វៀងចន្ទន៍ (ឡាវ) ៖ អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានអះអាងថា ធនា គារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ការអះអាងបែបនេះ ធ្វើឡើងនៅកាលពីល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកស្រី ម៉ានុយអែលឡា វី ហ្វេររ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ត្រូវបានសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរ សមនិងពិភាក្សាការងារ នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនៃជំនួបនោះ លោកស្រីអនុប្រធានធនាគារពិភពលោក បានសម្ដែងនូវការអបអរសាទរចំពោះរាជ រដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាគោលនយោបាយគន្លឹះនៃការបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់សម្រេចបានចក្ខុវិស័យវែងឆ្ងាយ។ លោកស្រី ក៏បានគោរពជម្រាបជូនសម្ដេចហ៊ុន ម៉ាណែត ថា ធនាគារពិភពលោក គ្រោងនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៩ (CPF 2025-2029) នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា នាពេលអនាគត។ នៅចំពោះមុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់និងពិភពលោក, លោកស្រីបានលើកឡើងថា បណ្ដាប្រទេសនៅក្នុងតំបន់ គួរតែពង្រឹងនូវឯករាជ្យភាពរបស់ខ្លួន ដោយត្រូវកំណត់ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាពនិងភាពធន់។ ជាមួយគ្នានោះ លោកស្រី ក៏បានគោរពជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ថាធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។
ជាការឆ្លើយតប សម្ដេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីកម្មវិធីនយោបាយជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិ បាលកម្ពុជា ដែលរួមមានដូចជា ៖ ការអភិវឌ្ឍមូលធនមនុស្ស, ការពង្រឹងគុណភាពនៃសេវាសុខាភិបាល និងការផ្ដោតយកចិត្តទុកដាក់លើការងារអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជាដើម ដែលទាំងនេះជាអាទិភាពចម្បងក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជាបាននិងកំពុងសិក្សាអំពីអភិក្រមនៃការពិនិត្យតាមដានថា តើមានយុវជនកម្ពុជា ប៉ុន្ មានភាគរយដែលគួរបន្តការសិក្សានៅកម្រិតចំណេះដឹងទូទៅ និងថ្នាក់ឧត្តមសិក្សា ហើយមានយុវជនប៉ុន្មានភាគរយ ដែលគួរសិក្សាជំនាញវិជ្ជាជីវៈ ដោយសម្ដេច បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ សម្ដេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់ផងដែរថា កម្ពុជា បាននិងកំពុងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន បានដាក់ចេញកម្មវិធីនៃការកែទម្រង់ស៊ីជម្រៅ និងបានពង្រឹងវិស័យអាទិភាពនានា ឱ្យកាន់តែល្អប្រសើរ ដើម្បីឱ្យក្លាយជាចន្ទល់ដែលមានភាពរឹងមាំ ក្នុងការទ្រងទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕ ខៀវទុំ