ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណាច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានស្រាវជ្រាវរកឃើញផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេ នៅភ្នំកងវ៉ា ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ថ្មីៗនេះ។
បន្ទាប់ពីទទួលបានព័ត៌មាន និងការសហការពីថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ក្រុម ការងារបានចុះទៅពិនិត្យនៅក្នុងរណ្តៅដីមួយកន្លែង នៅទីតាំងជើងភ្នំកងវ៉ា ឃើញថាមានវត្កមាននៃផូស៊ីលដើមឈើ មួយចំនួន។ ក្រោយពីចុះសិក្សាពិនិត្យទីតាំងដោយផ្ទាល់ ស្រទាប់ដី ឬថ្មដែលបានរកឃើញផូស៊ីលឈើ នោះក៏មានទំនាក់ទំនងជាមួយពពួកផូស៊ីលសត្វសមុទ្រ ក្នុងតំបន់នោះផងដែរ។
លោកលឹម វណ្ណាច័ន្ទ បានបញ្ជាក់ថា តាមរយៈការសិក្សាប្រៀបធៀបនេះ ផូស៊ីលឈើទាំងនោះ អាចស្ថិតនៅលើកោះ ឬដីគោក ក្នុងពេលមួយ គឺក្នុងសម័យកាល Permian ដែលមានអាយុចន្លោះពី២៥០ ទៅ៣០០លានឆ្នាំ ក្នុងស័ក Paleozoic។ អ្នកជំនាញបានបញ្ជាក់ថា នេះជា ផូស៊ីលឈើចាស់ជាងគេ ដែលក្រុមការងារសិក្សាផូស៊ីល បានរកឃើញកន្លងមក នៅតាមតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា។
លោកខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ការសិក្សាស្រាវជ្រាវផូស៊ីល នៅក្នុងខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមពីឆ្នាំ២០១៩កន្លងមក។ នៅខេត្តបន្ទាយមានជ័យ អ្នកស្រាវជ្រាវ បានរកឃើញស្ថានីយផូស៊ីល ចំនួន១២ស្ថានីយ ដែលបានរកឃើញ វត្តមានផូស៊ីលសត្វសមុទ្រ ខ្យង ផ្កាថ្ម លាស… ក្នុងសម័យកាល Permian (២៥២- ២៩៩លានឆ្នាំ)។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការសិក្សាកន្លងមកនៅទីរួមខេត្តបន្ទាយមានជ័យ បានធ្វើឡើង នៅតំបន់បេតិភណ្ឌធម្មជាតិភ្នំបាក់ ភ្នំជញ្ជាំង ភ្នំស្វាយ ភ្នំកងវ៉ា ភ្នំខ្លាកូន (ដូងព្រះ) ដែលទាំងអស់នោះជាស្ថានីយផូស៊ីលសត្វសមុទ្រ ដែលធំជាងគេនៅកម្ពុជាផងដែរ ហើយនៅទីនោះ ក៏មានវត្តមានបំណែកផុស៊ីលឈើតិចតួចផងដែរ។
សូមបញ្ជាក់ថា ផូស៊ីលឈើ ត្រូវបានរកឃើញចំនួន១៤កន្លែង រួចមកហើយ នៅកម្ពុជា នៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ កោះកុង និងបន្ទាយមានជ័យ៕