថានឹងត្រូវរៀបការនៅពេលណាឡើយ ។

 លោកខេម ថ្លែងថា«គាត់(ស្រីកា)ទៅរស់នៅបារាំងតាំងពីតូច តែចិត្តគាត់នៅតែដក់ជាប់​នូវការ​ស្រលាញ់អរិយ ធ័មវប្បធ័មរបស់ខ្មែរជានិច្ច ។ខ្ញុំធ្លាប់សួរគាត់ថាអូនឯងស្រលាញ់បង មករស់នៅខ្មែរជាមួយបងបានអត់?គាត់ថាមានអីស្រុកខ្មែរក៍ជាស្រុករបស់គាត់ដែរតើ។ទោះជាគាត់រស់នៅប្រទេសស៊ីវីល័យមែន តែគាត់ស្រលាញ់ស្រុកខ្មែរណាស់ នេះហើយដែលធ្វើ​ឲ្យខ្ញុំ​កក់​ក្ដៅមែនទែន តាំងពីខ្ញុំនិងគាត់ ចាប់ដៃគ្នាជាង១០ឆ្នាំមកនេះ ។ប៉ុន្ដែទាក់ ទងរឿងថាខ្ញុំ​និង​គាត់រៀបការនាពេលណា អាហ្នឹងខ្ញុំមិនអាចប្រាប់ថ្ងៃខែឆ្នាំបានទេ តែពេលដល់ពិធីនោះកើត​ឡើង ខ្ញុំនិងអញ្ជើញអ្នកកាសែតឲ្យចូលរួមផងដែរ»។

ថ្វីត្បិតតែលោកខេម ព្យាយាមលាក់ថ្ងៃមង្គលការរបស់ខ្លួនមែន តែលោកបង្ហើបថា​អាច​នឹងធ្វើ​ឡើង​ក្នុងពេលឆាប់ៗ​ខាងមុខនេះហើយ ព្រោះលោកក៍មិនខ្លាចថារៀបការទៅប៉ះពាល់​ដល់​​អា​ជីព​​សិល្បៈខ្លួនដែរ។លោកថាបច្ចុប្បន្នភរិយាកំពុងរស់នៅស្រុកខ្មែរជាមួយលោក ហើយ​ជា​ទម្លាប់​​ក្នុង១ឆ្នាំលោកត្រូវនាំភរិយាទៅដើរកម្សាន្ដនៅបរទេសម្ដង ដើម្បីលំហែអារម្មណ៍​ពីការ​ងារ ប៉ុន្ដែមិនមែនទៅតែបរទេសនោះទេ ក្នុងស្រុកក៍លោកតែងតែនាំអ្នកនាងស្រីកា ដើរលេង​តាមបំបន់​រម្យនីយ៍ដ្ឋានជាញឹកញាប់ផងដែរ ។

ទាក់ទងគម្រោងចេញទៅច្រៀងសម្ដែងនៅបរទេសនារដូវធ្លាក់ភ្លៀងនេះវិញលោកខេម ថាដោយសារតែចាប់ពីខែ១០ ទៅលោកចាប់ផ្ដើមរវល់ចេញច្រៀងសម្ដែងក្នុងស្រុកឡើងវិញ ហេតុ​នេះលោកមិនមានផែនការណ៍ទៅ ច្រៀងនៅស្រុកគេនៅចុងឆ្នាំ២០២៤ នេះទេ ។លោក​បន្ថែម​ថាសូម្បីតែនៅរដូវភ្ជុំបិណ្ឌនេះ​ប៉ុន្មានថ្ងៃមុនលោកក៍ទើបតែចប់ការចេញច្រៀង​សម្ដែង​កម្ម​វិធីមួយចំនួន​ជាហូរហែផងដែរ។

 គួរបញ្ជាក់ថាខេម បានភ្ជាប់ស្នេហាជាមួយនារីអាណិកជនខ្មែរមកពីបារាំង​អ្នកនាង​ស្រី កា កាលពីឆ្នាំ២០១៥ ហើយពួកគេបានទិញផ្ទះវីឡាររស់នៅខ្មែរជាមួយគ្នា និងជិះរថយន្ដ ទំ​នើប​ម៉ាកRange Rover ទិញបានមានដីធ្លីមួយចំនួនទៀតផងដែរ ។ប្រភពបានឲ្យដឹងថា​ដោយ​សារតែលោកខេម កាន់គ្រីស្ទាន តាំងពីតូចហើយភរិយាលោករស់នៅប្រទេសអ៊ឺរ៉ុប ហេតុនេះ​មង្គលការរបស់ពួកគេនាពេលខាងមុខបើកើតឡើងមែនគឺ​នឹងធ្វើទៅតាមប្រពៃណី​ខ្មែរ​លាយ​គ្រីស្ទានជាមិនខាន។ប៉ុន្ដែពេលនេះខេម បានត្រឹមចេញមុខសរសើរពីគុណ​សម្បត្តិ​ប្រពន្ធ តែ​លោក​​​នៅ​តែ​មិនហ៊ានកំណត់ថ្ងៃមង្គលការរបស់ខ្លួនឲ្យជាក់លាក់ដដែល  ។

 មជ្ឈដ្ឋានមហាជនសង្កេតឃើញថាអាជីពចម្រៀងរបស់ខេម នារយៈពេល៤ឆ្នាំចុង​ក្រោ​យ​​​នេះគឺហាក់​នៅទ្រឹង ព្រោះការមកដល់របស់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ធ្វើឲ្យលោក​សុ​ណា​រិន ពិបាករក្សារតំណែងតារាប្រុសឈានមុខគេនៅGalaxy តទៅទៀត  បើទោះជា​លោក​នៅតែស្ថិតក្នុងចំណោមតារាដែលថៅកែឡង់សេក្ដី ។ចំណែកប្រភពខ្លះថាខេម ជាប្រធាន​ក្រុម​បាល់ទាត់ តារាកម្ពុជា រូបនេះនឹងឡើងជាឧកញ៉ានាពេលខាងមុខជាមិនខាន ពោលគឺដូចគ្នា​ទៅនិងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែរ ដែលពេលនោះគេគ្រប់គ្នានឹងហៅលោក​ថា​«ឧក​ញ៉ាខេម » ៕

RELATED ARTICLES