ភ្នំពេញ ៖ បុរសម្នាក់ បានទាក់ទងហៅជាងឱ្យមកជួសជុលបន្ទប់ទឹករបស់ខ្លួន តែដោយចរចាតម្លៃគ្នាមិនត្រូវ ទើបរកជាងផ្សេង មកធ្វើ ស្រាប់តែក្រោយមក ជនសង្ស័យបែកគំនិតគាស់បន្ទប់ លួចម៉ូតូរបស់ជនរងគ្រោះ តែគាប់ជួនម៉ូតូរបស់ជនរងគ្រោះ មានភ្ជាប់ប្រព័ន្ធតាមដាន GPS ទើបម្ចាស់ម៉ូតូឆែកឃើញទីតាំង និងប្តឹងសមត្ថកិច្ចចុះចាប់វាយខ្នោះបានភ្លាមៗ។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវ២៥៣ កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះឡេង ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលបន្ទប់ទឹក និងប្រព័ន្ធលូ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN-2420។
តាមសម្តីជនរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនថ្ងៃភ្ជុំបិណ្ឌ ប្រហែលជា៣ថ្ងៃ បន្ទប់ទឹករបស់គាត់ បានស្ទះ ហើយម្ចាស់ផ្ទះជួល បានឱ្យគាត់ហៅជាងមកជួសជុល។ ពេលនោះគាត់បានទាក់ទងហៅជនសង្ស័យខាងលើ មកមើល ហើយវាយតម្លៃថ្លៃជួសជុល ប៉ុន្តែ ដោយចរចាតម្លៃគ្នាមិនត្រូវ ទើបម្ចាស់ផ្ទះជួល ហៅជាងផ្សេងឱ្យមកធ្វើវិញ។
ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ស្រាប់តែជនសង្ស័យខាងលើ បានលួចគាស់បន្ទប់ជួលរបស់គាត់ រួចលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN- 2420 ជិះចេញពីបន្ទប់ជួលនៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បម្រុងយកទៅលក់នៅម្តុំឃ្លាំងរំសេវ តែត្រូវបានរូបគាត់ជាម្ចាស់ម៉ូតូ ឆែកតាមប្រព័ន្ធ GPS ឃើញ នៅផ្លូវ២៥៣កែងផ្លូវ១៨៦ ក៏ប្តឹងសមត្ថ កិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