Tuesday, November 26, 2024
Homeព័ត៌មានសិល្បៈម្ចាស់ផ្ទះរៀបចំ MGI 2024 នៅកម្ពុជា បំភ្លឺរឿងការដ.../កហូតសិទ្ធិកណ្តាលទី

ម្ចាស់ផ្ទះរៀបចំ MGI 2024 នៅកម្ពុជា បំភ្លឺរឿងការដ…/កហូតសិទ្ធិកណ្តាលទី

ភ្នំពេញ ៖ បន្ទាប់ពីលោកណាក់វ៉ាត់ ឥស្សរក្រៃស៊ីន ស្ថាបនិក Miss Grand International (MGI) ដែលជាកម្មវិធីប្រឡងកញ្ញាឯកអន្តរជាតិ  ដែលមានមូលដ្ឋាននៅប្រទេសថៃ បានប្រកាសដកសិទ្ធិកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Grand International 2024 លាលពីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដោយចោទថា កម្ពុជា មិនមានសមត្ថភាពក្នុងការរៀបចំកម្មវិធីឱ្យស្របទៅតាមស្តង់ដារ នៃកម្មវិធីដែលបានកំណត់មក លោកស្រី អ៊ឹម សុគន្ធា អ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា (Miss Grand Cambodia) ដែលបានទិញសិទ្ធិរៀបចំកម្មវិធី Miss Grand International 2024 បានចេញមុខបំភ្លឺភ្លាមៗ នៅយប់ថ្ងៃដដែល ដោយលោកស្រីបានថ្លែងថា លោកណាក់វ៉ាត់ ឥស្សរក្រៃស៊ីន ស្ថាបនិក Miss Grand International មិនឱ្យតម្លៃ និងមើលងាយអ្នកនាង និងក្រុមការងាររៀបចំរបស់កម្ពុជា។

លោកស្រីអ៊ឹម សុគន្ធា បានបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមទំព័រហ្វេសប៊ុក Miss Grand Cambodia ធ្វើការបកស្រាយបំភ្លឺ ដោយសម្តែងការមិនពេញចិត្ត និងបញ្ជាក់ថា មូលហេតុដែលកម្ពុជា មិនអាចបន្តកម្មវិធីនេះបាន គឺមានរឿងច្រើន ជាពិសេសគឺការរងសម្ពាធយ៉ាងខ្លាំងពីលោកណាក់វ៉ាត់ ឥស្សរក្រៃស៊ីន ស្ថាបនិក Miss Grand International ។

លោកស្រីអ៊ឹម សុគន្ធា បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះទង្វើរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន MGI (Miss Grand International) ដែលបានដាក់សម្ពាធមកលើក្រុមការងាររបស់លោកស្រី ផ្ទុយនឹងកិច្ចសន្យា។ លោកស្រីនិងក្រុមការងារ បានគូសបញ្ជាក់ពីហេតុផលមិនសមស្របជាច្រើន ដែលខាង MGI ថៃ ទាមទារមកខាងកម្ពុជា ប៉ុន្តែលោកស្រី សុំលើកយកតែ ៥ចំណុចធំៗ រួមមាន ៖

១- មុនដំណើររបស់កញ្ញាឯក Miss Grand International ទាំង៧៤ប្រទេស មកដល់រាជធានីភ្នំពេញ MGI និងក្រុមការងាររៀបចំកម្មវិធីខាងកម្ពុជា បានឯកភាពគ្នានូវលក្ខខណ្ឌមួយចំនួនរួចហើយ មិនថា Artwork កម្មវិធី ដំណើរទៅកាន់ទីណាខ្លះ ការស្នាក់នៅ ការទទួលទាន និងធ្វើដំណើរនោះឡើយ។ ប៉ុន្តែនៅពេលដែលក្រុមការងារ MGI មកដល់កម្ពុជា ជាក់ស្តែង តែងតែធ្វើការផ្លាស់ប្តូរកម្មវិធីភ្លាមៗ តាមចិត្តរបស់ខ្លួន ដោយមិនបានទុកពេលសមស្របសម្រាប់ក្រុមការងារខាងកម្ពុជា ឡើយ។

២- MGI បានចោទបុគ្គលិករៀបចំខាងកម្ពុជា ថាមិនបានរៀបចំអ្នកគាំទ្រ ឱ្យមកទទួលក្រុមកញ្ញាឯក ទាំង៧៤ប្រទេស ដោយទាមទារឲ្យរៀបចំ Fan ចំនួន៥០០នាក់ភ្លាមៗ ដោយតម្រូវឱ្យមានបដា និង poster ដើម្បីទទួលក្រុមកញ្ញាឯក ហើយថែមទាំងគំរាមថា នឹងមិនរៀបចំកម្មវិធីនៅកម្ពុជា ដោយទុកពេលឱ្យកម្ពុជា ២-៣ ម៉ោងប៉ុណ្ណោះ។ ខណៈកម្ពុជា បានពន្យល់ពីផលលំបាករបស់ខ្លួន និងមូលហេតុទាក់ទងនឹងពិធីបុណ្យជាតិដ៏ធំរបស់កម្ពុជា ជាហេតុធ្វើឱ្យមនុស្សម្នា ចាកចេញទៅស្រុកកំណើត ខ្លះក៏ធ្វើដំណើរកម្សាន្ត ជាហេតុដែលរាជធានីភ្នំពេញស្ងាត់ និងមិនមានការរៀបចំអ្នកគាំទ្រ។

៣- សម្រាប់ការដឹកនាំក្រុមកញ្ញាឯក ទៅកាន់តំបន់នានានៅព្រះរាជាណាចក្រកម្ពុជា MGI មិនបានធ្វើតាមកាលវិភាគរៀបចំរបស់ក្រុមការងារនៅកម្ពុជា ឡើយ ដោយតែងតែផ្លាស់ប្តូរទីតាំង ឬទាមទារអ្វីភ្លាមៗ តាមការចង់បានរបស់ខ្លួន ផ្ទុយពីលក្ខខណ្ឌដែលបានជជែកគ្នា។

ត្រង់ចំណុចនេះ លោកស្រីអ៊ឹម សុគន្ធា បានលើកឡើងពាក់ព័ន្ធនឹងការទទួលក្រុមកញ្ញាឯក ទាំង ៧៤ប្រទេស ដោយបញ្ជាក់ថា MGI បានទាមទារឱ្យក្រុមការងារខាងកម្ពុជា រៀបចំការទទួលទានអាហារពេលល្ងាច នៅលើទូក ខណៈខាងកម្ពុជា មិនយល់ស្រប ព្រោះតែអំឡុងខែនេះ ជារដូវភ្លៀងធ្លាក់ អាចមិនមានសុវត្ថិភាព។ ប៉ុន្តែទោះជាបែបនេះ MGI នៅតែទាមទារថា ត្រូវតែធ្វើតាមការចង់បានរបស់ខ្លួនដាច់ខាត។ ជាក់ស្តែង ដោយសារតែបញ្ហាភ្លៀងផង តម្រូវឱ្យក្រុមការងារត្រូវរូតរះរើចុះឡើង និងជូតសម្អាត ដើម្បីធានាសុវត្ថិភាពក្រុមកញ្ញាឯកផង ជាហេតុធ្វើឱ្យ MGI មានឱកាសជាថ្មី ចោទកម្ពុជា ថាយឺតយ៉ាវ និងទាមទារផ្លាស់ប្តូរទូកភ្លាមៗ ហើយថែមជាទូកដែលមិនមែនខាងកម្ពុជា ជាអ្នករៀបចំទៀតផង។

៤- MGI ទាមទារអាហារជប៉ុន ភ្លាមៗ តែនៅពេលដែលកម្ពុជា ធ្វើតាមសំណើហើយ បែរជាប្រកែកមិនទទួលយក ដោយលើកហេតុផលថា ហាងអាហារជប៉ុន តែជនជាតិខ្មែរ ជាអ្នកធ្វើ។

៥- MGI គ្រប់គ្រងកម្ពុជា សូម្បីតែការរៀបចំឆាក និងតុកម្មវិធីទទួល បើទោះជាបានឯកភាពគ្នាលើ artwork ដែលដាក់ទៅខាង MGI រួចហើយក៏ដោយ។ ប៉ុន្តែនៅពេលដែលរៀបចំជាក់ស្តែង MGI តែងបង្ហាញការមិនពេញចិត្តនឹងការរៀបចំរបស់កម្ពុជា និងទាមទារផ្លាស់ប្តូរភ្លាមៗជានិច្ច។

