តារាចម្រៀងស្រីឈានមុខគេ របស់សាន់ដេ កញ្ញាសុខ ពិសី បានលេចមុខលើឆាកតន្ដ្រី ”Ganzberg User Valentine ‘s Festival” នៅកោះពេជ្រ កាលពីរាត្រីថ្ងៃទី១៤ ខែកុម្ភៈ ដោយមានអ្នកគាំទ្រជាច្រើនបានទៅគាំទ្រហ៊ោកញ្ជ្រៀវ ពេលតារាសាច់សខ្ចីរបស់សាន់ដេ រូបនេះ ឡើងឆាកតន្ដ្រី។ ប៉ុន្ដែសំឡេងកងរំពងហាក់ប្រែជាស្ងាត់បន្តិចវិញ នៅពេលដែលសុខ ពិសី ច្រៀងបទ ”ក្រៅពីបងមានអ្នកណាស្រលាញ់អូន” នោះ ព្រោះតែពិសីបានសម្រក់ទឹកភ្នែកហូរលើថ្ពាល់ស្រស់ៗតែម្ដង។
ទស្សនាជាច្រើនបាននិយាយថា មើលទៅសុខ ពិសី ប្រាកដជាត្រូវនឹងសាច់រឿងពិតខ្លួនឯងហើយមើលទៅ បានជាទប់ទឹកភ្នែកមិនជាប់ចំពេលថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(Valentine’s day)បែបនេះ?
ក្នុងជំនួបផ្ទាល់ សុខពិសីបានថ្លែងថា”សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រលាញ់ហ្នឹងខ្ញុំទទួលបានជាកាដូបាច់ផ្កាជាការស្រលាញ់ផ្ដល់ស្នាមញញឹមឲ្យនាងខ្ញុំគឺអារម្មណ៍ខ្ញុំរំភើបហើយសប្បាយចិត្ត។តែការស្រលាញ់ គឺមានរាល់ថ្ងៃហ្នឹង គឺខ្ញុំមានទាំង Fan និងអ្នកស្រលាញ់ចូលចិត្តខ្ញុំ ហើយអ្នកស្រលាញ់ជាលក្ខណៈស្នេហា គឺចេះតែមានហើយ តែខ្ញុំទទួលជាលក្ខណៈមិត្តភាពវិញ។ ចំពោះការស្រក់ទឹកភ្នែកនេះវិញ គឺខ្ញុំចូលអារម្មណ៍លើបទចម្រៀង ”ក្រៅពីបង មានអ្នកណាស្រលាញ់អូន” ហ្នឹង មិនមែនជារឿងពិតរបស់ខ្ញុំទេ គ្រាន់តែជាអត្ថន័យនៃបទចម្រៀងប៉ុណ្ណោះ…”៕