Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូគេជិះ យកទៅប---/ញ្ចាំ ជា.../ប់ខ្នោះ២

ខ្ចីម៉ូតូគេជិះ យកទៅប—/ញ្ចាំ ជា…/ប់ខ្នោះ២

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ២នាក់ បានខ្ចីម៉ូតូ ១គ្រឿង ពីអ្នកស្គាល់គ្នាជិះ បែរជាយកទៅបញ្ចាំ លុះជនរងគ្រោះជាម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹង ក៏ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវចាប់ឃាត់ខ្លួនទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំ ណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រហូតមកដល់វេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ទើបកម្លាំងជំនាញអាវុធហត្ថបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ នៅចំណុចមុខកាស៊ីណូ ហ្គោដវើល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះលាង ឡា ហៅប៉័ងតោ  ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងក្រុងប៉ោយប៉ែត (មានសារធាតុញៀន) និងទី២-ឈ្មោះសុន វុធធឿន ហៅតឿ ភេទប្រុស មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកម៉ូតូដែលជនសង្ស័យខ្ចីជិះ យកទៅបញ្ចាំ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ជាកម្មសិទ្ធិរបស់ឈ្មោះ មាស កក្កដា ហៅវ៉ាង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ មូល ដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីឈ្មោះមាស កក្កដា ហៅវ៉ាង ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះលាង ឡា ហៅប៉័ងតោ ពីករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូជិះ យកទៅបញ្ចាំ) ប្រព្រឹត្តកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ីណូ ហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេ នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ (ឈ្មោះសុន វុធធឿន ហៅតឿ និងឈ្មោះលាង ឡា ហៅប៉័ងតោ) នៅចំណុចមុខកាស៊ីណូហ្គោដវើល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ (ជារបស់ជនរងគ្រោះ) រួចនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ យកទៅបញ្ចាំប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង បានកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕

RELATED ARTICLES