លោកស្រី អ៊ឹម សុគន្ធា អ្នករៀបចំកម្មវិធី Miss Grand Cambodia និង Miss Grand International 2024 បានបញ្ជាក់ថា “តាំងពីទិញកម្មវិធីនេះមក ខ្ញុំមិនបានធ្វើការក្រុមហ៊ុនខ្ញុំទេ គឺដោះស្រាយរឿងច្រើនជាង ព្រោះ១ថ្ងៃៗ អង្គុយតែដោះស្រាយពីបញ្ហាកម្មវិធីគេរហូត ខុសរហូត ហើយថាបុគ្គលិកយើង unprofessional (គ្មានជំនាញ) បងប្អូនបានឃើញហើយមែនទេ? ពេលដែលខ្ញុំបានធ្វើកម្មវិធី Miss Grand Cambodia ខ្ញុំទទួល ស្គាល់ Miss Grand Internatinal គឺជាកម្មវិធីមួយថ្មីសម្រាប់ខ្ញុំ ប៉ុន្តែមុននឹងយើងទទួលយកមកធ្វើជាម្ចាស់ផ្ទះ យើងបានពិភាក្សា រៀបចំគម្រោងអស់ហើយ ថ្ងៃនេះធ្វើអី? ថ្ងៃនេះរៀបអី? ប៉ុន្តែដល់ពេលវេលាជាក់ស្តែង ផ្លាស់ប្តូរ ៣៦០ដឺក្រេ ផ្លាស់ប្តូរតាមអារម្មណ៍គាត់ ចង់បាននេះ ចង់បាននោះ ចង់បានលក្ខណៈ ១នាទីហើយ ១ម៉ោងហើយ សួរថាពួកខ្ញុំចេះជបមែន? បុគ្គលិកខ្ញុំច្រើនខ្លាំងណាស់ ម្នាក់ៗដើរចង់ដួល ដើម្បីតែកម្មវិធីមួយហ្នឹង…”។

លោកស្រី អ៊ឹម សុគន្ធា បានបន្តថា “ថ្ងៃនេះ អ្នកទាំងអស់គ្នាមានបានឃើញផេកថៃ ផុសទេ? ឃើញគេផុសពីការចុះទូកទេ? ហ្នឹងគឺបញ្ហាចុះទូក គ្រាន់តែការរៀបចំចុះទូក ខ្ញុំនិយាយត្រង់ ពេលដែលគាត់រៀបកាលវិភាគចុះទូក ឱ្យខ្ញុំ ខ្ញុំអត់ដែលចង់ធ្វើទេ ខ្ញុំអត់ចង់ចុះទូកទេ ខ្ញុំនឹកឃើញថា ខែនេះ ខែភ្លៀង ទូកយើងក៏មិនសូវធំ ខ្ញុំខ្លាចប៉ះពាល់ដល់សុវត្ថិភាពបវរកញ្ញាជុំវិញពិភពលោក ខ្ញុំប្រកែកថា ខ្ញុំអត់ចង់ចុះទូកទេ អ្នកឯងទៅញ៉ាំអាហារនៅហាងណាផ្សេងៗទៅ រៀបចំកម្មវិធីនៅកន្លែងណាផ្សេងទៅ កុំចុះទូកអី ប៉ុន្តែគាត់នៅតែទាមទារចុះទូក។ ដូចរឿងទៅគុកទួលស្លែង មួយទៀត ខ្ញុំថាខ្ញុំអត់ចង់ទៅទេ គុកទួលស្លែង អ៊ីចឹងការចុះទូកហ្នឹង មានបញ្ហាត្រង់ថា ខ្ញុំរៀបចំអស់ហើយការចុះទូកហ្នឹង រៀបចំហើយ បុគ្គលិកខ្ញុំរៀបចំយ៉ាងទាន់ហន់ គឺយើងរៀបចំឱ្យគាត់អស់ហើយ ប៉ុន្តែគាត់ប្រាប់ថា គាត់ដូរវិញ គាត់ថាយើងយឺតយ៉ាវ យឺតពេលវេលា ទាំងដែលយើងខំប្រឹងរៀបចំធ្វើឱ្យលឿន តែបងប្អូនឃើញថា ល្ងាចមិញវាភ្លៀងទេ? គឺយើងរៀបចំហើយអស់ហើយ តែមេឃភ្លៀង ក៏គេរើចូលទៅវិញ ទាំងក្រណាត់ទាំងអី គេខ្លាច សើម ខ្លាចប្រឡាក់ ម្ហូបអីៗហ្នឹងយើងយកឡើងលើទូកអស់ហើយ តែដោយសារតែមេឃភ្លៀង អ៊ីចឹងយើងក៏រើទុកវិញ ដល់មេឃរាំង យើងក៏រៀបចំឡើងវិញម្តងទៀត ក៏យឺតពេលវេលា ហើយគាត់មកដល់មុន គាត់រកទូកអត់ឃើញមាន ហើយគាត់ក៏ទៅជិះទូកមួយទៀត គាត់ថាយើងរៀបចំអត់ទាន់…”។

លោកស្រី អ៊ឹម សុគន្ធា បានបបន្តថា “និយាយរួមទៅ មិនមែនថាខ្ញុំមិនបានរៀបចំខ្លួនជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះទេ តាមពិតខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ហើយក៏យើងព្រមព្រៀងគ្នាអស់ហើយដែរថា នឹងមានកម្មវិធីនេះ កម្មវិធីនោះ ប៉ុន្តែពេលខ្លះ ដោយសារតែមូលហេតុមេឃភ្លៀង បុណ្យភ្ជុំបិណ្ឌផង វាមានបញ្ហារាំងស្ទះជាមួយនឹងការងារផ្សេងៗបន្តិចបន្តួច ហេតុនេះគួរតែអនុគ្រោះឱ្យគ្នាទៅវិញទៅមក ព្រោះបើនិយាយពីបញ្ហាធំ គឺវាអត់មានអីធំទេ ប៉ុន្តែមកពីគាត់ មានអារម្មណ៍ថា គាត់មើលងាយ គាត់ធ្វើអីតាមតែចិត្តគាត់ គាត់ចង់ផ្លាស់ប្តូរគ្រប់ វិនាទីហ្មង។ និយាយរួម គឺគាត់ចង់ផ្លាស់ប្តូរ គាត់ប្តូរភ្លាមហ្មង ដូចថ្ងៃនេះ គាត់ចង់បាន ១-២ តែពេលគាត់ចង់បាន៥ គឺត្រូវតែបាន៥ ឱ្យគាត់ សួរថា តើពួកខ្ញុំទៅធ្វើអីទាន់ឱ្យគាត់? បុគ្គលិកខ្ញុំប្រឹងណាស់ រត់ច្រាសដៃច្រាសជើង ចង់ឆ្កួតអស់ហើយ ដើម្បីឱ្យទាន់តាមគេចង់បាន ខ្ញុំធ្វើអស់ពីលទ្ធភាពហើយ ខ្ញុំជួយសម្រួលទៅដល់ខាងអន្តោ ប្រ វេសន៍ ជួយសម្រួលទៅខាងប៉ាស្ព័រពួកគាត់ បុគ្គលិកខ្ញុំទៅគេងចាំនៅព្រលានយន្តហោះ អត់បានដេកពួន ជួយសម្រួលឯកសារគ្រប់មុខ ព្រោះដឹងស្រាប់ហើយ កម្មវិធីមួយៗ ធ្វើជាម្ចាស់ផ្ទះ មិនមែនធ្វើឯកសារងាយ ស្រួលទេ គឺពិបាកនៅក្នុងការធ្វើណាស់ តែព្យាយាមធ្វើឱ្យល្អ គាត់ចង់បានហ្វេនម្តង ៥០០នាក់ រយៈពេលតែប៉ុន្មានម៉ោងទេ ចង់បានហ្វេន ៥០០នាក់ បើអត់បាន ៥០០នាក់ទេ អត់ធ្វើកម្មវិធីទេ គំរាមសុទ្ធតែអ៊ីចឹង…”។

លោកស្រី អ៊ឹម សុគន្ធា បានបន្តទៀតថា “មានអ្នកខ្លះគាត់និយាយថា លុយដល់ កម្មវិធីល្អ លុយអត់ដល់ កម្មវិធីអត់ល្អ បងប្អូនត្រូវដឹង ការចំណាយ មុននឹងធ្វើកម្មវិធី យើងដឹងហើយថា ចំណាយប៉ុន្មានៗនោះ យើងនិយាយគ្នាហើយអស់ហើយ ចំណាយប៉ុណ្ណឹង យើងអូខេអត់? អ៊ីចឹងការចំណាយ យើងត្រូវតែមានកម្រិត មានផែនការត្រឹមត្រូវ មានលុយនៅក្នុងការចំណាយធ្វើកម្មវិធី មិនមែនអាងតែមានលុយ ចង់ចំណាយម៉េចក៏បានទេ មិនមែនអ៊ីចឹងទេ ទោះបីម្ចាស់កម្មវិធីហ្នឹង មានលុយវាល់លានដុល្លារទេ ត្រូវតែចាយលុយមានកម្រិត បើយើងនិយាយគ្នាប៉ុណ្ណឹង យើងចំណាយប៉ុណ្ណឹង មិនអីទេ ប៉ុន្តែនិយាយ៥ ធ្វើ១០ សួរថាតើខ្ញុំធ្វើឱ្យអត់? ខ្ញុំធ្វើទៅតាមលទ្ធភាពដែលខ្ញុំធ្វើបាន មិនមែនចេះតែចាយនោះទេ។ មុនដំបូងខ្ញុំមិនទាន់ហ៊ានសម្រេចចិត្តក្នុងការទិញកម្មវិធី Miss Grand International ទេ តែដោយសារខ្ញុំគិតថា រៀបកម្មវិធីនៅស្រុកខ្មែរ តែ៣វគ្គទេ ហើយវគ្គ៣ធំៗទៀត យើងត្រូវចំណាយលុយច្រើនណាស់ អ៊ីចឹង ៣វគ្គហ្នឹង ខ្ញុំគិតថា ខ្ញុំមានលុយនៅក្នុងខ្ទង់ចំណាយ ទោះបីអត់មានស្ពន់ស័រក៏ដោយ ក៏ខ្ញុំមានលុយនៅក្នុងការចំណាយដែរ ខ្ញុំក៏ជាម្ចាស់ក្រុមហ៊ុនមួយដែរ ហើយបើសិនជាអត់មានលុយនៅក្នុងការចំណាយ តើខ្ញុំហ៊ានទិញកម្មវិធីហ្នឹងមកទេ? ខ្ញុំច្បាស់ជាអត់ហ៊ានទិញកម្មវិធីហ្នឹងមកទេ ខ្ញុំទិញមកធ្វើអី? ទិញយកមកចងកខ្លួនឯងហ្នឹង? ប៉ុន្តែការចំណាយរបស់យើង គឺវាមានខ្ទង់ មិនមែនគេថា ខ្ញុំចង់ធ្វើអានេះ ៥ម៉ឺនដុល្លារ ដាក់៥ម៉ឺន ២ម៉ឺន ដាក់២ម៉ឺន ១០ម៉ឺន ដាក់១០ម៉ឺនទៅទេ ក៏ត្រូវមានការគិត មានការជជែកគ្នា មានការកែតម្រូវ និយាយគ្នា សម្របសម្រួលគ្នា ធ្វើឱ្យម៉េចឱ្យវាល្អ ឱ្យវារលូន។ និយាយទៅ ខ្ញុំទិញកម្មវិធីហ្នឹងមក ខ្ញុំអត់ទាន់បានអីផង អស់ជិត ១០ម៉ឺនដុល្លារហើយ នេះអត់ទាន់រៀបចំដល់ Final អីផង ហើយឆាកកោះពេជ្រ ចង់បានឆាក ឱក សុគន្ធកញ្ញា Solo ខាងនេះ ធ្វើឱ្យទៀត Set up ជិតហើយទៀត ចង់បាន Solo សួរថា កម្មវិធី Solo ឆាកឱក សុគន្ធកញ្ញា ហ្នឹង អស់តិចអត់? ខ្ញុំធ្វើឱ្យទៀត សាលកោះពេជ្រ ខ្ញុំធ្វើឱ្យទៀត គ្រាន់តែជួល សាលមក អស់ជិត២ម៉ឺនដុល្លារបាត់ហើយ គ្រាន់តែវគ្គ Swimming Suite ទេណា សួរថាខ្ញុំចាយលុយអត់? ចាយ មិនមែនអត់ចាយទេណា តែចុងក្រោយ បងប្អូនទាំងអស់គ្នាឃើញអត់? ក្រុមការងារខ្ញុំស្វះស្វែងជួយគ្រប់ជ្រុងជ្រោយទាំងអស់ តែចុងក្រោយ គេប្រើយើងដូចឆ្កែអ៊ីចឹង ខ្ញុំអាណិតកូនចៅខ្ញុំខ្លាំងណាស់ គេស្តីឱ្យមុខក្រោយ មុខគេមិនមើល គ្រាន់តែអ្នកកាសែត មកពីស្រុកគេសោះ ក៏មានសិទ្ធិមើលងាយក្រុមការងារខ្ញុំដែរ…”។

