Wednesday, November 27, 2024
Homeសន្ដិសុខសង្គមពលរដ្ឋក្រុងសំរោង រអ៊ូរឿងផ្លូវជង្ហុ.../កសម្បុកមាន់

ពលរដ្ឋក្រុងសំរោង រអ៊ូរឿងផ្លូវជង្ហុ…/កសម្បុកមាន់

ខេត្តឧត្តរមានជ័យ ៖ ផ្លូវក្រាលចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅទីប្រជុំជនក្រុងសំរោង បានរងការខូចជាច្រើនកន្លែង ក្លាយជាជង្ហុកសម្បុកមាន់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ត្អូញត្អែរពិបាកធ្វើដំណើរ និងទទូចស្នើសុំឱ្យអាជ្ញាធរជំនាញផ្នែកពាក់ព័ន្ធ មេត្តាជួយធ្វើការជួសជុលផ្លូវ នេះ។

តាមប្រភពប្រជាពលរដ្ឋដែលរស់នៅក្បែរទៅនឹងទីតាំងផ្លូវក្រាលចាក់កៅស៊ូ ដែលកំពុងរងការខូចខាតយ៉ាង ធ្ងន់នេះ បានរៀបរាប់ប្រាប់កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ថា ផ្លូវចំណុចនេះ ខូចតាំងពីអំឡុងរដូវប្រាំង មកម៉្លេះ លុះចូលដល់រដូវវស្សានេះ មេឃមានភ្លៀងមកច្រើនទៀត ធ្វើឱ្យទឹកដក់ មើលទៅដូចរន្ធបាយខុំ កន្លែងខ្លះក្លាយជាជង្ហុក ហើយពេលដែលឡានម៉ូតូ ជិះចៀសគេចគ្នា ខ្ទាតទឹកមកលើពួកគាត់ក៏មានដែរ ដូចនេះពួកគាត់ក្នុងនាមជា ប្រជាពលរដ្ឋសូមស្នើទៅដល់លោកអភិបាលខេត្ត មេត្តាជួយចាត់ឱ្យមន្ទីរជំនាញ ធ្វើការជួសជុល ផ្លូវនេះឡើងវិញផង ពីព្រោះថាការចរាចរណ៍ធ្វើដំណើរទៅមករបស់បងប្អូននៅក្នុងក្រុងសំរោង ដែលជាតំបន់ទីប្រជុំជនមួយថ្ងៃៗ មានឡានម៉ូតូ ឆ្លងកាត់ទៅមកយ៉ាងច្រើន តាំងពីព្រឹក ទល់ល្ងាច និងយប់ក៏មានដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង បានបន្តថា បើតាមគាត់ដឹងច្បាស់ និងសង្កេតឃើញរាល់ថ្ងៃនេះ មូលហេតុដែលនាំឱ្យផ្លូវរងការខូចខាតយ៉ាងធ្ងន់នេះដែរ គឺដោយសារកត្តាឡានធុនធំជាច្រើនគ្រឿង តែងតែចរាចរណ៍ឆ្លងកាត់ជាញឹកញាប់ ចូលមកក្នុងតំបន់ទីប្រជុំជន ជាពិសេសគេចូលដាក់ទំនិញ មានដូចជាឡានដឹកគ្រឿងសំណង់ ឡានដឹកជី និងឡានដឹកទំនិញ គ្រឿងចាប់ហួយផ្សេងៗទៀត។ មួយវិញទៀត បើពុំមានការទប់ស្កាត់ឡានធំទាំងនោះទេ ផ្លូវកៅស៊ូនេះ ធ្វើហើយក៏នៅបន្តខូចដដែល ខាតតែថវិកាជាតិ។

គួរបញ្ជាក់ថា ចំពោះផ្លូវក្រាលចាក់កៅស៊ូដែលកំពុងរងការនេះផងដែរ អ្នកធ្វើដំណើរ ទាំងម៉ូតូទាំងឡាន គោយន្តកន្ត្រៃ ពួកគាត់តែងត្អូញត្អែរជារៀងរាល់ថ្ងៃ ខណៈដែលពេលខែវស្សាបែបនេះគឺមានជង្ហុកច្រើនកន្លែង នៅពេលដែលពួកគាត់ជិះម៉ូតូ តែងតែបើកធ្លាក់ជង្ហុក នៅពេលខ្លះជួបគ្រោះថ្នាក់ ដួលបែកមុខបែកមាត់ផងដែរ។

ជុំវិញករណីនេះ មន្ត្រីអ្នកនាំពាក្យរបស់រដ្ឋបាលសាលាខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់ថា មន្ទីរជំនាញផ្នែកពាក់ព័ន្ធ បានប្រជុំ លើកជាគម្រោងធ្វើការជួសជុលរួចរាល់អស់ហើយ តែរង់ចាំឱ្យផុតខែភ្លៀងសិន នឹងចាត់ក្រុមការងារធ្វើការជួសជុលផ្លូវដែលកំពុងរងការខូចខាតនេះ ដោយនៅពេលនេះ ជារដូវភ្លៀង ធ្វើពុំទាន់កើតទេ៕

RELATED ARTICLES