Saturday, November 23, 2024
Homeនយោបាយប្រមុខរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម លើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ប្រមុខរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម លើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀងចន្ទន៍ (ឡាវ) ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញពិសាអាហារពេលព្រឹកការងារ ជាមួយលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងឱកាសនៃជំនួប លោកនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដល់សម្តេចហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធ ព្រមទាំងកិច្ចប្រជុំពិសារអាហារពេលព្រឹកការងារ នាពេលនេះ។ ការណ៍នេះ បានឆ្លុះបញ្ចាំងអំពីការបន្តថែរក្សាមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានអបអរសាទរប្រទេសកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្រោមការដឹកនាំរបស់សម្ដេចហ៊ុន ម៉ាណែត រយៈពេលជាង១ឆ្នាំកន្លងមកនេះ និងអបអរសាទរកម្ពុជា ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ខាងមុខនេះ។

ប្រមុខរដ្ឋាភិបាល ទាំងបី បានចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន និងគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យលើគ្រប់វិស័យ រួមមាន ៖ វិស័យសេដ្ឋកិច្ចនិងវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និងសន្ដិ សុខ ព្រមទាំងការអប់រំនិងបណ្ដុះបណ្ដាល ជាដើម។ នាយករដ្ឋមន្ត្រី ទាំងបី ក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់មួយចំនួន រួមទាំងដំណើរការកសាងសហគមន៍អាស៊ាន៕ ខៀវទុំ

RELATED ARTICLES