លោកស្រី អ៊ឹម សុគន្ធា បានបន្ថែមថា “សួរថា ខ្ញុំអត់បានកាន់កម្មវិធីហ្នឹង ខ្ញុំស្តាយមែន? ខ្ញុំអត់ស្តាយទេ កម្មវិធីហ្នឹង បើយើងធ្វើការជាមួយអ្នកដែលមិនយល់ពីតម្លៃយើង អត់យល់ពីទឹកចិត្តយើង អត់យល់ពីក្តីស្រលាញ់ អត់យល់ពីអ្វីដែលយើងព្យាយាមក្នុងការធ្វើឱ្យគាត់ សួរថាយើងបន្តជាមួយគ្នាម៉េចកើត? ខ្ញុំនៅសល់អាជ្ញាប័ណ្ណ ១ឆ្នាំទៀត បងប្អូន តែនិយាយទៅ ឱ្យខ្ញុំធ្វើតទៀតក៏ខ្ញុំអត់ធ្វើដែរ ខ្ញុំនិយាយត្រង់…”។

លោកស្រី អ៊ឹម សុគន្ធា បន្ថែមទៀតថា «ហេតុការណ៍នេះវាកើតឡើងភ្លាមៗ ទើបធ្វើឱ្យក្រុមការងារមានការខកចិត្ត និងស្ទើរទទួលយកពុំបានឡើយ។ ដើមឡើយ យើងបានព្យាមយាមជជែករកដំណោះស្រាយដែរ តែក្រោយមក ស្រាប់តែឃើញផេករបស់លោក MGI ប្រកាសបញ្ចប់កម្ពុជា ជាម្ចាស់ផ្ទះនៃកម្មវិធី Miss Grand International 2024 ជាមួយនឹងហេតុផលមិនអាចទទួលយកបាន…”។

លោកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់បន្ថែមថា «មកពីគេមើលងាយយើងខ្លាំងពេក ទើបទប់មិនជាប់ ក៏កើតមានរឿងនេះឡើង ព្រោះគាត់មើលងាយមកលើកម្ពុជា យើងខ្លាំងណាស់ ពោលគឺចាប់តាំងពីដំបូងមកម៉្លេះ។ សម្រាប់ក្រុមការងារអ្នករៀបចំ MGI 2024 នៅលើទឹកដីកម្ពុជា គឺម្នាក់ៗបានខិតខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្ត ទៅតាមការទាមទារគ្រប់ពេលរបស់ MGI បើទោះជាគេធ្វើឱ្យក្រុមការងារកម្ពុជា ពិបាកយ៉ាងណាក៏ដោយ»។

សូមបញ្ជាក់ថា ការបកស្រាយបំភ្លឺរបស់លោកស្រី អ៊ឹម សុគន្ធា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីទំព័រ Miss Grand International បានប្រកាសថា ដកសិទ្ធិជាម្ចាស់ផ្ទះពីកម្ពុជា ដោយបញ្ជាក់ថា កម្មវិធី Miss Grand International 2024 នឹងត្រឡប់ទៅរៀបចំកម្មវិធីនៅប្រទេសថៃវិញ ។

