Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតុលាការកំពូល បំភ្លឺរឿងមន្ត្រីរំលោភដីវត្ត ឈ្នះក្តីចៅអធិការ

តុលាការកំពូល បំភ្លឺរឿងមន្ត្រីរំលោភដីវត្ត ឈ្នះក្តីចៅអធិការ

ភ្នំពេញ ៖ អ្នកនាំពាក្យតុលាការកំពូល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍បំភ្លឺ ពាក់​ព័ន្ធនឹងការសម្រេចក្តីចំពោះទំនាស់ដីធ្លីរវាងចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងបុគ្គលឈ្មោះអៀង សៀ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យតុលាការកំពូល បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួន បានផ្សព្វផ្សាយសម្ភាសន៍របស់ប្រធានសមាគមអាដហុក ឈ្មោះ នី សុខា ដែលបានផ្សព្វផ្សាយនូវវីដេអូឃ្លីប (Video Clip) មួយដែលមានខ្លឹមសារថា “តុលាការកំពូល កាត់ក្តីឱ្យមន្ត្រីរំលោភដីវត្តស្ទឹងមានជ័យ ជាអ្នកឈ្នះក្តីព្រះចៅអធិការ…”។

ករណីនេះ អ្នកនាំពាក្យតុលាការកំពូល សូមធ្វើការបញ្ជាក់ដូចតទៅ ៈ

១-ចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ព្រះនាម ថៃ ប៊ុនធឿន បានប្តឹងទាមទារដីទំហំ២៨ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ពីឈ្មោះហុក អៀង (ស្លាប់) មានកូនជាអ្នកបន្តសិទ្ធិ ឈ្មោះអៀង សៀ ដោយអះអាងថា ដីទំនាស់នេះជាដីរបស់វត្ត តាំងពីសម័យលន់នល់ ដែលវត្តនេះបាន ចាប់ផ្តើមកសាងឡើងវិញ ក្រោយឆ្នាំ១៩៧៩ ហើយបានជួសជុលនិងកសាងរបងជុំវិញវត្ត ក្នុងឆ្នាំ១៩៩០ និងថាឈ្មោះហុក អៀង ក្រោយបែកឆ្នាំ១៩៧៩ ចូលរស់នៅផ្ទះ ពីសង្គមរបស់គាត់មានអាសយដ្ឋាននៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ប៉ុន្តែក្រោយមក សាលាសង្កាត់ស្ទឹងមានជ័យ បានដកហូតនិងបានយកគ្រួសាររបស់ឈ្មោះហុក អៀង មករស់នៅលើដីវត្តស្ទឹងមានជ័យ ជាបណ្តោះអាសន្នតែប៉ុណ្ណោះ។

២-ចំណែក ភាគីចុងចម្លើយ អៀង សៀ ដែលត្រូវជាកូនរបស់ឈ្មោះហុក អៀង បានអះអាងថា គ្រួសាររបស់ខ្លួន បានចូលរស់នៅតាំងពីឆ្នាំ១៩៧៩ តាមការប្រគល់ឱ្យពីអាជ្ញាធរមូលដ្ឋាន។ ដីនេះមិនមែនជាដីវត្ត និងដីគ្មានរបងទេ។

៣-តាមការអះអាងរបស់ភាគីទាំង២ ខាងលើនេះ ចំណុចវិវាទគឺថាតើដីទំនាស់នេះជាជីរបស់វត្ត ឬទេ?

៤-ពាក់ព័ន្ធនឹងចំណុចវិវាទនៃរឿងក្តីនេះ គណៈកម្មការសុរិយោដីរាជធានីភ្នំពេញ ធ្វើការពិនិត្យ និងសម្រេចតាមសេចក្តីសម្រេចលេខ ៣១ គស.ភព/សសរ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ដោយទទួលស្គាល់សិទ្ធិរបស់គ្រួសារចុងចម្លើយឈ្មោះអៀង សៀ ពោលគឺមិនទទួលស្គាល់ សិទ្ធិទាមទាររបស់ដើមចោទឡើយ ហើយសេចក្តីសម្រេចនេះ ត្រូវបានគណៈកម្មការសុរិយោដីថ្នាក់ជាតិ សម្រេចតម្កល់តាមសេចក្តីសម្រេចលេខ ០៥១ សសរ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។ បន្ទាប់មក ដើមចោទបានប្តឹងតវ៉ាទៅសាលាដំបូងរាជធានីភ្នំពេញ ហើយសេចក្តីសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិនេះ ត្រូវបានតម្កល់ទុកជាបានការ ដោយតុលាការគ្រប់ជាន់ថ្នាក់។

៥-ការសម្រេចសេចក្តីរបស់គណៈកម្មការសុរិយោដីរាជធានីភ្នំពេញ និងថ្នាក់ជាតិ ព្រមទាំងការសម្រេចសេចក្តីរបស់តុលាការទាំងបីថ្នាក់ បានលើកយកសំអាងហេតុច្បាស់លាស់ ដោយផ្អែកលើភស្តុតាងជាច្រើន ដែលសន្និដ្ឋានបានថា ៖

(ក) ឈ្មោះ ហុក អៀង ជាឪពុករបស់ឈ្មោះ អៀង សៀ បានចូលមករស់នៅតាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន លើដីទំនាស់ ដែលកាលនោះជាដីព្រៃដុះស្មៅ តាមការប្រគល់ឱ្យរបស់អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ហើយដីនេះ ជាដីអតីតប៉ុស្តិ៍ប៉េអឹម ប៉ុស្តិ៍ប៉ូលិស និងសាលាសង្កាត់ លេខ៩ ពីសង្គមចាស់ មុនឆ្នាំ១៩៧៥ ដោយពុំពាក់ព័ន្ធនឹងដីវត្តឡើយ។ កិរិយាកាន់កាប់របស់ចុងចម្លើយ ធ្វើឡើងស្របតាមមាត្រា ៣៨ និងមាត្រាពាក់ព័ន្ធនៃច្បាប់ភូមិបាល។

(ខ) វត្ត ទើបតែធ្វើការជួសជុល និងធ្វើរបង នៅឆ្នាំ១៩៩០ ក្រោយការរស់នៅរបស់ឈ្មោះ ហុក អៀង។

(គ) ចៅអធិការវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ពុំមានភស្តុតាងណាបញ្ជាក់ថា ដីដែលឈ្មោះហុក អៀង រស់នៅ ជាដីរបស់វត្តទេ ទោះមុនឬក្រោយឆ្នាំ១៩៧៩ ក៏ពុំមានភស្តុតាងដែរ (មិនមានភស្តុតាងជាទ្រព្យសម្បត្តិគរុភណ្ឌរបស់វត្ត)។

៦-រឿងនេះ ត្រូវបានតុលាការកំពូល សម្រេចបញ្ចប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែ ភាគីដើមចោទ ចៅអធិការវត្ត ទើបតែលើកយករឿងនេះមកផ្សព្វផ្សាយតាមបណ្តាញសង្គម នាពេលនេះ។

តុលាការកំពូល មានការសោកស្តាយណាស់ ដែលពុំអាចដោះស្រាយបានតាមការទាមទាររបស់ចៅអធិការវត្ត ពីព្រោះភស្តុតាង អង្គហេតុ និងអង្គច្បាប់ បានកំណត់ច្បាស់លាស់ដូចដែលបានលើកឡើងខាងលើនេះ៕

RELATED ARTICLES