ភ្នំពេញ ៖ ទារកម្នាក់ ទើបនឹងកើតបានប្រមាណ ២ទៅ៣ថ្ងៃ ត្រូវបានឪពុកម្តាយយកមកប្លុងចោលនៅក្បែរចេតិយ ក្នុងវត្តមួយកន្លែង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រើសមកចិញ្ចឹម ។
ករណីប្រទះឃើញទារកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្បែរចេតិយមួយកន្លែង ក្នុងបរិវេណវត្តតាំងកសាងខាងត្បូង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ទារកនោះទើបនឹងកើតបានរយៈពេលប្រហែល២ទៅ៣ថ្ងៃប៉ុណ្ណោះ ហើយមុខមាត់ស្អាតគួរឱ្យស្រលាញ់ណាស់ ប៉ុន្តែពុំដឹងថាឪពុកម្តាយទារកនោះជានរណា និងមានមូលហេតុអ្វី ឬក៏រឿងនោះអ្វីទេ ទើបបានជាដាច់ចិត្តយកកូនមកប្លុងចោលបែបនេះ។ ប៉ុន្តែបើតាមអ្វីដែលកើតឡើងបែបនេះ កន្លងមកនោះ គឺភាគច្រើនផ្តើមចេញឪពុកម្តាយពុំមែនជាប្តីប្រពន្ធស្របច្បាប់ គឺគ្រាន់តែជាសង្សារលួចលាក់។ លុះពេលជ្រុលជ្រួសខុសគន្លងប្រពៃណី រហូតមានផ្ទៃពោះ ហើយខាងប្រុសដោះដៃ មិនទទួលខុសត្រូវ ឯខាងស្រី គ្មានលទ្ធភាពចិញ្ចឹមកូន និងខ្លាចខ្មាសគេផង ទើបពេលកូនកើតមក សម្រេចចិត្តយកទៅបោះចោល ដោយគ្មានការទទួលខុសត្រូវបែបនេះតែម្តង។
ប្រភពដដែល បន្តថា ពុំមាននរណាបានឃើញឬដឹងថា ទារកនេះ ត្រូវបានយកមកប្លុងចោលនៅក្នុងវត្តខាងលើ តាំងពីពេលណាមកនោះទេ ប៉ុន្តែនៅវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋដើរលេងនៅក្នុងវត្ត ប្រទះឃើញទារក នេះ ត្រូវបានរុំខ្លួនដោយកន្សែងពោះគោពណ៌ក្រហម ត្រូវបានប្លុងចោលក្បែរចេតិយ ក៏រើសយកមកចិញ្ចឹមតែម្តង៕