ខាងក្រោមនេះ ជាការចុះផ្សាយរបស់បណ្តាញព័ត៌មានថៃ «ថៃរ៉ាត់» ពាក់ព័ន្ធរឿងនេះ ៖

-នៅល្ងាចថ្ងៃទី០៦ ខែតុលា ទំព័រហ្វេសប៊ុក Miss Grand International បានបង្ហោះសារថា «នេះគឺដោយ សារតែម្ចាស់ផ្ទះ (កម្ពុជា) មិនអាចបំពេញតាមតម្រូវការ ដូចមានចែងក្នុងកិច្ចសន្យា  ពួកគេមិនអាចផ្តល់សេវា កម្មដែលស្របតាមស្តង់ដាររបស់ Miss Grand International (MGI) បានទេ។ ដូច្នេះសកម្មភាពផ្សេងៗ នឹងត្រលប់មករៀបចំនៅប្រទេសថៃ ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៤ តទៅ។

-ការរៀបចំប្រកួត Miss Grand International 2024 ដែលជាការប្រកួតលើកទី១២ នេះ គឺជាលើកទីមួយ ដែលមានប្រទេសម្ចាស់ផ្ទះ ចំនួនពីរ គឺកម្ពុជា និងថៃ ដោយការប្រមូលបេក្ខនារីកញ្ញាេក ចាប់ពីថ្ងៃទី៣-៦ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយការប្រកួតជុំសំខាន់ នឹងធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។

– ក្រោយមក នៅថ្ងៃដដែល (៦ តុលា) ទំព័រហ្វេសប៊ុក របស់ Miss Grand Cambodia បានបង្ហោះសារមួយបញ្ជាក់ថា យើងសោកស្តាយក្នុងការជូនដំណឹងដល់អ្នក។ Miss Grand Cambodia នឹងលែងធ្វើការជាមួយ Miss Grand International ទៀតហើយ ព្រោះ Miss Grand International មិនគោរពកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ហើយមិនសហការជាមួយយើង។

– អ្នកយកព័ត៌មានដែលបានធ្វើដំណើរទៅចូលរួមរាយការណ៍នៅពេលនេះ បានរាយការណ៍ពីបញ្ហាដែលបានកើតឡើងនៅល្ងាចថ្ងៃទី០៦ ខែតុលា នឹងមានអាហារពេលល្ងាច នៅលើទូកនៅលើទន្លេ ប៉ុន្តែពេលមកដល់កន្លែងណាត់ជួប ក្រុមកម្ពុជា និងទូកដែលនឹងប្រើសម្រាប់សកម្មភាពនោះ មិនត្រូវបានរកឃើញទេ។

– ក្រុមការងារថៃ ត្រូវដោះស្រាយភ្លាមៗ ដោយស្វែងរកទូកសម្រាប់ឲ្យកញ្ញាឯកឡើងជិះ ដើម្បីធ្វើសកម្មភាពទៅតាមផែនការ។

– បន្ទាប់ពីឡើងទូក ក្រុមការងារថៃ បានរៀបចំអាហារពេលល្ងាចជូនដល់កញ្ញាឯក និងបុគ្គលិកទាំងអស់ ដោយទៅញ៉ាំអាហារពេលល្ងាច នៅភោជនីយដ្ឋានជប៉ុន។

-បន្ទាប់មក ក្រុមថៃ និងក្រុមកម្ពុជា បានមកជជែកគ្នា ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង មុនពេលលោកណាក់វ៉ាត់ ទៅនិយាយផ្ទាល់។

-យប់ថ្ងៃទី៦ តុលា ណាវ៉ាត់ ថានឹងនាំកញ្ញាឯក ទៅថៃ វិញ ដោយសារតែខ្ញុំមិនអាចគ្រប់គ្រងរបៀបធ្វើការរបស់ក្រុមកម្ពុជា ដែលគ្មានគុណភាព។ អ្វីៗនឹងត្រលប់មកចាប់ផ្តើមនៅប្រទេសថៃ វិញ ហើយទទួលស្គាល់ថា មានភាពតានតឹងខ្លាំង។

-លោកណាក់វ៉ាត់  បញ្ជាក់ថា «ខ្ញុំមិនចង់និយាយច្រើនទេ។ សុំចាកចេញពីប្រទេសនេះជាមុនសិន ព្រោះមានអ្នកមកជាមួយមើលទៅមិនគួរឲ្យទុកចិត្ត។ ខ្ញុំចង់និយាយអ្វីគ្រប់យ៉ាង បន្ទាប់ពីត្រឡប់មកប្រទេសថៃ វិញ។ ពួកគេនឹងត្រឡប់មកវិញ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដោយហោះហើរនៅម៉ោង ៩ព្រឹក។

– ណាក់វ៉ាត់ បន្តធា ព្រឹត្តិការណ៏ដ៏រន្ធត់មួយបានកើតឡើង អំឡុងពេលសន្ទនារបស់ពួកគេ នៅចំពោះមុខមនុស្សជាច្រើន ហើយថាគាត់មានអារម្មណ៍ថាត្រូវបានគេគំរាមកំហែងនិងការគាបសង្កត់ ហើយថែមទាំងត្រូវបានបុគ្គលិកម្នាក់ចង្អុលមុខទៀតផង។

– ណាក់វ៉ាត់ ប្រាប់ពីបញ្ហាដែលគាត់ជួបប្រទះ ដែលក្រុមកម្ពុជា មិនលើកទូរស័ព្ទ មិនរាយការណ៍ពីវឌ្ឍនភាព ការងារគ្មានវិជ្ជាជីវៈ។

– ថេរេសា ឆ័យវុស៊ុត (អនុប្រធានកម្មវិធីប្រកួត) ដែលជាស្ថាប័នគ្រប់គ្រង Miss Grand International Public Company Limited បាននិយាយថា «ខ្ញុំមិនដែលជួបប្រទះរឿងបែបនេះពីមុនមកទេ។ ខ្ញុំបានធ្វើ Miss Grand អស់រយៈពេល ១២ឆ្នាំមកហើយ ថ្ងៃនេះជាចំណុចទាបបំផុតក្នុងជីវិតការងាររបស់ខ្ញុំ ដោយសារតែភាគីម្ខាងទៀតបង្ហាញពីការឈ្លានពានក្នុងការងាររបស់ពួកគេ ហើយបុគ្គលិកជាច្រើននាក់ ស្ទើរតែរងការវាយដំលើរាងកាយ ពេលកំពុងនិយាយ។

– ពេលនោះ ណាក់វ៉ាត់ បន្តទៀតថា អំពីអាហារពេលល្ងាច នៅលើទូក ពេលទៅដល់កន្លែងកំណត់ អត់មានទូក គ្មាននាវិក ហើយពេលសួរថា ទូកទៅណា? ក្រុមកម្ពុជា បាននិយាយថា ទូកនោះនៅកណ្តាលទន្លេ។ ក្រុមការងារ និងកញ្ញាឯក នឹងអាចញ៉ាំអាហារនៅភោជនីយដ្ឋានដោយមិនចាំបាច់ជិះទូក។

– ណាក់វ៉ាត់ បញ្ជាក់យ៉ាងច្បាស់ថា រឿងដែលបានកើតឡើង គឺជារឿងរបស់អ្នករៀបចំតែប៉ុណ្ណោះ វាមិនពាក់ព័ន្ធ ឬរួមបញ្ចូលប្រទេសកម្ពុជា តាមវិធីណាមួយឡើយ។

– ខណៈណាក់វ៉ាត់កំពុងផ្សាយផ្ទាល់ ដើម្បីពន្យល់ ក្រុមការងារកម្ពុជា ក៏បានធ្វើការបកស្រាយផ្ទាល់ផងដែរ។

– នៅព្រឹកថ្ងៃទី០៧ តុលា ណាក់វ៉ាត់ ហោះត្រឡប់ទៅប្រទេសថៃ វិញ ត្រៀមទៅធ្វើការនៅប្រទេសថៃ វិញ ដោយចាប់ផ្តើមជាថ្មីឡើងវិញ។

– ថ្មីៗនេះក្រុមកញ្ញាឯក ជាង១០០នាក់ និងក្រុម MGI ត្រៀមចេញដំណើរពីសណ្ឋាគារ ដើម្បីត្រឡប់ទៅប្រទេសថៃ ដោយខាងថៃ ត្រូវរកឡានជូនដំណើរ និងសម្របសម្រួលជាមួយស្ថានទូតថៃ ដើម្បីជួយផ្តល់ការការពារសន្តិសុខ…៕

RELATED ARTICLES