Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួ.../ចម៉ូតូតាអាចារ្យ រត់អ.../ត់រួច ខ្នោះ

លួ…/ចម៉ូតូតាអាចារ្យ រត់អ…/ត់រួច ខ្នោះ

ភ្នំពេញ ៖ លោកតាអាចារ្យម្នាក់ បានជិះម៉ូតូ ១គ្រឿង ទៅទិញកាហ្វេ នៅមុខវត្ត លុះពេលចុះពីម៉ូតូ ភ្លេចដកសោ ស្រាប់តែជនសង្ស័យម្នាក់ ឃើញឱកាសល្អ ក៏ឡើងជិះ បម្រុងរត់គេច តែត្រូវតាអាចារ្យជាម្ចាស់ម៉ូតូ ប្រទះឃើញទាន់ ស្រែកឆោឡោ ផ្អើលដល់អ្នកភូមិព័ទ្ធចាប់ក្របួចជាប់ និងព្រួតគ្នាស្វាគមន៍ម្នាក់១ដៃ១ជើង ឡើងទ្រោមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ច។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខវត្តកំពែង ស្ថិតក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពអ្នកភូមិ បានឱ្យដឹងថា មុនពេលកើតហេតុ លោកតាម្នាក់ដែលជាអាចារ្យវត្តកំពែង បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-5095 ចេញពីក្នុងវត្តខាងលើ ទៅទិញកាហ្វេ នៅមុខវត្ត។ លុះពេលទៅដល់កន្លែងលក់កាហ្វេ លោកតាបានចតម៉ូតូ នៅក្បែរខ្លួនគាត់ ប៉ុន្តែភ្លេចដកសោចេញពីម៉ូតូ ស្រាប់តែជនសង្ស័យម្នាក់ ឃើញឱកាសល្អ ក៏ឡើងម៉ូតូ ប្រុងគេចខ្លួន តែភ្លាមៗនោះ ត្រូវបានលោកតាអាចារ្យក្រឡេកឃើញទាន់ ក៏បានស្រែកថា ចោរ!ៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នក ភូមិក្បែរនោះ ព្រមទាំងអ្នកកំពុងផឹកកាហ្វេ បាននាំគ្នាចេញធ្វើការឡោមព័ទ្ធចាប់បាន រួចនាំគ្នាបញ្ចេញកំហឹង ម្នាក់១ដៃ១ជើង ឡើងទ្រោមខ្លួន ទើបប្រគល់ជូននគរបាលប៉ុស្តិ៍ព្រៃស នាំយកទៅសាកសួរ។

ក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកនាំខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES