ភ្នំពេញ ៖ ផ្ទះស្តុកគ្រឿងជ័រកង្ហារ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈដែលម្ចាស់ចាក់ សោផ្ទះចោល ចេញទៅវត្ត ធ្វើបុណ្យដាក់បិណ្ឌ បណ្តាលឱ្យខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិជាច្រើន សរុបជាទឹកប្រាក់ប្រហែល ២០ម៉ឺនដុល្លារ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចផ្ទះលេខ៦២ ផ្លូវលេខ០៤ ក្នុងបុរីពិភពថ្មី៣ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងខ្មៅហុយចេញពីក្នុងផ្ទះកើតហេតុខាងលើ ហើយភ្លាមៗនោះ ប្រជាពលរដ្ឋបានជួយយកបំពង់ពន្លត់អគ្គិភ័យ បាញ់ទប់ស្កាត់អស់ជាច្រើនបំពង់ដែរ នៅតែមិនអាចទប់ស្កាត់បាន ទើបរាយការណ៍ទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ ចៀសវាងមានការរាលដាលកាន់តែខ្លាំង។
តាមប្រភពម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹកម៉ោង៦ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គាត់បានរៀបចំអុជធូបសែននៅក្នុងផ្ទះ លុះមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃដដែល គាត់ក៏បានចាក់សោផ្ទះ ចេញទៅវត្ត ប៉ុន្តែខណៈកំពុងធ្វើដំណើរមិនទាន់បានទៅដល់វត្តផង ស្រាប់តែមានអ្នកក្បែរខាងទូរស័ព្ទមកប្រាប់គាត់ថា “ផ្ទះគាត់ត្រូវភ្លើងឆេះហើយ” ភ្លាមនោះ គាត់បានបកត្រឡប់ក្រោយមកផ្ទះវិញ ឃើញភ្លើងកំពុងឆេះផ្ទះរបស់គាត់យ៉ាងសន្ធោសន្ធៅទៅហើយ។
តាមការបញ្ជាក់ប្រាប់ពីម្ចាស់ផ្ទះខាងលើ គ្រោះអគ្គិភ័យនេះ បានឆាបឆេះបំផ្លាញគ្រឿងជ័របង្គុំកង្ហារ របស់គាត់ អស់ប្រមាណ ២ម៉ឺនគ្រឿង គិតជាទឹកប្រាក់ ចំនួន២០ម៉ឺនដុល្លារ។
ជុំវិញប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានី ចំនួន៣គ្រឿង រថយន្តជំនួយអន្តរាគមន៍របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង និងរថយន្តទឹកស្រោចផ្កា បុរីពិភពថ្មី ចំនួន១គ្រឿង ទើបអាចបាញ់ពន្លត់រហូតរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